30 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អួត​ថា​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​មាន​អត្ថន័យ​ស្មើ​នឹង​ទិវា​សន្តិភាព​របស់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទិវា​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ គឺ​មាន​អត្ថន័យ​ស្មើ​នឹង​ទិវា​សន្តិភាព​ដូច្នោះ​ដែរ ដែល​រដ្ឋាភិបាល​របស់​លោក​ត្រូវតែ​ធានា​កុំ​ឱ្យ​ប្រទេស​កម្ពុជា​វិល​ទៅ​រក​ស្ថានភាព​សង្គ្រាម​វិញ​ដូច​កាលពី ៤០​ឆ្នាំ​មុន​ឱ្យ​បាន​ជាដាច់ខាត។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា ផល​លាភ​ដែល​កើត​មាន​នៅ​កម្ពុជា​ដល់​សព្វថ្ងៃ​នេះ គឺ​បាន​ពី​ការ​បញ្ចប់​សង្គ្រាម​កាលពី ២៥​ឆ្នាំ​មុន នាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា នៅ​សល់​តែ ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​ត្រូវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ការ​សម្រេច​បាន​នូវ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ហើយ។

នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​រូប​នេះ​លើកឡើង​ថា ប្រទេស​កម្ពុជា​គ្រប់​ទីកន្លែង គឺ​សុទ្ធតែ​ធ្លាប់​រង​ទុក្ខ​ដោយសារ​សង្គ្រាម ពលរដ្ឋ​រស់នៅ​វេទនា​ជូរចត់​កាលពី​ជំនាន់​ខ្មែរក្រហម ដែល​នេះ​គឺជា​សច្ចភាព​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ចងចាំ និង​ត្រូវ​ជៀសវាង​កុំ​ឱ្យ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នោះ​ត្រឡប់​មក​កើត​មាន​ម្ដង​ទៀត​លើ​ទឹកដី​កំណើត​របស់​ខ្លួន​ឱ្យ​សោះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​លើកឡើង​ពី​ប្រវត្តិសាស្ត្រ ប្រវត្តិ​សង្គ្រាម​កាលពី​អតីតកាល​របស់​លោក​នៅ​ពេលនេះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចងចាំ​ពី​ប្រវត្តិសាស្ត្រ ហើយ​ប្រៀបធៀប​មក​ដល់​ពេល​បច្ចុប្បន្ន​ថា តើ​កម្ពុជា​បាន​ដើរ​ដល់​ចំណុច​ណា​ហើយ។ ជាង​នេះ​ទៀត ក៏​ដើម្បី​ឱ្យ​ពលរដ្ឋ​មើល​ឃើញ​ពី​មោទនភាព​ថា ខ្មែរ​បាន​រួបរួម​សាមគ្គី​គ្នា​កសាង​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ក្នុង​ភ្លើង​សង្គ្រាម​រហូត​បាន​រីកចម្រើន​មក​ដល់​ចំណុច​នេះ ទោះបី​មិន​បាន​ដូច​មហា​ប្រទេស​នៅ​លើ​សកលលោក​ក៏ដោយ។

ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ នឹង​ប្រារព្ធ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​នៅ​ចុង​ខែ​ធ្នូ នេះ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ចាត់ទុក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ជា​ថ្ងៃ​បញ្ចប់​នូវ​ភ្លើង​សង្គ្រាម​ដែល​បាន​ឆាបឆេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ហេតុផល​ថា ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ នេះ គឺជា​ថ្ងៃ​ដែល​អង្គការ​ចាត់តាំង​ខ្មែរក្រហម​បាន​រលាយ​បែកបាក់​ពី​ទឹកដី​កម្ពុជា​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក។

កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ជាង ៤​ទសវត្សរ៍ លោក ហ៊ុន សែន ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ថា ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ក្រោយ​ប្រទេស​កម្ពុជា​កើត​មាន​នូវ​ជម្លោះ​បែកបាក់​ជាតិ​តាំងពី​ឆ្នាំ​១៤៧៣ ដែល​គិត​មក​ទល់​នឹង​ពេលនេះ គឺ​មាន​រយៈពេល​ជាង ៥​សតវត្សរ៍​ទៅ​ហើយ​នោះ។

លោក ហ៊ុន សែន អះអាង​ថា ឆ្នាំ​១៩៩៨ គឺជា​ឆ្នាំ​ដែល​បញ្ចប់​បាន​បញ្ចប់​សង្គ្រាម​លើ​ទឹកដី​កម្ពុជា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មិន​ធ្លាប់​មាន និង​បាន​នាំមក​នូវ​សុខ​សន្តិភាព​រហូត​ដល់​សព្វថ្ងៃ​នេះ។

ទោះជា​បែប​នេះ​ក្តី អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ ធ្នូ ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន មិន​មែន​ជា​វិធី​បញ្ចប់​សង្គ្រាម និង​រក​សន្តិភាព​ឱ្យ​កម្ពុជា​ទេ ប៉ុន្តែ​ជា​ល្បិចកល​ដើម្បី​គ្រប់គ្រង​អំណាច​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ការ​ដឹកនាំ​ជាង ៤០​ឆ្នាំ​របស់​គាត់ បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នីតិរដ្ឋ និង​ឃាតកម្ម​ប្រជាធិបតេយ្យ​យ៉ាង​ធំធេង ដែល​បាន​បង្កើត​ឡើង​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

លោក គឹម សុខ លើកឡើង​ថា បន្ទាប់ពី​លោក ហ៊ុន សែន ឡើង​កាន់​អំណាច​ក្រោយ​វៀតណាម​លើក​បន្តុប គាត់​មិន​អាច​ដឹកនាំ​រក​ការ​បង្រួបបង្រួម​ជាតិ​បាន​ទេ គឺ​មាន​តែ​សម្លាប់​អ្នក​នយោបាយ​ខ្មែរ និង​ពលរដ្ឋ​ខ្លួនឯង​តែប៉ុណ្ណោះ នៅ​មុន​ពេល​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ប៉ុន្តែ​នៅ​ពេល​ដែល​កិច្ចសន្យា​អន្តរជាតិ​មួយ​នេះ​បាន​បង្កើត​ឡើង ទើប​កម្ពុជា​ចាប់ផ្តើម​មាន​ការ​ចរចា​ពី​គ្រប់​ភាគី និង​អាច​បញ្ចប់​នូវ​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​រហូត​ដល់​ពេលនេះ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន អួត​ថា​នយោបាយ​ឈ្នះ​ឈ្នះ​របស់​គាត់​ចាប់ផ្តើម​ពី​អំឡុង​ឆ្នាំ​១៩៩៦ និង​បញ្ចប់​នៅ​ឆ្នាំ​១៩៩៨ គឺ​មាន​រយៈពេល​តែ ២​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​បើ​គាត់​ពិត​ជា​មាន​សមត្ថភាព​បែប​នេះ​មែន ហេតុ​អ្វី​គាត់​មិន​ប្រើ​នយោបាយ​ឈ្នះ​ឈ្នះ​ពី​ឆ្នាំ​១៩៨៥ ដែល​វៀតណាម​លើក​បន្តុប​មក​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ឆ្នាំ​១៩៨៧ តែម្តង​ទៅ ចាំបាច់​ទុក​ឱ្យ​សង្គ្រាម​នៅ​កម្ពុជា​អូស​បន្លាយ​រហូត​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ធ្វើ​អ្វី។

លោក គឹម សុខ បញ្ជាក់​ថា ការ​អួតអាង​ពី​នយោបាយ​ឈ្នះ​ឈ្នះ គ្រាន់តែ​ជា​វិធី​ធ្វើ​ប្រជាភិថុតិ​ដើម្បី​បំភ្លៃ​ការពិត និង​មាន​ចេតនា​លុប​បំបាត់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​គាត់​ទៅវិញ​ទេ ដូច្នេះ​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ គ្រាន់តែ​បង្ហាញ​ពី​ការ​មិន​យល់ដឹង​របស់​គាត់ ឬ​ជា​ចេតនា​លើក​តម្កើង​ឪពុក​របស់​ខ្លួន​ទាំង​បំពាន​ការពិត​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស