34.7 C
Phnom Penh

ប្រធាន​សមាគម​ទេសចរណ៍៖ វិស័យ​ទេសចរណ៍​ខ្មែរ​ចាញ់​ប្រៀប​ប្រទេស​ជិតខាង​ដោយសារ​មិន​មាន​ជើងហោះហើរ​ត្រង់​ទៅ​កាន់​ប្រទេស​ធំៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា លើកឡើង​ថា ការ​ចាញ់​ប្រៀប​ខាង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ថៃ និង​វៀតណាម កន្លង​មក ដោយសារតែ​កម្ពុជា​មិន​មាន​ជើងហោះហើរ​ដោយ​ត្រង់​ទៅ​កាន់​ប្រទេស​ធំៗ។

ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន លើកឡើង​ក្នុង​កម្មវិធី​ពិភាក្សា​លើ​ប្រធានបទ «សក្ដានុពល​នៃ​កំណើន​ទេសចរណ៍​កម្ពុជា​ឆ្នាំ​២០២៤» នៅ​ថ្ងៃទី​១៩ មករា ថា ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ប្រទេស​កម្ពុជា គឺ​មក​តាមរយៈ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ចាប់​ប្រៀប​ប្រទេស​ទាំងនេះ​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា ចំណែក​តម្លៃ​ក្នុង​ការ​ចូល​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ខ្ពស់​ជាង​ប្រទេស​ទាំង​ពីរ​នេះ​ដែរ។

អ្នកស្រី ឆាយ ស៊ីវលីន លើកឡើង​ថា បច្ចុប្បន្ន​នេះ ធនធាន​ដើម​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​មាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​កម្ពុជា​នៅ​កង្វះ​ធនធាន​មនុស្ស​ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​រីកចម្រើន​ប៉ុណ្ណោះ ហើយ​បញ្ហា​នេះ​ក៏​ដោយសារតែ​អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​មួយ​ចំនួន កំពុង​ស្ទាក់ស្ទើរ​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​ដែរ​វិញ បន្ទាប់ពី​រង​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ-១៩។

ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​រំពឹង​ថា​កំណើន​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ នឹង​កើន​ឡើង​ជាង​ឆ្នាំ​២០២៣ កន្លង​ទៅ ដោយសារតែ​កម្ពុជា​ចាប់ផ្តើម​មាន​ជើងហោះហើរ​ដោយ​ត្រង់​ជាច្រើន​ចូល​មក​កម្ពុជា​នៅ​ពេលនេះ ជាពិសេស​មាន​ការ​កក់​សំបុត្រ​ពី​ភ្ញៀវ​ទេសចរ​ពី​បណ្តា​ប្រទេស​ធំៗ​ដោយ​ត្រង់ ដើម្បី​មក​លេង​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា វិស័យ​ទេសចរណ៍​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ខ្លាំង ខណៈ​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​លេង​កម្ពុជា​ក៏​សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​សេវាកម្ម​នានា​ផង​ដែរ។

ក្រសួង​ទេសចរណ៍​កម្ពុជា ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មករា ថា ពេញ​មួយ​ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង ៥​លាន​នាក់ (៥ ៤៥៣ ២៣១​នាក់) កើន​ឡើង​ជាង ១៣៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ។

ក្រសួង​ទេសចរណ៍ បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ជាង ៥​លាន ៤​សែន​នាក់​នោះ គឺ​ចូល​មក​កម្ពុជា​តាម​ជើងហោះហើរ​ជាង ១​លាន​នាក់ (១ ៨៦៦ ២៣១​នាក់) មក​តាម​ផ្លូវ​គោក​ជាង ៣​លាន​នាក់ (៣ ៥២០ ៧៣០​នាក់) និង​មក​តាម​ផ្លូវទឹក​ជាង ៦​ម៉ឺន​នាក់ (៦៦ ២៧០​នាក់) ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​សំខាន់​របស់​កម្ពុជា​កន្លង​មក គឺ​មាន​ប្រភព​មកពី​ប្រទេស​ថៃ ប្រទេស​វៀតណាម ប្រទេស​ចិន ប្រទេស​ឡាវ សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ប្រទេស​បារាំង ចក្រភព​អង់គ្លេស និង​ប្រទេស​ម៉ាឡេស៊ី ផង​ដែរ ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្ពុជា​ក្នុង​តួលេខ​ខាងលើ​នេះ បង្ហាញ​ថា កម្ពុជា​បាន​ស្ដារ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ឡើងវិញ​នៅ​ពេលនេះ។

យ៉ាងណាក៏ដោយ មគ្គុទ្ទេសក៍​ទេសចរណ៍​ខេត្ត​សៀមរាប​មួយ​ចំនួន ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៩ មករា ថា ការ​លើកឡើង​របស់​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា គឺ​ពិត​ជា​ត្រឹមត្រូវ ដែល​ថា​ធនធាន​ដើម​នៃ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​មាន​គ្រប់គ្រាន់​នោះ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា រដ្ឋាភិបាល និង​ក្រសួង​ទេសចរណ៍ គ្មាន​សមត្ថភាព​រៀបចំ​វិស័យ​នេះ​ឱ្យ​ដំណើរការ​ដូច​ប្រទេស​ជិតខាង​ប៉ុណ្ណោះ។

មគ្គុទ្ទេសក៍​ទេសចរណ៍​ខាងលើ​លើកឡើង​ថា អ្វីៗ​ក៏​កម្ពុជា​មាន​ដែរ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ ដូចជា ប្រាសាទ​អង្គរវត្ត និង​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ជាច្រើន​ទៀត ប៉ុន្តែ​ក្រសួង​ទេសចរណ៍ និង​រដ្ឋាភិបាល​មិន​បាន​រៀបចំ​សេវាកម្ម​ឱ្យ​បាន​ល្អ​សម្រាប់​ទទួល​ភ្ញៀវ​ដែល​មក​លេង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​បែរ​ជា​បង្ក​ភាព​ស្មុគស្មាញ​ដល់​ភ្ញៀវ​ទេសចរ​ទាំងនោះ​ទៅវិញ ដូចជា បញ្ហា​អំពើពុករលួយ​នៅ​ចក្រ​ទ្វារ​អន្តជាតិ​តាម​អាកាសយានដ្ឋាន​នានា ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​សណ្ឋាគារ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ខេត្ត​សៀមរាប​ជាច្រើន​នាក់ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ ថា ប៉ូលិស​អន្តោប្រវេសន៍​ដែល​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​នានា សម្ងំ​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ភ្ញៀវ​ទេសចរ​ដែល​បាត់​ប័ណ្ណ​ព័ត៌មាន ដែល​ជា​ប័ណ្ណ​កត់ត្រា​អំពី​ប្រវត្តិ​ធ្វើ​ដំណើរ កន្លែង​ស្នាក់នៅ និង​សម្ភារៈ​របស់​ភ្ញៀវ ជាដើម ដោយ​ពួកគេ​តម្រូវ​ឱ្យ​ភ្ញៀវ​បង់​លុយ​ក្នុង​តម្លៃ​ខ្ពស់​ចាប់ពី ១៥០​ដុល្លារ​អាមេរិក​ឡើង​ទៅ​ក្នុង​ម្នាក់ ជា​ថ្នូរ​ឱ្យ​ភ្ញៀវ​ទាំងនោះ​អាច​ចូល​មក​លេង​ក្នុង​ប្រទេស​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់​ថា បើ​ភ្ញៀវ​បរទេស​ណា​មិន​ព្រម​បង់​លុយ ពួកគេ​នឹង​ឃាត់​ខ្លួន​ឱ្យ​រង់ចាំ​នៅ​ក្នុង​ព្រលាន​យន្តហោះ​ចាប់ពី ៣០​នាទី​រហូត​ដល់​ទៅ ១​ម៉ោង ទើប​ពួកគេ​ឱ្យ​ចាកចេញ​ពី​ព្រលាន ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ខឹងសម្បា​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឱ្យ​ពួកគេ​ជះ​កំហឹង​ដាក់​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ខាង​សណ្ឋាគារ​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​ផ្តល់​ពិន្ទុ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ជុំវិញ​សេវាកម្ម​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប ត្រឹមតែ​ផ្កាយ​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ពិន្ទុ​ដែល​មាន​ផ្កាយ​៥ លើ​បណ្ដាញ​អ៊ីនធឺណិត ដោយ​លើកឡើង​ពី​បញ្ហា​អនាម័យ និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ ដូចជា ការ​ទាមទារ​រក​លុយ​ធីប​ពី​ភ្ញៀវ​ទេសចរ​ពី​សំណាក់​បុគ្គលិក​នៅ​ព្រលាន​យន្តហោះ និង​មន្ត្រី​អន្តោប្រវេសន៍​ដែល​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស