29.3 C
Phnom Penh

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន អនុម័ត​ដាក់​កូរ៉េខាងត្បូង​ជា​រដ្ឋ​សត្រូវ​ចម្បង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូរ៉េខាងជើង ប្រកាស​បញ្ចប់​គោលនយោបាយ​ស្វះស្វែង​រក​ការ​បង្រួបបង្រួម​ឡើងវិញ​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងត្បូង ខណៈ​មេដឹកនាំ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ បាន​អនុម័ត​ដាក់​កូរ៉េខាងត្បូង គឺជា​រដ្ឋ​សត្រូវ​ចម្បង។

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​បញ្ចូល​ឃ្លា​មួយ​ដែល​ចែង​ថា ប្រទេស​កូរ៉េខាងត្បូង គឺជា​រដ្ឋ​សត្រូវ​ចម្បង​របស់​កូរ៉េខាងជើង។

លោក​បាន​អំពាវនាវ​ដូច្នេះ​នៅ​ក្នុង​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​ចន្ទ នៅ​ចំពោះ​មុខ​សភា​កូរ៉េខាងជើង។

យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ KCNA មេដឹកនាំ​កូរ៉េខាងជើង​បាន​អនុម័ត​ហៅ​កូរ៉េខាងត្បូង គឺជា​រដ្ឋ​សត្រូវ​ចម្បង​ដោយ​ចេញពី​មាត់​លោក​ផ្ទាល់។

លោក គីម ជុងអ៊ុន បាន​និយាយ​ថា រដ្ឋធម្មនុញ្ញ​ក៏​គួរតែ​បញ្ចូល​ផែនការ​ត្រួតត្រា ការ​បង្ក្រាប និង​ការ​ទាមទារ​យក​មក​វិញ​នូវ​កូរ៉េខាងត្បូង​ទាំងមូល ប្រសិនបើ​មាន​សង្គ្រាម​កើត​ឡើង​ជា​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ តែ​លោក គីម ជុងអ៊ុន បញ្ជាក់​ថា កូរ៉េខាងជើង​គ្មាន​បំណង​ចាប់ផ្ដើម​សង្គ្រាម​នោះ​ទេ ហើយ​ក៏​គ្មាន​បំណង​បញ្ចៀស​សង្គ្រាម​ដែរ។

សភា​កូរ៉េខាងជើង​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ក្នុង​សប្ដាហ៍​នេះ​អំពី​ការ​លុប​ចោល​ទីភ្នាក់ងារ​ចំនួន​ពីរ​របស់​រដ្ឋាភិបាល​ដែល​ទទួល​ខុសត្រូវ​ក្នុង​គម្រោង​ផ្ដួចផ្ដើម​បង្រួបបង្រួម​ឡើង​វិញ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទីភ្នាក់ងារ​មួយ​ទៀត​ដែល​ជំរុញ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​កូរ៉េខាងត្បូង​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ Kumgang របស់​កូរ៉េខាងជើង។

កាលពី​ពេល​ថ្មីៗ​នេះ លោក គីម ជុងអ៊ុន បាន​បញ្ជា​ឱ្យ​បំផ្លាញ​ចោល​និមិត្ត​សញ្ញា​ទាំងអស់​នៃ​ការ​បង្រួបបង្រួម​ឡើងវិញ​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បូជនីយដ្ឋាន​តំណាង​ការ​បង្រួបបង្រួម​ជាតិ​ឡើង​វិញ​នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ដែល​កសាង​ឡើង​ដោយ​លោក Kim Jong Il ជា​ឪពុក​របស់​លោក ជុងអ៊ុន ប៉ុន្តែ​លោក ជុងអ៊ុន បាន​ហៅ​បូជនីយដ្ឋាន​នោះ​ថា​ជា​របស់​ទើស​ភ្នែក​លែង​តំណាង​ឱ្យ​និមិត្តរូប​នៃ​ការ​បង្រួបបង្រួម​ជាតិ​ឡើងវិញ​ហើយ។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol បាន​វាយប្រហារ​ធ្ងន់ៗ​ចំពោះ​ការ​លើកឡើង​របស់​លោក គីម ជុងអ៊ុន។ លោក​ព្រមាន​ថា កូរ៉េខាងជើង​នឹង​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ​ច្រើន​ដង ប្រសិនបើ​ប្រទេស​នេះ​បង្ក​សង្គ្រាម​វាយប្រហារ​លើ​កូរ៉េខាងត្បូង។ លោក Yoon Suk Yeol បាន​ថ្លែង​ដូចនេះ​ក្នុង​អំឡុង​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​លោក។

ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង កាន់តែ​អាក្រក់​ទៅៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ខណៈ​ដែល​កូរ៉េខាងជើង បាន​បង្កើន​កម្មវិធី​សាកល្បង​មីស៊ីល​ផ្លោង​របស់​ខ្លួន ហើយ​បាន​ប្ដេជ្ញា​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ឧបទ្វីប​កូរ៉េ ត្រូវ​បាន​បំបែក​រវាង​កូរ៉េខាងជើង ដែល​គ្រប់គ្រង​ដោយ​របប​កុម្មុយនីស្ត និង​ភាគ​ខាងត្បូង​គ្រប់គ្រង​ដោយ​របប​សាធារណរដ្ឋ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

សង្គ្រាម​បាន​ផ្ទុះ​ឡើង​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ក្នុង​ឆ្នាំ​១៩៥០ និង​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៥៣ តាមរយៈ​បទ​ឈប់​បាញ់​គ្នា​ដែល​អង្គការ​សហប្រជាជាតិ​ជា​អ្នក​ត្រួសត្រាយ​ឱ្យ​មាន​យុទ្ធសន្តិភាព និង​តំបន់​មួយ​នៅ​ព្រំដែន​ប្រទេស​ទាំង​ពីរ ហៅថា​តំបន់​គ្មាន​កងទ័ព ឬ DMZ។

ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោក គីម ជុងអ៊ុន បាន​ប្រកាស​រំលាយ​តំបន់​គ្មាន​កងទ័ព DMZ នេះ​ហើយ ដោយ​ចាប់ផ្ដើម​ស្ថាបនា​មូលដ្ឋាន​ទ័ព​ឡើងវិញ​ជាមួយ​នឹង​ការ​ប្រកាស​ឱ្យ​បក្ស​ពលករ​របស់​លោក ពន្លឿន​ការ​ត្រៀម​លក្ខណៈ​សម្រាប់​សង្គ្រាម ក្នុង​នោះ​រួម​មាន​ទាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង ផង​ដែរ។

ការ​ប្រកាស​របស់​លោក គីម ជុងអ៊ុន ធ្វើឡើង​នៅ​ឯ​កិច្ចប្រជុំ​ចុង​ឆ្នាំ​របស់​បក្ស​ពលករ​កូរ៉េ។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ KCNA នៅ​អំឡុង​កិច្ចប្រជុំ​នោះ លោក គីម ជុងអ៊ុន បាន​ស្នើ​ឱ្យ​គណបក្ស​កាន់​អំណាច​តែ​មួយ​គត់​របស់​កូរ៉េខាងជើង នេះ ពន្លឿន​ការ​ត្រៀម​លក្ខណៈ​សម្រាប់​សង្គ្រាម​លើ​គ្រប់​វិស័យ​ទាំងអស់ ក្នុង​នោះ​រួម​មាន​ត្រៀម​អាវុធ​នុយក្លេអ៊ែរ ដែល​ជា​អាវុធ​ប្រល័យ​លោក​ដ៏​គ្រោះថ្នាក់​បំផុត។

ជាមួយ​គ្នា​នេះ លោក ជុងអ៊ុន ក៏​បាន​បញ្ជាក់​ថា ស្ថានការណ៍​យោធា​នៅ​លើ​ឧបទ្វីប​កូរ៉េ កំពុង​ស្ថិត​ក្នុង​សភាព​កាន់តែ​យ៉ាប់យ៉ឺន ដោយសារ​តែ​សកម្មភាព​អរិភាព​មិន​ធ្លាប់​មាន​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ចំពោះ​កូរ៉េខាងជើង។

កាលពី​សប្ដាហ៍​មុន លោក ជុងអ៊ុន បាន​ព្រមាន​ថា ទីក្រុង​ព្យុងយ៉ាង នឹង​មិន​ស្ទាក់ស្ទើរ​ឡើយ​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​សត្រូវ​រករឿង​កូរ៉េខាងជើង​ដែល​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ។

តែ​ការ​ព្រមាន​នេះ កើត​មាន​ឡើង​ក្រោយ​សហរដ្ឋ​អាមេរិក​បញ្ជូន​នាវា​មុជទឹក​មួយ​គ្រឿង​បំពាក់​ដោយ​មីស៊ីល​បាលីស្ទិច ទៅ​កាន់​មូលដ្ឋាន​ទ័ព​ជើងទឹក​ទីក្រុង​ប៊ូសាន នៃ​ប្រទេស​កូរ៉េខាងត្បូង ព្រមទាំង​ការ​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B របស់​ទីក្រុង​វ៉ាស៊ីនតោន ចូលរួម​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន។

ប៉ុន្តែ​ការ​ដែល​លោក ជុងអ៊ុន ប្រកាស​ឱ្យ​មេទ័ព​ត្រៀម​សង្គ្រាម កើត​ឡើង​បន្ទាប់ពី​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ​បាន​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​បាលីស្ទីច ICBM ដល់​ទៅ​ពីរ​គ្រាប់ ដែល​បាន​ហោះ​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន បាន​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន រួម​គ្នា​ធ្វើ​សមយុទ្ធ​ទ័ព​អាកាស​គំរាម​ក្រុង​ព្យុងយ៉ាង។

កាលពី​មួយ​ខែ​មុន​នេះ មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង​រូប​នេះ​បាន​បញ្ជា​ឱ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀត ក្រោយពី​អាវុធ​នេះ​បាន​ដាក់​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​បក្ស​កូរ៉េ KCNA លោក ជុងអ៊ុន ដែល​បាន​ចេញ​បទបញ្ជា​ដូច​នេះ ក្រោយពី​សភា​របស់​ប្រទេស​ផ្ដាច់ការ​មួយ​នេះ​បាន​អនុម័ត​បញ្ចូល​ឋានៈ​ប្រទេស​ជា​មហាអំណាច​អាវុធ​នុយក្លេអ៊ែរ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ។

យោង​តាម​ប្រភព​របស់ KCNA លោក ជុងអ៊ុន បាន​និយាយ​ថា គោលនយោបាយ​កសាង​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ត្រូវ​បាន​បញ្ចូល​ជា​អចិន្ត្រៃយ៍​ជា​មូលដ្ឋាន​ច្បាប់​របស់​រដ្ឋ ដែល​គ្មាន​នរណា​ម្នាក់​អាច​ល្មើស ឬ​បំពាន​បាន​ឡើយ។

អ្នក​សង្កេតការណ៍​ព្រមាន​ថា ឧបទ្វីប​កូរ៉េ​នៅ​សល់​ពេល​តិច​ណាស់​ដែល​ត្រូវ​បញ្ចៀស​សង្គ្រាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស