31 C
Phnom Penh

អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ការពារ​បុគ្គលិក​ធ្វើការ​នៅ​អាកាសយានដ្ឋាន​សៀមរាប​រឿង​ទារ​កម្រៃ​ពី​ភ្ញៀវ​ទេសចរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​អាកាសចរ​ស៊ីវិល​កម្ពុជា ចោទ​ថា ការ​លើក​យក​សារ​បញ្ចេញមតិ​របស់​ភ្ញៀវ​ទេសចរ​ប៉ុន្មាន​នាក់​ដែល​សរសេរ​រិះគន់​ពី​បុគ្គលិក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ថា​បាន​សុំ​លុយ​ធីប​ពី​ភ្ញៀវ​ទេសចរ គឺជា​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន និង​ជា​ចេតនា​ទុច្ចរិត​ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​អាកាសយានដ្ឋាន​ថ្មី​នេះ​តែប៉ុណ្ណោះ។

អ្នក​នាំពាក្យ​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា អះអាង​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​ការ​ផ្តល់​សេវា​ដល់​អ្នក​ដំណើរ ភ្ញៀវ​ទេសចរ ក៏ដូចជា​អតិថិជន​ទាំងអស់​ដែល​ប្រើប្រាស់​សេវា​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​យ៉ាង​ត្រឹមត្រូវ​បំផុត។

លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើង​ថា បន្ទាប់ពី​ការ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​មើល​ឃើញ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​បាន​បង្ហាញ​សមត្ថភាព និង​លទ្ធភាព​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ចេញ​ចូល​ខេត្ត​សៀមរាប ឱ្យ​មាន​ការ​កើន​ឡើង​គួរ​ជា​ទី​កត់សម្គាល់។

អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ទាំង​បរិមាណ និង​គុណភាព សំដៅ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ វិស័យ​អាកាសចរណ៍ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ដូច្នេះ​ការ​លើក​យក​សារ​បញ្ចេញមតិ​របស់​ភ្ញៀវ​ទេសចរ​ប៉ុន្មាន​នាក់​តាម​បណ្ដាញ​សង្គម​មក​ចុះផ្សាយ គឺជា​ចេតនា​ទុច្ចរិត​ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​បំផ្លាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​បម្រើ​អតិថិជន​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​តែប៉ុណ្ណោះ។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​មាន​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ ប៉ុន្តែ​ក្រោយ​វាល​យន្តហោះ​ថ្មី​នេះ​ផ្តើម​ដំណើរការ ការ​បម្រើ​ការងារ​បាន​រង​នូវ​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​ភ្ញៀវ​អន្តរជាតិ និង​អ្នក​រត់​តាក់ស៊ី​ក្នុង​ខេត្ត​សៀមរាប​ផ្ទាល់​ផង​ដែរ។

ជាក់ស្តែង កាលពី​ពេល​ថ្មីៗ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន បាន​ផ្តល់​ពិន្ទុ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប ត្រឹម​តែ​ផ្កាយ​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពិន្ទុ​ផ្កាយ​៥ លើ​បណ្ដាញ​អ៊ីនធឺណិត ដោយ​លើកឡើង​ពី​បន្ទប់ទឹក​នៅ​ក្នុង​វាល​យន្តហោះ​ខេត្ត​សៀមរាប​ថ្មី​នេះ​គ្មាន​អនាម័យ និង​ការ​ទាមទារ​រក​លុយ​ធីប​ពី​សំណាក់​បុគ្គលិក និង​មន្ត្រី​អន្តោប្រវេសន៍​ដែល​ប្រចាំ​ការ​នៅ​ច្រក​អន្តរជាតិ​នេះ ជាដើម។

ភ្ញៀវ​ម្នាក់​ទៀត​ឈ្មោះ Zoltan K លើកឡើង​ថា រូបគេ​បាន​ទៅ​ដល់​វាល​យន្តហោះ​ខេត្ត​សៀមរាប​នៅ​ពេល​ព្រឹក ដូច្នេះ​រូបគេ​ក៏​ទៅ​មើល​ប្រាសាទ​អង្គរវត្ត និង​បាន​ត្រឡប់​មក​វាល​យន្តហោះ​វិញ​នៅ​ពេល​ល្ងាច ដើម្បី​បន្ត​ជើងហោះហើរ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ប៉ុន្តែ​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ​មិន​អនុញ្ញាត​ឱ្យ​រូបគេ​ឡើង​ជិះ​យន្តហោះ​វិញ​ទេ ដោយ​និយាយ​ថា អ្នក​ដែល​មក​លេង​ប្រទេស​កម្ពុជា​លើកដំបូង ត្រូវតែ​ស្នាក់នៅ​ឱ្យ​គ្រប់ ២៤​ម៉ោង។

ប្រភព​ដដែល​បញ្ជាក់​ថា នៅ​ពេល​នោះ រូបគេ​ក៏​បាន​ឈ្លោះ​ជាមួយ​ប៉ូលិស​អន្តោប្រវេសន៍​រហូត​ប៉ូលិស​ទាំងនោះ​ដេញ​រូបគេ​ចេញ​ក្រៅ​ស្ថានីយ​អ្នក​ដំណើរ និង​បាន​ទៅ​ជួល​ផ្ទះសំណាក់​ស្នាក់នៅ​មួយ​យប់ ដើម្បី​រង់ចាំ​ទិញ​សំបុត្រ​យន្តហោះ​នៅ​ថ្ងៃ​បន្ទាប់ ដែល​នេះ​គឺជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ដ៏​អាក្រក់​ដែល​រូបគេ​មិន​ធ្លាប់​បាន​ជួប​តាំងពី​ដើម​មក។

ក្រៅពី​ការ​ត្អូញត្អែរ​ពី​ភ្ញៀវ​អន្តរជាតិ អ្នក​ប្រកប​មុខរបរ​រត់​តាក់ស៊ី ក៏​ធ្លាប់​បាន​ធ្វើការ​តវ៉ា និង​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​នូវ​ការ​កំណត់​តម្លៃ​រថយន្ត​ដែល​បើកបរ​លើ​ផ្លូវ​ទៅ​អាកាសយានដ្ឋាន​ថ្មី​នេះ​ដែរ រហូត​ផ្ទុះ​ការ​តវ៉ា​ពី​ក្រុម​អ្នក​រត់​តាក់ស៊ី​ថែម​ទៀត ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ដោះ​បញ្ហា​នេះ​ឡើយ ខណៈ​ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​តារាង​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប នេះ នៅតែ​បន្ត​កំណត់​តម្លៃ​ដូច​មុន​ដដែល។

មាន​ឧទាហរណ៍​ជាក់ស្តែង​ថែម​ទៀត គឺ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Yen Chantra បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា រូបគេ​បាន​នាំ​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​ចូល​ទៅ​ក្នុង​វាល​យន្តហោះ​ម្តង​រួច​ហើយ ប៉ុន្តែ​ត្រូវ​ចេញ​មក​ខាងក្រៅ​កន្លែង​ត្រួតពិនិត្យ ឬ​កុងត្រូល​វាល​យន្តហោះ ដើម្បី​រង់ចាំ​យក​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​ផ្សេង​ទៀត តែ​នៅ​ពេល​ដែល​រូបគេ​ត្រឡប់​ចូល​ទៅ​វិញ ស្រាប់តែ​ខាង​ក្រុមហ៊ុន​ចិន ទាមទារ​ឱ្យ​រូបគេ​បង់​លុយ​ថ្លៃ​ផ្លូវ​ម្តង​ទៀត ដែល​រូបគេ​មិន​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​នោះ​ម្តង​ទៀត​ផង​នោះ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​នោះ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ពិនិត្យ​លើ​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​ថា​កម្ពុជា​ទើប​តែ​មាន​ភ្ញៀវ​ទេសចរ​ខ្លះៗ​ឡើងវិញ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ចិន ចេះតែ​ដំឡើង​តម្លៃ​គ្រប់​មុខ​បែប​នេះ តើ​កញ្ចប់​សេវាកម្ម​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ នឹង​ដំឡើង​ថ្លៃ​កម្រិត​ណា​ទៅ? ដែល​នេះ​គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​ភ្ញៀវ​ទេសចរ​មិន​ហ៊ាន​មក​លេង​កម្ពុជា ហើយ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​បែប​នេះ មិនមែន​វិនិយោគ​ជួយ​ប្រជាពលរដ្ឋ​ឡើយ។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប ស្ថិត​នៅ​ក្នុង​ឃុំ​ពពេល និង​ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប លើ​ផ្ទៃដី ៧០០​ហិកតារ ត្រូវ​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ចិន YUNAN DEVELOP MENT GROUP ដែល​បាន​បោះទុន​វិនិយោគ​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ក្រុមហ៊ុន​ចិន​មួយ​នេះ​នឹង​គ្រប់គ្រង​រយៈពេល ៥៥​ឆ្នាំ ខណៈ​រាជរដ្ឋាភិបាល​គ្មាន​សិទ្ធិ​គ្រប់គ្រង ឬ​មាន​ច្បាប់​កំណត់​ណា​មួយ​សម្រាប់​តារាង​យន្តហោះ​ថ្មី​នេះ​ឡើយ​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​ដែល​ចិន គ្រប់គ្រង​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស