32 C
Phnom Penh

លោក ស សុខា ដក​នគរបាល​ជាតិ​៥០​នាក់​ពី​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ឱ្យ​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ផ្សេងៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ សម្រេច​ដក​តំណែង​នគរបាល​ជាតិ​ចំនួន ៥០​នាក់​ពី​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឱ្យ​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ផ្សេងៗ​គ្នា​ចំនួន ៨ និង​អង្គភាព​ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា ដែល​ឱ្យ​ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បន្ទាប់ពី​គណៈកម្មាធិការ​នេះ​រង​នូវ​ការ​ចោទប្រកាន់​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ចេញ​សេចក្តី​ប្រកាស​មួយ​ស្ដីពី​ការ​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ធ្នូ បាន​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ​ចំនួន ៥០​នាក់ ដែល​មាន​ឋានន្តរសក្តិ​ចាប់ពី​អនុសេនីយ៍ឯក​រហូត​ដល់​វរសេនីយ៍ត្រី​ពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឱ្យ​ទៅ​បម្រើ​ការ​នៅ​នាយកដ្ឋាន​ផ្សេង​វិញ បន្ទាប់ពី​អនុប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក គឹម ជាតិ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​កាលពី​ពេល​ថ្មីៗ​នេះ។

លោក ស សុខា បាន​បញ្ជូន​មន្ត្រី​នគរបាល​ជាតិ​ទាំង ៥០​នាក់​នេះ​ទៅ​ធ្វើការ​នៅ​នាយកដ្ឋាន​នានា ដូចជា៖

  • នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ
  • នាយកដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល
  • នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ
  • នាយកដ្ឋាន​អង្គរក្ស
  • នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ
  • នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក
  • នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន
  • នាយកដ្ឋាន​សរុប​ផែនការ អង្គភាព​អន្តរាគមន៍ និង​អង្គភាព​តម្រួត​បទបញ្ជា ផង​ដែរ។

លោក ស សុខា បញ្ជាក់​ថា ការ​ផ្ទេរ​មន្ត្រី​នគរបាល​ជាតិ​ទាំងនេះ​គឺ​ធ្វើឡើង​តាម​សំណើ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​មនុស្ស ក្នុង​នោះ ប្រការ​២ នៃ​សេចក្តី​ប្រកាស​នេះ បាន​ណែនាំ​ឱ្យ​អង្គភាព​ដើម​របស់​ពួកគេ​ត្រូវ​ផ្ទេរ​ប្រាក់​បៀវត្ស និង​របប​ឧបត្ថម្ភ​ផ្សេងៗ​ឱ្យ​ពួកគេ​ផង​ដែរ។

ការ​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​នេះ ទំនង​ជា​ក្រសួង​មហាផ្ទៃ​មាន​គម្រោង​ផ្លាស់​មន្ត្រី​ចាស់ៗ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នេះ​ចោល​ទាំងអស់ ដោយ​ជំនួស​មក​វិញ​នូវ​មន្ត្រី​ថ្មី​ដើម្បី​ដឹកនាំ​គណៈកម្មាធិការ​នេះ​ឱ្យ​មាន​ភាព​ស្អាតស្អំ​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ក៏​បាន​ចេញ​អនុក្រឹត្យ​ផ្ទេរ​សម្រួល​ភារកិច្ច និង​តែងតាំង​លោក តាន់ សុវិជ្ជា ពី​ប្រធាន​នាយកដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ទៅ​ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ ដែល​មាន​ឋានៈ​ស្មើ​នឹង​ប្រធាន​នាយកដ្ឋាន​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ជាច្រើន​នាក់ ធ្លាប់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា មន្ត្រី​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្រមាណ​ជា ២០០​នាក់ កំពុង​ជ្រួលច្របល់​បន្ទាប់ពី​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា ក្រសួង​មហាផ្ទៃ​កំពុង​ពិចារណា​រំលាយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​ចោល ឬ​អាច​នឹង​ត្រូវ​ដក​មន្ត្រី​នៃ​គណៈកម្មាធិការ​នេះ​ទាំងអស់​ផង​ដែរ។

ប្រភព​ដដែល​ត្អូញត្អែរ​ថា បើ​ក្រសួង​មហាផ្ទៃ​រក​ឃើញ​ថា​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​ទោស​កំហុស ហេតុ​អ្វី​ក្រសួង​មិន​ពិន័យ​ត្រឹមតែ​បុគ្គល​នោះ​ទៅ​បាន​ហើយ ចាំបាច់​អី​ត្រូវ​រំលាយ​គណៈកម្មាធិការ​នេះ ឬ​ដក​មន្ត្រី​ទាំងនេះ​ឱ្យ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​ធ្វើ​អ្វី។

ទាក់ទិន​នឹង​ការ​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក គឹម ជាតិ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ពី​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ​តាម​សំណើ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ក្រោយ​រង​នូវ​ការ​ចោទប្រកាន់​ពី​ក្រុមហ៊ុន​លក់​ស្រា​មួយ​ដែល​បាន​ប្ដឹង​ទៅ​អគ្គាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ ថា​មន្ត្រី​រូប​នេះ​បាន​គាប​យក​លុយ​ពី​ក្រុមហ៊ុន​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក និង​ស្រា​ថ្លៃៗ​ប្រមាណ​ជា ៥០​ដប កាលពី​ពេល​កន្លង​ទៅ​នោះ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដោយសារតែ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចេញ​សេចក្តី​សម្រេច​មួយ​ឲ្យ​ផ្អាក​សកម្មភាព​របស់​ក្រុម​ការងារ​នៃ​ក្រុម​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​ភ្លាមៗ ក្រោយ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ជុំវិញ​ការ​អនុវត្ត​តួនាទី​របស់​ពួកគេ។

លោក ទូច សុខៈ អះអាង​ថា អគ្គាធិការដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ ក៏​បាន​ធ្វើការ​អង្កេត​ស្រាវជ្រាវ​ទៅ​លើ​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ​ដែរ ដោយ​ធ្វើការ​អង្កេត ស្រាវជ្រាវ និង​អធិការកិច្ច​ទៅ​លើ​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ក្រុម​ការងារ​នីមួយៗ​ដែល​ស្ថិត​ក្នុង​ឱវាទ​របស់​ក្រសួង​មហាផ្ទៃ​ផង​ដែរ​បន្ទាប់ពី​មាន​បញ្ហា។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា ក្រោយ​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ហើយ​អង្គភាព​សាមី​ក៏​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​លោក ស សុខា និង​ក្រុមប្រឹក្សា​វិន័យ រួម​ទាំង​ថ្នាក់​ដឹកនាំ​របស់​ក្រសួង ដើម្បី​ពិនិត្យ​ពិចារណា វិនិច្ឆ័យ សម្រេច ក្នុង​ការ​ដាក់​ទណ្ឌកម្ម ឬ​វិន័យ​ផ្សេងៗ​ទៅ​តាម​វិន័យ​កងកម្លាំង​នគរបាល​ជាតិ និង​លិខិត​បទដ្ឋាន​នានា​ជា​ធរមាន​ផ្សេងៗ​ទៀត​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស