29.4 C
Phnom Penh

លោក មុំ អស្សនី ទម្លាយ​ថា​ការ​ប្រកាស​ផ្អាក​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ ដោយសារ​រដ្ឋាភិបាល​ខ្វះ​លុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជំនិត​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការ​ប្រកាស​ផ្អាក​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ​ពី​សំណាក់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខ្វះ​លុយ​ធ្ងន់ធ្ងរ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ ដោយសារ​ឧបសគ្គ​ចាក់ស្រេះ​ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​ចេញ។

អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​មីនា នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ហា និង​ភាព​ទាល់ច្រក​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​កម្ពុជា នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត កំពុង​រៀប​ផែនការ​ប្រមូល​លុយ​ពី​ក្រុម​ឧកញ៉ា ឱ្យ​ចេញ​ទិញ​ដី​របស់​ពលរដ្ឋ​ឡើងវិញ ដើម្បី​ជំរុញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​ដំណើរការ​ឡើងវិញ​ផង និង​ដើម្បី​បិទបាំង​ពី​ភាព​ជាប់​គាំង​ខាង​សេដ្ឋកិច្ច​ក្នុង​អាណត្តិ​ដឹកនាំ​លើកដំបូង​របស់​ខ្លួន​ផង។

លោក មុំ អស្សនី បញ្ជាក់​ថា ដោយសារតែ​រដ្ឋាភិបាល​គ្មាន​លុយ​បែប​នេះ​ហើយ ទើប​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ប្រកាស​លុប​ចោល​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំ​នេះ បើ​ទោះបីជា​ការ​ប្រកាស​លុប​ចោល​នេះ​បាន​បង្អាប់​ដល់​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​អាណត្តិ​ថ្មី​នេះ​ក៏ដោយ ក៏ប៉ុន្តែ​ពួកគេ​គ្មាន​ជម្រើស​ណា​ល្អ​ជាង​នេះ​ទេ ដើម្បី​សន្សំ​លុយ​ទុក​រក្សា​ដំណើរការ​រដ្ឋាភិបាល​គ្រួសារ​និយម​មួយ​នេះ។

កាលពី​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ អ្នក​អត្ថាធិប្បាយ​របស់​ទូរទស្សន៍​ហង្ស​មាស លោក មាស រិទ្ធី បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ថា លោក​បាន​សាកសួរ​លោក ហ៊ុន ម៉ានី ដោយ​ផ្ទាល់​មាត់​ក្នុង​កម្មវិធី​មួយ​អំពី​ការ​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ ប៉ុន្តែ​លោក ហ៊ុន ម៉ានី បាន​ឆ្លើយតប​ដោយ​ខ្លី​ថា លោក​មិន​បាន​ដឹកនាំ​រៀបចំ​កម្មវិធី​អង្គរ​សង្ក្រាន្ត​ទេ​នៅ​ឆ្នាំ​២០២៤ នេះ ដោយសារតែ​លោក​ខ្ជិល​រៀបចំ។

ទោះជា​បែប​នេះ​ក្តី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា លោក មាស រិទ្ធី ពិត​ជា​បាន​សួរ​លោក​មែន​អំពី​ការ​រៀបចំ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ ហើយ​លោក​បាន​ឆ្លើយ​ថា លោក​ទុក​ឱ្យ​រាជធានី-ខេត្ត​រៀបចំ​វិញ។ លោក​មិន​បាន​និយាយ​ថា «ខ្ជិល​រៀបចំ​នោះ​ទេ»។

យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ានី ក៏​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​អង្គរ​សង្រ្កាន្ត​ឆ្នាំ​នេះ​ត្រូវ​តម្រូវ​ឱ្យ​រាជធានី-ខេត្ត​រៀបចំ​ដោយ​ខ្លួនឯង​នោះ​ដែរ។

ពិធី​អង្គរ​សង្ក្រាន្ត​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្រារព្ធ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៣ លើក​ទឹកដី​ខេត្ត​សៀមរាប នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​បន្ត​ប្រារព្ធ​ពិធី​នេះ​រហូត​មក​អស់​រយៈពេល ១០​ឆ្នាំ​ហើយ។

ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤ នេះ រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មិន​បាន​ប្រកាស​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​នេះ​ដូច​មុន​ទេ ដែល​ទង្វើ​នេះ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ​ពី​ផែនការ​របស់​រដ្ឋាភិបាល​ដែល​ខំប្រឹង​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍​ក្នុង​ស្រុក ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​កំពុង​ធ្លាក់​ចុះ​សព្វថ្ងៃ​នេះ។

ជាក់ស្តែង រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​កម្ពុជា​យ៉ាង​ខ្លាំង​តាមរយៈ​នៃ​ការ​បង្កើត​កម្មវិធី​ផ្សេងៗ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា កម្មវិធី​បុណ្យ​ទន្លេ​នៅ​ខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​នេះ ជាដើម ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដំណើរការ​ជាង​មុន ប៉ុន្តែ​ដំណោះស្រាយ​នេះ​ហាក់​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ដោយ​គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ដែល​ជា​ហេតុ​មិន​អាច​ឱ្យ​ពួកគេ​ដើរលេង​ចាយ​លុយ​តាម​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាល។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា​បណ្ឌិត គី សេរីវឌ្ឍន៍ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក ទាល់​តែ​ពលរដ្ឋ​ចាយ​លុយ ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​បង្កើត​កម្មវិធី​ឱ្យ​មាន​ទេសចរ​ក្នុង​ប្រទេស​ជា​បន្តបន្ទាប់ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចាយ​លុយ​ក្នុង​ស្រុក​ឡើងវិញ ដែល​នាំ​ឱ្យ​ចរន្ត​សាច់ប្រាក់​វិល​ទៅវិញ​ទៅមក ព្រោះ​ថា​ការ​ចាយ​លុយ​របស់​មនុស្ស​ម្នាក់ នឹង​ក្លាយ​ទៅ​ជា​ចំណូល​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត។

បណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២៣ គម្រោង​វិនិយោគ​ដែល​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា មាន​ចំនួន​ជិត ៣០០​គម្រោង (២៦៨​គម្រោង) ប៉ុន្តែ​ជា​គម្រោង​ដែល​ទើប​នឹង​ចាប់​អនុវត្ត​បាន​តិចតួច​ប៉ុណ្ណោះ ឬ​ជា​គម្រោង​ដែល​ស្ថិត​ក្នុង​ការ​រង់ចាំ។

ចំណែក​វិស័យ​ទេសចរណ៍​ដែល​ជា​ផ្នែក​មួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ដែរ​នោះ គឺ​មាន​តែ​ទេសចរណ៍​ល្បែង​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ប៉ុណ្ណោះ មិនមែន​ជា​ទេសចរណ៍​ចាយ​លុយ​ដើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​ទេ ដូច្នេះ​វិស័យ​ទេសចរណ៍ នឹង​មិន​អាច​ងើប​ឡើងវិញ​នោះ​ទេ​ក្នុង​រយៈពេល ៤ ទៅ ៥​ឆ្នាំ​ខាងមុខ​នេះ។ លោក​បន្ត​ថា វិស័យ​នេះ​នឹង​មិន​អាច​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស