35 C
Phnom Penh

ក្រុម​ឃ្លាំមើល​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ពិការ​ខាង​វិស័យ​សារព័ត៌មាន​ពិត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ឡងប៊ិច ចាត់ទុក​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ដែល​ពិការភាព​ខាង​វិស័យ​ព័ត៌មាន​ពិត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​រដ្ឋាភិបាល​ប្រទេស​នេះ​ចាំ​តែ​កម្ទេច​សារព័ត៌មាន​ពិត​ដែល​ផ្សព្វផ្សាយ​ពី​ការ​បំផ្លាញ​សង្គម​ជាតិ។

សកម្មជន​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ឡងប៊ិច ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា លោក​មិន​ដែល​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​លើ​ពិភពលោក​ចាប់​ខ្លួន​អ្នក​បញ្ចេញមតិ ឬ​អ្នក​សារព័ត៌មាន​ដែល​ចុះផ្សាយ​ពី​ការពិត​ក្នុង​សង្គម ដើម្បី​បង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​កម្ពុជា​ជា​ប្រទេស​ដែល​ចម្លែក​ខុស​គេ ត្បិត​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​នេះ​តែង​រង​នូវ​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់។

សកម្មជន​ក្នុង​សហគមន៍​រូប​នេះ​ត្អូញត្អែរ​ថា រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ​កំពុង​មោទនភាព​យ៉ាង​ខ្លាំង​លើ​វិធានការ​បង្ក្រាប​អ្នក​សារព័ត៌មាន​ឯករាជ្យ និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​សកម្មជន​នានា រួម​ទាំង​អ្នក​នយោបាយ​ផង ដោយ​ការ​ចាប់​ដាក់​គុក ឬ​ចោទប្រកាន់​តាម​ផ្លូវច្បាប់ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្រៀប​បីដូច​ជា​សត្វ​ខ្លា​ដែល​កំពុង​ខាំ​ហែក​សត្វ​ម្រឹគ​ដាច់​ស្បែក​រហែក​សាច់​ហូរ​ឈាម​ពេញ​ព្រៃ​គួរ​ឱ្យ​រន្ធត់​ដូច្នោះ​ដែរ។

លោក មួង ណារ៉េត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ខ្លឹមសារ​នៃ​មាត្រា​នីមួយៗ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ធានា​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ខាង​សារព័ត៌មាន ជាដើម មុន​នឹង​រដ្ឋាភិបាល​ចាប់​ខ្លួន​អ្នក​បញ្ចេញមតិ​ណា​ម្នាក់ ព្រោះ​ថា​កន្លង​មក ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ដែល​លើកឡើង​ពី​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ក៏​ដោយសារ​តែ​មន្ត្រី​របស់​ខ្លួន​មិន​ស្វែងរក​ដំណោះស្រាយ​ឱ្យ​ជនរងគ្រោះ​ទាំងនោះ​ដែរ។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា សព្វថ្ងៃ​នេះ អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​ជាង ២​ពាន់​អង្គភាព (២១៥៤​អង្គភាព) ដែល​កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​តាម​បែប​បុរាណ និង​បែប​ទំនើប ទៅ​តាម​លទ្ធភាព​របស់​ពួកគេ​រៀងៗ​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​តំណាង​អង្គការ​យូណេស្កូ​នៅ​កម្ពុជា ថា ក្រសួង​ព័ត៌មាន​តែង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​សារព័ត៌មាន ដើម្បី​ពង្រឹង​គុណភាព និង​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​សាធារណជន។

យ៉ាងណា​ក៏ដោយ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​រក​ឃើញ​ថា អ្នក​សារព័ត៌មាន​ជាង ៤០​នាក់ (៤៤​នាក់) និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ទៀត ប្រឈមមុខ​នឹង​ការ​យាយី​គ្រប់​ទម្រង់​ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅ ជាពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​នៅ​មុន​ការ​បោះឆ្នោត​សកល​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ហើយ​ក្នុង​នោះ មាន ១៣​ករណី​ដែល​ជា​ការ​ប្រើប្រាស់​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំង​អ្នក​សារព័ត៌មាន។

របាយការណ៍​ខាងលើ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២៣ យ៉ាងហោចណាស់​អ្នក​សារព័ត៌មាន ៦​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន និង​ចាប់​ដាក់​ពន្ធនាគារ ដោយ​ការ​ចោទប្រកាន់​ពី​បទ​ជំរិត​ទារប្រាក់ និង​ចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។

ទាក់ទិន​នឹង​បញ្ហា​នេះ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​មួយ​ចំនួន ដូចជា សារព័ត៌មាន​អាស៊ីសេរី សារព័ត៌មាន The Cambodia Daily និង​គេហទំព័រ​កំណត់ត្រា ដែល​ជា​បណ្ដុំ​ព័ត៌មាន​របស់​សារព័ត៌មាន​វីអូឌី ដែល​ជា​គេហទំព័រ​មួយ​ត្រូវ​បាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដាក់​ឱ្យ​ដំណើរការ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤៧ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​ដ៏​អាក្រក់ ដោយសារតែ​គេ​រក​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន លាតត្រដាង​ថា វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក។ ជា​លទ្ធផល​នៃ​យុទ្ធនាការ​នេះ ពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​នេះ​ទទួល​បាន​ព័ត៌មាន​តែ​ពី​ស្ថាប័ន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ។

ជាក់ស្តែង កូនស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រធាន​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​មួយ​ដែល​កាន់កាប់​កាសែត ទស្សនាវដី្ត ស្ថានីយ​វិទ្យុ បណ្ដាញ​ទូរទស្សន៍ និង​គេហទំព័រ​អ៊ីនធឺណិត​នៅ​កម្ពុជា​ទាំងអស់ ដែល​ជា​ស្ថាប័ន​ឃោសនា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ខណៈ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​លោក ហ៊ុន សែន តែង​ផ្តល់​ថវិកា​រាប់​សិប​ម៉ឺន​ដុល្លារ​ក្នុង ១​ឆ្នាំៗ និង​ស្ថាប័ន​សារព័ត៌មាន Fresh News ជាដើម ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ស្ថាប័ន​បម្រើ​សេណារីយ៉ូ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស