30.8 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​លក្ខខណ្ឌ​អប្បបរមា​ស្ដីពី​សិទ្ធិ​លំនៅឋាន​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ​ដល់​អាជ្ញាធរ​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) អំពាវនាវ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​សមរម្យ និង​លក្ខខណ្ឌ​អប្បបរមា​ស្ដីពី​សិទ្ធិ​លំនៅឋាន​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ ឱ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ធានា​ការ​រស់នៅ​របស់​ពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក នី សុខា លើកឡើង​ពី​ដំណោះស្រាយ​សិទ្ធិ​លំនៅឋាន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ដែល​បាន​ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​ទៅ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​យល់ដឹង​នោះ​ទេ ដែល​នេះ​គឺជា​បញ្ហា​មួយ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​សមរម្យ ខណៈ​ការ​បណ្តេញ​ពី​លំនៅឋាន​ក្រោម​វិធានការ​របស់​អាជ្ញាធរ តែងតែ​កើត​មាន​ជា​បន្តបន្ទាប់។

លោក នី សុខា លើកឡើង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ ដូចជា​សហគមន៍​ឡពាង សហគមន៍​នៅ​ខេត្ត​កោះកុង និង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ ចេញពី​លំនៅឋាន​កាលពី​ពេល​ថ្មីៗ​នេះ​ជាដើម គឺ​តែងតែ​មាន​ប្រភព​មកពី​បញ្ហា​អំពើពុករលួយ ការ​ប្រើ​អំណាច​រំលោភ​បំពាន​ច្បាប់ និង​ការ​រើសអើង​និន្នាការ​នយោបាយ ជាដើម ជាពិសេស​គឺ​ការ​មិន​យល់ដឹង​របស់​អាជ្ញាធរ​ជុំវិញ​លក្ខខណ្ឌ​អប្បបរមា​ស្ដីពី​សិទ្ធិ​លំនៅឋាន​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ​តែម្តង។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០០​នាក់​មកពី ២៤៧​គ្រួសារ បាន​ធ្វើ​ការ​តវ៉ា​បន្ទាប់​ពី​រង​នូវ​ការ​បណ្ដេញ​ចេញពី​លំនៅឋាន​ដោយ​អាជ្ញាធរ​ខេត្ត​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ ២៤៧​គ្រួសារ ដែល​រង​នូវ​ការ​បណ្ដេញ​ចេញពី​លំនៅឋាន​ដោយ​អាជ្ញាធរ​ខេត្ត​ក្រចេះ ដែល​មកពី ៧​ភូមិ ដូចជា ភូមិ​ព្រែកតាអាំ ភូមិ​ព្រែកតាថឹង ភូមិ​បុស និង​ភូមិ​លាវក្រោម ជាដើម បាន​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំង​បន្ទាប់ពី​អាជ្ញាធរ​ប្រមាណ​ជា ២០​នាក់ ដូចជា មន្ត្រី​សុរិយោដី អាវុធហត្ថ​ខេត្ត អាជ្ញាធរ​ខេត្ត ប្រជា​ការពារ​ភូមិ និង​មេភូមិ ជាដើម បាន​ចុះ​ទៅ​ចុច GPS លើ​ដី​របស់​ពួកគាត់​កំពុង​កាន់កាប់​ក្នុង​បំណង​បែងចែក​ឱ្យ​ប្រជាពលរដ្ឋ​សាជាថ្មី ដែល​មួយ​គ្រួសារ​អាច​ទទួល​បាន​ដី​ភូមិ ១៥​ម៉ែត្រ និង​ដី​ចម្ការ ៥០​ម៉ែត្រ ប៉ុន្តែ​ការ​ផ្តល់​ជូន​នេះ​ត្រូវ​ប្រជាពលរដ្ឋ​បដិសេធ​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន បាន​ចេញ​សេចក្ដី​ប្រកាស​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដោយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​កាន់កាប់ ការ​ដាំដុះ​បន្ថែម ដោយ​ជំនួស​មក​វិញ​នូវ​ការ​រុះរើ​ចេញ​វិញ ដូចជា របង ដំណាំ និង​សម្ភារៈ​ផ្សេងៗ​ជាបន្ទាន់ ព្រមទាំង​តម្រូវ​ឱ្យ​ចាកចេញ​ពី​ទីតាំង​ដី​ដែល​ខ្លួន​ធ្លាប់​រស់នៅ​ឱ្យ​បាន​មុន​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣ ជា​កំហិត​ផង​ដែរ។

រហូត​ដល់​ថ្ងៃទី​២៥ ខែ​ធ្នូ កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​ការងារ​ខេត្ត​ក្រចេះ ក៏​បាន​ដាក់​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តែម្តង ក្នុង​នោះ អាជ្ញាធរ​ព្រមាន​ថា ករណី​ប្រជាពលរដ្ឋ​មិន​សហការ និង​មិន​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​របស់​ខ្លួន គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត នឹង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដោយ​គ្មាន​លក្ខខណ្ឌ​ឡើយ។

ប្រជាពលរដ្ឋ​រងគ្រោះ បាន​អះអាង​អំឡុង​ពេល​តវ៉ា​នេះ​ថា ពួកគាត់​បាន​កាន់កាប់​ដី​នោះ​តាំងពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ ហើយ​អាជ្ញាធរ​ភូមិ-ឃុំ​ក៏​បាន​ទទួលស្គាល់ ព្រមទាំង​បាន​ចេញ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​ឲ្យ​ពួកគាត់​ផង​ដែរ។

ជាង​នេះ​ទៀត នៅ​អំឡុង​ឆ្នាំ​២០០០ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ចុះ​ទៅ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជន់​នៅ​តំបន់​នោះ​ថែម​ទៀត និង​ធ្លាប់​ណែនាំ​ឱ្យ​អាជ្ញាធរ​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​បាន​កាន់កាប់​ដែរ ប៉ុន្តែ​ផ្ទុយទៅវិញ អាជ្ញាធរ​មូលដ្ឋាន​បាន​អនុវត្ត​បញ្ច្រាស​ពី​ការ​ណែនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទាំងស្រុង។

ទិន្នន័យ​សង្គម​ស៊ីវិល បាន​បង្ហាញ​ថា ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើតឡើង​យ៉ាង​ផុសផុល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដូចជា​ខេត្ត​សៀមរាប ក៏​មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​មណ្ឌលគិរី ខេត្ត​ព្រះវិហារ និង​សហគមន៍​ជាច្រើន​ទៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជាដើម ប៉ុន្តែ​ជា​លទ្ធផល គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាន​ដី​វិញ​ទេ គឺ​មាន​តែ​ការ​ចាប់​ខ្លួន និង​ការ​ចោទប្រកាន់​ពី​បទ​ផ្សេងៗ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​សម្រាប់​គណៈកម្មការ​ស្វែងរក​ការពិត​អំពី​កម្ពុជា លោក ម៉តថុន សក្លា (Morton Sklar) បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន ទៅ​កម្ពុជា​កាលពី​ដើម​ខែ​ធ្នូ នេះ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​មួយ​ចំនួន​ដែល​មាន​ការ​រំលោភ​ដីធ្លី​ផង​ដែរ ហើយ​បញ្ហា​ទាំងនេះ​នឹង​ក្លាយ​ជា​របាយការណ៍​ដ៏​រឹងមាំ​មួយ​ដែល​លោក​ត្រូវ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ​ថា សិទ្ធិ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​បន្ត​កើត​មាន​ឡើង​ឥត​ឈប់ឈរ ដែល​មាន​រហូត​ដល់​ជិត ១០០​ករណី បាន​កើតឡើង​ក្នុង​ឆ្នាំ​២០២២ (៨៤​ករណី) ហើយ​ភាគច្រើន​គឺជា​ករណី​ដែល​រំលោភ​ដោយ​បុគ្គល​មាន​អំណាច ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជនរងគ្រោះ​ដោយ​ផ្ទាល់​ជាង ៧​ពាន់​គ្រួសារ (៧១៤១​គ្រួសារ) ដែល​មិន​អាច​រក​ដំណោះស្រាយ​បាន​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស