30 C
Phnom Penh

សមត្ថកិច្ច​កម្ពុជា​ជួយ​សង្គ្រោះ​ជនបរទេស ៥៦​នាក់​ពី​ហេតុការណ៍​ចាប់​ជំរិត​ដោយ​ជនបរទេស​ដូច​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អះអាង​ថា កម្លាំង​សមត្ថកិច្ច​កម្ពុជា​ជួយ​សង្គ្រោះ​ជនជាតិ​បរទេស​ចំនួន ៥៦​នាក់​ពី​ហេតុការណ៍​ចាប់​ជំរិត​ដោយ​ជនជាតិ​បរទេស​ដូច​គ្នា នៅ​ពេល​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំនួន​ពីរ​ទីតាំង​នៅ​ក្នុង​ខណ្ឌ​ដូនពេញ កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ។

យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​កម្លាំង​របស់​នាយកដ្ឋាន​ចារកម្ម​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​មាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំនួន​ពីរ​ទីតាំង​នៅ​ខណ្ឌ​ដូនពេញ។ ទីតាំង​ទី​១ សណ្ឋាគារ​មួយ​កន្លែង​ស្ថិត​នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ និង​ទីតាំង​ទី​២ នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​ក្នុង​សង្កាត់​ផ្សារកណ្ដាល ខណ្ឌ​ដូនពេញ ដែល​ជា​ទីតាំង​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ចេញ​ឆ្លងដែន​ខុស​ច្បាប់ ដោយ​អនុវត្ត​តាម​បណ្ដឹង​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពី​ជនជាតិ​បង់ក្លាដេស កាលពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។

ដោយ​អនុវត្ត​តាម​បណ្ដឹង​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពី​ជនជាតិ​បង់ក្លាដេស កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ដល់​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៥៨​នាក់​នៅ​ចំនួន​ពីរ​ទីតាំង​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ ជនបរទេស ៥៦​នាក់​ជា​ជនរងគ្រោះ និង​ជនបរទេស​បង់ក្លាដេស ២​នាក់ សង្ស័យ​ជា​មេខ្លោង​ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ចេញ​ឆ្លងដែន​ខុស​ច្បាប់។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ទៀត​ថា ជនបរទេស​ដែល​ជា​ជនរងគ្រោះ ៥៦​នាក់​នោះ​មាន ៣​សញ្ជាតិ គឺ​បង់ក្លាដេស ៥១​នាក់ ឥណ្ឌា ៤​នាក់ និង​ស្រីលង្កា ចំនួន​ម្នាក់ ដោយ​ត្រូវ​បាន​មេខ្យល់​អូស​ទាញ​មក​កម្ពុជា ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ ដោយឡែក​សម្រាប់​អ្នក​មិន​ចេះ​អង់គ្លេស និង​កុំព្យូទ័រ ត្រូវ​បញ្ជូន​បន្ត​ទៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី។

ប្រភព​ដដែល​ថា បច្ចុប្បន្ន ជនបរទេស​ដែល​រងគ្រោះ​ទាំង ៥៦​នាក់ ដោយ​មាន​ការ​សម្របសម្រួល​ពី​ក្រសួង​សង្គមកិច្ច បាន​ប្រគល់​ឲ្យ​អង្គការ​ការីតាស​កម្ពុជា-ខេត្ត​កណ្តាល។ ចំពោះ​ជនជាតិ​បង់ក្លាដេស ២​នាក់​ដែល​សង្ស័យ​ជា​មេខ្លោង​ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ជា​ជនបរទេស ៤​នាក់​ទៀត​ដែល​បាន​រត់​គេច​ខ្លួន ដើម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា លោក​បារម្ភ​ពី​ការ​ផ្ទុះ​ឡើងវិញ​នូវ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ការ​ចាប់​ជំរិត និង​បង្ខាំង​មនុស្ស​នៅ​លើ​ទឹកដី​កម្ពុជា បន្ទាប់ពី​អាជ្ញាធរ​បាន​បង្ក្រាប​ករណី​ទាំងនោះ​ជា​បន្តបន្ទាប់​កាលពី​ពេល​កន្លង​ទៅ។

ប្រភព​ដដែល​ព្រមាន​ថា បទល្មើស​នៃ​ការ​ចាប់​ជំរិត និង​បង្ខាំង​ធ្វើ​ទារុណកម្ម​មនុស្ស នៅតែ​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​បង្កើន​ការ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​កាន់តែ​ខ្លាំង។ លោក​អះអាង​ថា ការ​ផ្ទុះ​ករណី​ចាប់​ជំរិត​បង្ខាំង​មនុស្ស​នៅ​ពេលនេះ គឺជា​ក្ដី​បារម្ភ​ធំ​មួយ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​ជាតិ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មាន​ឈ្មោះ​មិន​ល្អ​ក្នុង​ករណី​នេះ​ស្រាប់។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​ការ​បកស្រាយ​ពី​ក្ដី​បារម្ភ​នេះ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ។

កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​មក អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ជនល្មើស​ចំនួន ១៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ម្នាក់ និង​ជនជាតិ​បង់ក្លាដេស (Bangladesh) ចំនួន ១២​នាក់ នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​សង្គ្រោះ​បាន​ជនជាតិ​ចិន ២​នាក់។

ដោយឡែក​កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ៣៣​នាក់ មាន​ជនជាតិ​ខ្មែរ ចិន វៀតណាម ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ និង​បើក​អនឡាញ​ខុស​ច្បាប់ និង​ករណី​ចាប់​ជំរិត​ជាច្រើន​ផ្សេង​ទៀត។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​បង្ហាញ​របាយការណ៍​ក្នុង​ពិធី​ខួប​លើក​ទី​១៧ នៃ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ១២ ធ្នូ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «បច្ចេកវិទ្យា​ជា​មធ្យោបាយ​ដើម្បី​អភិវឌ្ឍ​ជាតិ មិន​មែន​ដើម្បី​ជួញដូរ​មនុស្ស» ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ គណៈកម្មាធិការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បង្ក្រាប និង​សង្គ្រោះ​ជនរងគ្រោះ​សរុប​មាន​ចំនួន​ជាង ៨០​ករណី (៨៧​ករណី) ប៉ុន្តែ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២២ គឺ​មាន​ចំនួន​ត្រឹមតែ​ជាង ៧០​ករណី (៧៤​ករណី) ប៉ុណ្ណោះ។

ប្រភព​ដដែល​បង្ហាញ​ថា ក្នុង​ប្រតិបត្តិការ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ​ចំនួន​ជិត ១០០​នាក់ (៩៦​នាក់) និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​បាន​ជិត ៣០០​នាក់ (២៨១​នាក់) ផង​ដែរ។

របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ចេញ​ផ្សាយ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣ បង្ហាញ​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​មាន ឡាវ (Lao) និង​មីយ៉ាន់ម៉ា (Myanmar) ដែល​កំពុង​មាន​ភាព​សកម្ម​ខ្លាំង​ក្នុង​ការ​ជួញដូរ​មនុស្ស បង្ខំ​ឱ្យ​ធ្វើ​ឧក្រិដ្ឋកម្ម បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ និង​ក្លែង​បន្លំ​ហិរញ្ញវត្ថុ ក្នុង​នោះ​រួម​មាន​ការ​ធ្វើ​ទារុណកម្ម​ឃោរឃៅ​ទៅ​លើ​ជនរងគ្រោះ​ដោយ​ការ​ឃុំ​ខ្លួន បំបិទ​សិទ្ធិ​សេរីភាព ការ​ដកហូត​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ការ​រំលោភ​បំពាន​រាងកាយ វាយដំ និង​ការ​ផ្ទេរ​ជនរងគ្រោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស