33 C
Phnom Penh

ពលរដ្ឋ​រងគ្រោះ​១៣១​គ្រួសារ​ខេត្ត​ព្រះវិហារ​ដង្ហោយ​សុំ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​រឿង​ដីធ្លី​ដែល​អាជ្ញាធរ​គំរាម​បណ្តេញ​ចេញ​និង​ចាប់​ដាក់​គុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​រងគ្រោះ ១៣១​គ្រួសារ​ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ស្រែក​អង្វរ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​រឿង​ដីធ្លី​របស់​ពួក​គាត់​ដែល​អាជ្ញាធរ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាម​បណ្តេញ​ពួកគាត់​ចេញពី​លំនៅឋាន ព្រមទាំង​ព្រមាន​ចាប់​ដាក់​គុក​ថែម​ទៀត ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​រើ​ចេញ​ទេ​នោះ។

ប្រជាពលរដ្ឋ​ទាំង​ជាង ១០០​គ្រួសារ​ខាងលើ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ប្រកាស​ថា ដី​ដែល​ពួកគាត់​បាន​តាំង​ទីលំនៅ​តាំងពី​ឆ្នាំ​២០១២ មក​នោះ​ដែល​មាន​ទំហំ ៦៤៩​ហិកតារ និង ៤១​អា មិន​ត្រូវ​បាន​កាត់​ឆ្វៀល​ពី​ដី​សម្បទាន​របស់​ក្រុមហ៊ុន សីលាដាម៉ិច ដើម្បី​បែងចែក​ឱ្យ​ពលរដ្ឋ​ទាំង ១៣១​គ្រួសារ​នេះ​ឡើយ។

ប្រភព​ដដែល​អះអាង​ថា កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ អភិបាល​ស្រុក​គូលែន ក៏​បាន​ព្រមាន​ប្រជាពលរដ្ឋ​ឱ្យ​ចេញ​ពី​ដី​នោះ​ដាច់ខាត បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​បញ្ជា​កម្លាំង​សមត្ថកិច្ច​ឱ្យ​ចាប់​ពួកគេ​ដាក់​គុក​ដោយ​គ្មាន​ការ​លើកលែង​ឡើយ។

ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៣១​គ្រួសារ បញ្ជាក់​ថា បើ​មិន​មាន​ការ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ទេ នោះ​ដី​របស់​ពួកគេ​ទាំង ៦៤៩​ហិកតារ និង ៤១​អា នៅ​ភូមិ​ក្ដាក់ ឃុំ​ត្បែងពីរ និង​ភូមិ​ម្រេច ភូមិ​ស្រយ៉ង់ត្បូង ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ច្បាស់​ជា​ត្រូវ​រឹបអូស​ដោយ​សំណាក់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ជាមិនខាន ហើយ​ពួកគេ​ក៏​មិន​ដឹង​ថា​ទៅ​តាំង​ទីលំនៅ​កន្លែង​ណា​ទៀត​ដែរ។

ការ​អង្វរ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​រឿង​ដីធ្លី​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​ទាំងនោះ បើ​ពួកគេ​មិន​ព្រម​ចាកចេញ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ទេ​នោះ។

កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ អភិបាល​ស្រុក​គូលែន លោក ប៉ែន ជឹង បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ ដោយ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ ដោយ​ចោទ​ថា ពួកគេ​ចូល​ទន្ទ្រាន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សីលាដាម៉ិច ខូអ៊ូលធីឌី ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៦​ពាន់​ហិកតារ (៦៣៧៨​ហិកតារ និង ៤៦​អា) ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប្រសិនបើ​ពួកគេ​មិន​រើ​លំនៅឋាន​ចេញ​ឱ្យ​បាន​មុន​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ទេ​នោះ។

លោក ប៉ែន ជឹង បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​ជាង ១០០​គ្រួសារ (១៣១​គ្រួសារ) ដែល​កំពុង​ប្រើប្រាស់​ដី និង​អាស្រ័យ​ផល​ដាំដុះ​ដំណាំ ដូចជា ដំឡូង ពោត ស្រូវ យ៉ាង​អនាធិបតេយ្យ​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សីលាជាម៉ិច ដែល​មាន​ទំហំ​ជាង ៦​ពាន់​ហិកតារ (៦៣៧៨,៤៦​ហិកតារ) សព្វថ្ងៃ​នេះ គឺជា​ទង្វើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ។

ចាប់តាំងពី​ដើម​ឆ្នាំ​២០២២ មក ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ និង​កាន់កាប់​ដី​ដែល​ខ្លួន​អាស្រ័យ​ផល​ជាក់ស្តែង​ខាងលើ​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ជា​បន្តបន្ទាប់ ក្រោម​លេស​ថា​ប្រជាពលរដ្ឋ​ទាំងនោះ​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​របស់​ក្រុមហ៊ុន សីលាដាម៉ិច ដោយ​ខុស​ច្បាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ទាំង ១៣១​គ្រួសារ និង​មាន​ដី​សរុប ៦៤៩​ហិកតារ និង ៤១​អា នៅ​ភូមិ​ក្ដាក់ ឃុំ​ត្បែងពីរ និង​ភូមិ​ម្រេច ភូមិ​ស្រយ៉ង់ត្បូង ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​រដ្ឋសភា​កម្ពុជា ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជា​បន្តបន្ទាប់ ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​ទាំងនេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត​ព្រះវិហារ ដោះស្រាយ​ជូន​ពួកគេ។ ជាង​នេះ​ទៀត សំណើ​ទាំងនោះ​ក៏​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​កាត់​ឆ្វៀល​ដី​ដែល​មាន​ទំហំ ៦៤៩​ហិកតារ និង ៤១​អា ដែល​ពួកគាត់​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មក​ហើយ ព្រោះ​ថា​គ្រួសារ​ខ្លះ​បាន​កាន់កាប់​ដី​នេះ​តាំងពី​ឆ្នាំ​១៩៧៩ មក ចំណែក​ខ្លះ​ទៀត​ក៏​បាន​កាន់កាប់​ដី​នេះ​តាំងពី​ឆ្នាំ​២០១២ មក​ដែរ គឺ​មុន​ពេល​ក្រុមហ៊ុន សីលាដាម៉ិច ទទួល​បាន​ដី​សម្បទាន​នៅ​តំបន់​នេះ​ទៅ​ទៀត។

ខ្លឹមសារ​ក្នុង​ញត្តិ​ទាំងនោះ​បាន​រៀបរាប់​ថា នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២២ កម្លាំង​អាជ្ញាធរ​ចម្រុះ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​ព្រះវិហារ លោក អ៊ុង វុទ្ធី បាន​បញ្ជា​កម្លាំង និង​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​អស់​ប្រហែល ៦០​ខ្នង និង​ផល​ដំណាំ​ប្រហែល ៤៥០​ហិកតារ អស់​គ្មាន​សល់ ហើយ​បាន​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅ និង​បាន​គំរាម​ប្តឹង និង​ចាប់​ពលរដ្ឋ​ដាក់​គុក​ថែម​ទៀត។

បន្ទាប់ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៣១​គ្រួសារ ដាក់​សុំ​អន្តរាគមន៍​ពី​ក្រសួង​ស្ថាប័ន​កំពូលៗ នៅ​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អភិបាល​ខេត្ត​ព្រះវិហារ ឱ្យ​ពិនិត្យ និង​ដោះស្រាយ​លើ​ករណី​នេះ​ដែរ ប៉ុន្តែ​រហូត​ដល់​ពេលនេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ មិន​បាន​ដោះស្រាយ​វិវាទ​នេះ​ជូន​ប្រជាពលរដ្ឋ​ទាំង ១៣១​គ្រួសារ​នេះ​ទេ គឺ​មាន​តែ​ព្រមាន​បណ្តេញ​ចេញពី​លំនៅឋាន និង​គំរាម​ចាប់​ពួកគេ​ដាក់​គុក​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ រដ្ឋបាល​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ទាំង ១៣១​គ្រួសារ មាន​លោក ហួន ប៊ុនឈឿន លោក តូ បោន លោក ឃ្លាក លាំ និង​លោក លូត សាឡា ជាដើម ដោយ​ណែនាំ​ឱ្យ​ពួកគេ​ចាកចេញ​ពី​ដី​នោះ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ រដ្ឋបាល​ស្រុក​គូលែន នឹង​អនុវត្ត​វិធានការ​ច្បាប់​បណ្តេញ​ពួកគេ​ចេញពី​ទីតាំង​ដី​នោះ​ឱ្យខាងតែ​បាន។

ទាក់ទិន​នឹង​ការ​រំលោភ​ដីធ្លី និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នេះ ក៏​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​មួយ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​តាមដាន ដើម្បី​ប្រមូល​ធ្វើ​ជា​របាយការណ៍​ដាក់​ជូន​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ពិនិត្យ​លើ​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​តាម​យន្តការ​ពិនិត្យ​ឡើងវិញ UPR នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស