31 C
Phnom Penh

អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​រាប់​សិប​នាក់​ប្រមូលផ្ដុំ​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ដើម្បី​លើក​ទឹកចិត្ត​កញ្ញា ឈឹម ស៊ីថរ ក្នុង​ថ្ងៃ​ខួប​១​ឆ្នាំ​នៃ​ការ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​បុគ្គលិក​ណាហ្គា​វើលដ៍ និង​សហជីព​រាប់​សិប​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ឬ​ពន្ធនាគារ​ព្រៃស ដើម្បី​លើក​ទឹកចិត្ត​ដល់​កញ្ញា ឈឹម ស៊ីថរ ក្នុង​ថ្ងៃ​ខួបកំណើត​របស់​កញ្ញា​ផង និង​ខួប ១​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​លើក​ទី​២ ទាំង​អយុត្តិធម៌​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ។

អតីត​បុគ្គលិក​ណាហ្គា​វើលដ៍ និង​សហជីព​ប្រមាណ​ជា ៥០​នាក់ នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ប្រមូលផ្ដុំ​គ្នា​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ឬ​ពន្ធនាគារ​ព្រៃស ដោយ​ការ​ថ្លែង​សារ និង​បង្ហោះ​ប៉េងប៉ោង ជាដើម ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ ដោយសារតែ​កញ្ញា ឈឹម ស៊ីថរ គ្រាន់តែ​ជា​អ្នក​ការពារ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​ពី​ការ​រំលោភ​បំពាន​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ប៉ុណ្ណោះ។

ក្រុម​អតីត​បុគ្គលិក​ណាហ្គា​វើលដ៍ និង​សហជីព​ខាងលើ លើកឡើង​ថា ការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ គឺជា​ចំណែក​ដ៏​ធំ​មួយ​ក្នុង​ការ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ ព្រោះ​ថា​កន្លង​មក មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ តែងតែ​រិះគន់​កម្ពុជា​ជុំវិញ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់ ជាពិសេស​ក្រោយពី​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​មិន​សម​ហេតុផល​នោះ។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លើកឡើង​ក្នុង​ការ​ប្រមូលផ្ដុំ​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​ពិចារណា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​ថា​ការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ គឺ​ស្មើ​នឹង​កែប្រែ​មុខមាត់​របស់​កម្ពុជា​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​លើ​ឆាក​អន្តរជាតិ។

លោក វន់ ពៅ អះអាង​ថា ប្រសិនបើ​គ្មាន​ការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ទេ សហជីព​ទាំងអស់​គ្មាន​ការ​ជឿជាក់​លើ​រដ្ឋាភិបាល​ថ្មី​នេះ​ថា​នឹង​អាច​បើក​លំហ​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព​ឡើយ។

ចំណែក​ប្រធាន​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេព ផល្លីន លើកឡើង​ថា ក្រុម​សហជីព​ទាំងអស់​ដែល​រង​នូវ​ភាព​អយុត្តិធម៌ មិន​ដឹង​ថា​ត្រូវ​ជួប​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​តាម​វិធី​ណា​ទេ ដើម្បី​ស្នើសុំ​ឱ្យ​គាត់​ជួយ​រក​យុត្តិធម៌​ដល់​សហជីព និង​កម្មករ​និយោជិត​ដែល​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​សព្វថ្ងៃ​នេះ។

អ្នកស្រី អ៊ូ ទេព ផល្លីន លើកឡើង​ថា លោក ហ៊ុន ម៉ាណែត គួរតែ​មក​ជួយ​កម្មករ​ដែល​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ដោយ​ខ្លួនឯង​ថា កម្មករ​ទាំងនេះ​ពិត​ជា​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​ដូច​គេ​បាន​ចោទប្រកាន់ ឬ​ពួកគេ​ធ្វើ​កូដកម្ម​ដើម្បី​តែ​យុត្តិធម៌។

កញ្ញា ឈឹម ស៊ីថរ គឺជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​តស៊ូ​ការពារ​សិទ្ធិ​កម្មករ​រាប់​ពាន់​នាក់​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប៉ុន្តែ​កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យ៉ាង​ហិង្សា​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ អំឡុង​ពេល​កញ្ញា​ព្យាយាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​ក្រុម​កូដករ​ផ្សេង​ទៀត និង​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល ២​ខែ ប៉ុន្តែ​កញ្ញា​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​កាលពី​ខែ​មីនា ឆ្នាំ​២០២២ កន្លង​ទៅ។

ក្រោយ​មាន​សេរីភាព​ឡើងវិញ នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ កញ្ញា ឈឹម ស៊ីថរ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ចូលរួម​មហាសន្និបាត​ពិភពលោក​នៃ​សហភាព​សហជីព​អន្តរជាតិ (ITUC) នៅ​ទីក្រុង Melbourne ក្នុង​ភាព​ជា​តំណាង​ឱ្យ​ផល​ប្រយោជន៍​របស់​កម្មករ​កម្ពុជា ដែល​កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ជុំវិញ​ការ​រំលោភ​សិទ្ធិ​ការងារ​នោះ។

យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កញ្ញា​ត្រូវ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជា​លើក​ទី​២ ក្រោយពី​វិលត្រឡប់​ពី​ប្រទេស​អូស្ត្រាលី តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ហេតុផល​ថា កញ្ញា​បាន​ចាកចេញ​ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ដែល​អំពើ​នេះ​គឺ​បាន​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​លើកឡើង​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ចំពោះ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​តុលាការ​មិន​បាន​ប្រាប់​សាមីខ្លួន និង​មេធាវី​ឲ្យ​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​តំណាង​កម្មករ​រូប​នេះ ដោយ​ពួកគេ​សង្កេត​ឃើញ​ថា តុលាការ​បាន​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម​កូដករ និង​មេដឹកនាំ​សហជីព ជាជាង​ការ​ធានា​ឱ្យ​បាន​នូវ​អព្យាក្រឹតភាព​របស់​ខ្លួន ស្រប​ពេល​ដែល​មតិ​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​បាន​លម្អៀង​ទៅ​រក​និន្នាការ​នយោបាយ​របស់​បក្ស​កាន់​អំណាច និង​ភាគី​ខាង​ក្រុមហ៊ុន​រហូត​មក។

ទាក់ទិន​នឹង​សកម្មភាព​ការពារ​សិទ្ធិ​កម្មករ កាលពី​ដើម​ឆ្នាំ​២០២៣ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នក​ដឹកនាំ​សហជីព​នៅ​កម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជា​ម្ចាស់​ពាន​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ពាន ១០​នាក់​ផ្សេង​ទៀត​នៅ​ជុំវិញ​សកលលោក ដែល​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស