34.7 C
Phnom Penh

អ្នក​ឃ្លាំមើល​បន្ទោស​ថា ស្រុក​ខ្មែរ​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​ខ្វះ​ទឹក​ធ្វើ​ស្រែ​ប្រាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​បន្ទោស​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​កសិកម្ម ប៉ុន្តែ​វិបត្តិ​កសិកម្ម​សម្រាប់​កសិករ​សព្វថ្ងៃ​នេះ មិន​មែន​ដោយសារតែ​កម្ពុជា​ខ្វះ​ធនធាន​ធម្មជាតិ​ទេ ប៉ុន្តែ​មកពី​មន្ត្រី​រាជរដ្ឋាភិបាល​គ្មាន​សមត្ថភាព​រៀបចំ​ឱ្យ​កសិករ​អាច​ធ្វើ​កសិកម្ម​បាន​ប៉ុណ្ណោះ បន្ទាប់ពី​មន្ត្រី​រដ្ឋាភិបាល​មិន​អាច​រក​ប្រភព​ទឹក​ឱ្យ​កសិករ​អាច​ធ្វើ​ស្រែ​ប្រាំង​បាន ក្រោយពី​ធ្វើ​ស្រែ​វស្សា​រង់ចាំ​តែ​ទឹកភ្លៀង​នោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១១ មករា នេះ​ថា បើ​មាន​ជនបរទេស ឬ​បុគ្គល​ណា​ម្នាក់​ដែល​តែង​មាន​ផ្នត់គំនិត​ចោទ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ខ្ជិលច្រអូស ពួកគេ​គួរតែ​ពិចារណា​ឡើងវិញ ព្រោះ​ថា​ភស្តុតាង​ជាក់ស្តែង​នៅ​ពេលនេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិនមែន​ខ្ជិលច្រអូស​ដូច​គេ​បាន​ចោទប្រកាន់​ទេ គឺ​ពួកគាត់​ឧស្សាហ៍​ព្យាយាម​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ដែល​ខ្លាច​ការ​នឿយហត់​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា លោក​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​ការ​ខិតខំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តែ​លោក​ក៏​មិន​ពេញចិត្ត​ចំពោះ​មុខនាទី​នៃ​ក្រសួង​ពាក់ព័ន្ធ ដែល​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដែរ ព្រោះ​ថា​នៅ​លើ​ពិភពលោក​គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​កសិកម្ម ហើយ​ប្រភព​ទឹក​នៅ​ក្នុង​ប្រទេស​នេះ​សម្បូរ​លើសលប់ ប៉ុន្តែ​កសិករ​បែរ​ជា​មិន​អាច​ធ្វើ​កសិកម្ម​បាន ព្រោះ​តែ​គ្មាន​ទឹក​ទៅវិញ។

លោក​បន្ថែម​ថា ប្រទេស​កម្ពុជា​មាន​ប្រភព​ទឹក​ធំ​ណាស់ គឺ​ទន្លេមេគង្គ និង​បឹង​ទន្លេសាប ប៉ុន្តែ​មន្ត្រី​ជំនាញ​ដែល​គ្មាន​សមត្ថភាព​គ្រប់គ្រង និង​ផ្គត់ផ្គង់​ទឹក​សម្រាប់​កសិករ បែរ​ជា​អះអាង​ថា កម្ពុជា​ខ្វះ​ទឹក​សម្រាប់​កសិករ​ខ្មែរ​ធ្វើ​ដំណាំ​ស្រូវ​នៅ​រដូវប្រាំង​ទៅវិញ ដូច្នេះ​បញ្ហា​នេះ រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​ជួយ​កសិករ​ឱ្យ​ពួកគាត់​អាច​ប្រកប​របរ​កសិកម្ម​ដែល​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ដែរ​នោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​លើក​ជា​សំណួរ​ថា តើ​មន្ត្រី​ដែល​ទទួល​បន្ទុក​ការងារ​នេះ ហើយ​គ្មាន​ការ​ទទួល​ខុសត្រូវ​បែប​នេះ គួរ​ទទួល​ពិន័យ​ផ្នែក​រដ្ឋបាល និង​ពិន័យ​ផ្សេង​ទៀត​ពី​រដ្ឋមន្ត្រី នាយ​ក្រសួង និង​នាយករដ្ឋមន្ត្រី​យ៉ាង​ដូចម្ដេច?

លោក​គូស​បញ្ជាក់​ថា បញ្ហា​នេះ​មិន​អាច​បញ្ចប់​នៅ​ត្រឹម​នេះ​ទេ ហើយ​រដ្ឋាភិបាល​ក៏​គួរតែ​រក​មធ្យោបាយ​ដោះស្រាយ​ភ្លាមៗ និង​ដាក់​ចេញ​ជា​វិធានការ​ជា​អាទិភាព​សម្រាប់​កសិករ​នៅ​ពេល​នេះ​ដែរ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម រួម​ទាំង​មន្ទីរ​ធនធាន​ទឹក​តាម​បណ្តា​ខេត្ត ដូចជា​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ជាដើម បាន​ព្រមាន​មិន​ឱ្យ​កសិករ​ធ្វើ​ស្រែ​លើក​ទី​២ នៅ​រដូវប្រាំង​នេះ​ដាច់ខាត។ ជាក់ស្តែង មន្ទីរ​ធនធាន​ទឹក​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា មន្ទីរ​ធនធាន​ទឹក នឹង​មិន​ទទួល​ខុសត្រូវ​ដាច់ខាត​លើ​ការ​ខ្វះខាត​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ ប្រសិនបើ​កសិករ​នៅតែ​បន្ត​ធ្វើ​ស្រូវ​ប្រាំង​លើក​ទី​២ បន្ត​ទៅ​ទៀត​នោះ។

ចំណែកឯ​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា ក៏​បាន​ចេញ​សេចក្តី​ណែនាំ​កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ​ដែរ​ថា រដ្ឋបាល​ខេត្ត​នឹង​មិន​ទទួល​ខុសត្រូវ​ការ​ខ្វះខាត​ទឹក​ក្នុង​ការ​ស្រោចស្រព​ដំណាំ​ស្រូវ​ក្នុង​ការ​ធ្វើ​ស្រែ​ប្រាំង​លើក​ទី​២ ឡើយ។ លើស​ពី​នេះ ប្រជាពលរដ្ឋ​ក៏​គួរតែ​ត្រៀម​ទឹក​ក្នុង​ស្រះ អណ្តូង ប្រឡាយ​ផង​ដែរ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​សម្រាប់​សត្វ​ពាហនៈ​របស់​ខ្លួន​នៅ​រដូវប្រាំង​ឆ្នាំ​នេះ។

កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​កញ្ចប់​ថវិកា ១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា និង​ដាក់​មន្ត្រី​កសិកម្ម​តាម​ស្រុក-ឃុំ​នីមួយៗ ឱ្យ​ជួយ​ដល់​កសិករ​តាម​តំបន់​មូលដ្ឋាន។

ទោះជា​ដូច្នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ​ទេ ព្រោះ​ថា​ក្រសួង​ពាក់ព័ន្ធ​នៅតែ​មិន​អាច​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កសិករ​ខ្មែរ​លើ​វិស័យ​នេះ ដូចជា ការ​ផ្គត់ផ្គង់​គ្រាប់ពូជ​ដំណាំ​ល្អៗ តម្លៃ​ជី​ចុះ​ថោក ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​កសិករ និង​លក់​ចេញ​ឱ្យ​មាន​តម្លៃ​ខ្ពស់​ពេល​កសិករ​ប្រមូល​ផល ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មួយ​រូប​ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៃ​រាជរដ្ឋាភិបាល​នៅ​ពេលនេះ គឺ​ច្របូកច្របល់ មិន​ត្រូវ​តាម​លំដាប់​លំដោយ​ទេ ព្រោះ​ថា​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​មិន​អាច​ធានា​ឱ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​ទឹក និង​បច្ចេកទេស​ផ្សេង​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កសិករ​នៅឡើយ។

មន្ត្រី​នោះ​លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​មាន​ដី​ត្រឹម ១​ហិកតារ នឹង​ក្លាយ​ជា​អ្នក​ដែល​មាន​ដី ៣​ហិកតារ​ភ្លាមៗ បើ​រដ្ឋាភិបាល​អាច​ធានា​ការ​ផ្គត់ផ្គង់​ទឹក​ឱ្យ​ពួកគាត់​ធ្វើ​ស្រែ​បាន ៣​ដង​ក្នុង ១​ឆ្នាំ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​ចេះ​តែ​បណ្តែតបណ្តោយ​ឱ្យ​វិស័យ​កសិកម្ម​នៅតែ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​រដូវ​វស្សា និង​រងគ្រោះ​រាំង​ស្ងួត​នៅ​រដូវប្រាំង​ដូច​ពេល​កន្លង​មក វិស័យ​មួយ​នេះ​នៅតែ​មិន​អាច​រីកចម្រើន​ទៅ​មុខ​ដាច់ខាត។

ទាក់ទិន​នឹង​បញ្ហា​នេះ កសិករ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មករា នេះ​ថា ការ​ធ្វើ​ស្រែ​ប្រាំង​ក្នុង​តំបន់​របស់​ពួកគេ​សព្វថ្ងៃ​នេះ មិន​បាន​ពឹង​លើ​ការ​ផ្គត់ផ្គង់​ទឹក​ពី​រដ្ឋ​ទេ គឺ​ពឹង​តែ​ទៅ​លើ​ក្រុមហ៊ុន​ឯកជន​ប៉ុណ្ណោះ ក្នុង​នោះ កសិករ​ក្នុង​ខេត្ត​កំពង់ធំ បញ្ជាក់​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​សម្រាប់​ធ្វើ​ស្រែ​ប្រាំង​បាន​យក​លុយ​ពី​កសិករ​ក្នុង ១​ហិកតារ ៤​ម៉ឺន​រៀល ខណៈ​កសិករ​ក្នុង​ខេត្ត​ពោធិ៍សាត់ បញ្ជាក់​ថា ពួកគេ​ត្រូវ​ចំណាយ ២០​ម៉ឺន​រៀល​ក្នុង ១​ហិកតារ​សម្រាប់​បង់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ផ្គត់ផ្គង់​ទឹក​សម្រាប់​ធ្វើ​ស្រែ​ប្រាំង​របស់​ពួកគេ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស