38 C
Phnom Penh

របប​សឹក​ភូមា​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​មេ​បក្ស​ប្រឆាំង ខណៈ​ជិត​ដល់​ខួប​៣​ឆ្នាំ​នៃ​រដ្ឋប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២៦ មករា នេះ បាន​ឱ្យ​ដឹង​ថា តុលាការ​នៃ​របប​សឹក​ភូមា បាន​ចេញ​បង្គាប់​ទៅ​រដ្ឋាភិបាល​ឱ្យ​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​មេ​បក្ស​ប្រឆាំង គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​តម្លៃ ៩០​លាន​ដុល្លារ ឬ​ស្មើ ៣១៥​ពាន់​លាន​ក្យាត​នៃ​ប្រាក់​ប្រទេស​ភូមា។

តាម​ដីកា​បង្គាប់​របស់​តុលាការ​កំពូល ភូមិគ្រឹះ​របស់​អ្នកស្រី ស៊ូជី ដែល​ស្ថិត​នៅ​ក្រុង​យ៉ាំងហ្គន នឹង​ចាប់​ដាក់​លក់​ចាប់ពី​ថ្ងៃទី​២០ មីនា។ វីឡា​របស់​អ្នកស្រី ស៊ូជី គឺជា​មរតក​របស់​ឪពុក គឺ​លោក អ៊ុងសាន។ វីឡា​នេះ​មាន​រចនាបថ​ជា​លំនៅឋាន​សម័យ​អាណានិគម​អង់គ្លេស។

យ៉ាងណា ភូមិគ្រឹះ​នេះ​មិន​មែន​មាន​ឈ្មោះ​តែ​អ្នកស្រី ស៊ូជី ទេ​ជា​កម្មសិទ្ធិករ គឺ​បងប្រុស​ម្នាក់​របស់​អ្នកស្រី គឺ​លោក អ៊ុងសាន អូ ក៏​មាន​កម្មសិទ្ធិ​ផង​ដែរ។ អ្នកស្រី ស៊ូជី មាន​កម្មសិទ្ធិ​នៅ​ជាន់​ទី​១ នៃ​វីឡា​នេះ។ ភូមិគ្រឹះ​នេះ​ហើយ​ដែល​អ្នកស្រី ស៊ូជី ត្រូវ​បាន​ពួក​យោធា​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​រយៈពេល ១៥​ឆ្នាំ។

អ្នកស្រី ស៊ូជី បច្ចុប្បន្ន​មាន​អាយុ ៧៨​ឆ្នាំ។ អ្នកស្រី​ប្រឈមមុខ​នឹង​ការ​កាត់ទោស ៣៣​ឆ្នាំ ដែល​តុលាការ​សឹក​បាន​កំណត់​ទោស​ដូចនេះ​ក្នុង​សំណុំរឿង​ជាង ១០ ក្នុង​នោះ​មាន​ទាំង​ទោស​ក្បត់​ជាតិ និង​ទោស​បង្ក​អសន្តិសុខ​ផង​ដែរ។

នា​ពេលនេះ អ្នកស្រី ស៊ូជី មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​របស់​អ្នកស្រី​នោះ​ទេ។ អ្នកស្រី​ត្រូវ​បាន​ពួក​យោធា​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​ជាយក្រុង​ណៃភិដោ។

នៅ​សល់​មួយ​សប្ដាហ៍​ទៀត នឹង​ចូល​ដល់​ខួប ៣​ឆ្នាំ​នៃ​ថ្ងៃ​រដ្ឋប្រហារ

ការ​បង្គាប់​របស់​តុលាការ​កំពូល​នៃ​របប​សឹក​ដែល​ឱ្យ​រដ្ឋាភិបាល​បិទ​ស្លាក​ដាក់​លក់​ភូមិគ្រឹះ​អ្នកស្រី ស៊ូជី ធ្វើឡើង​មុន​មួយ​សប្ដាហ៍​ដែល​ប្រទេស​ភូមា ចូល​ខួប ៣​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ជា​រដ្ឋប្រហារ​របស់​ពួក​យោធា​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្លន់​អំណាច​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី ស៊ូជី។ ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ជា​ព្រឹត្តិការណ៍​យោធា​បិទ​បញ្ចប់​របប​ប្រជាធិបតេយ្យ​ដែល​មាន​អាយុ​ត្រឹមតែ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ។

រដ្ឋប្រហារ​នៅ​ពេល​នោះ គឺ​ពួក​យោធា​បង្កើត​ព្រឹត្តិការណ៍​នេះ​ដោយសារ​តែ​ចោទ​រដ្ឋាភិបាល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោកស្រី អ៊ុងសាន ស៊ូជី ជា​អ្នក​បន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ការ​បោះឆ្នោត​លើក​ទី​២ នៅ​ពេល​នោះ គឺ​បក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី បន្ត​ឈ្នះ​ភ្លូកទឹកភ្លូកដី ដោយ​ឈ្នះ​លើ​គណបក្ស​របស់​ពួក​យោធា។ ការ​ឈ្នះ​របស់​គណបក្ស​ប្រជាធិបតេយ្យ​លើក​នេះ អាច​នាំ​ឱ្យ​អ្នកស្រី ស៊ូជី ងាយ​យក​អំណាច​បាន គឺ​អំណាច​ប្រធានាធិបតី ព្រោះ​អាសនៈ​សភា​ស្ទើរ​ទាំងអស់​ធ្លាក់​ក្នុង​ដៃ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នេះ។

អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​មើល​ឃើញ​ថា ពួក​យោធា​ភូមា​ដែល​ដឹង​ច្បាស់​ណាស់​ថា​ខ្លួន​ពុំ​មាន​សិទ្ធិ​ទាល់តែសោះ​នៅ​ក្នុង​សភា គឺ​មិន​ដូច​អាណត្តិ​ទី​មួយ​នោះ ក៏​សម្រេច​ធ្វើ​រដ្ឋប្រហារ។ រដ្ឋប្រហារ​របស់​ពួក​យោធា​នេះ នាំ​ឱ្យ​មាន​ការ​ផ្ទុះ​បាតុកម្ម​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ពួក​យោធា ហើយ​បន្ថែម​លើ​នេះ បង្ក​ផ្ទុះ​សង្គ្រាម​ស៊ីវិល​ផង​ដែរ។ មក​ដល់​ពេលនេះ សង្គ្រាម​ស៊ីវិល​ផ្ទុះ​ពេញ​ប្រទេស។

កម្លាំង​ដឹកនាំ​សង្គ្រាម​ស៊ីវិល គឺ​ចេញពី​រដ្ឋាភិបាល​ស្រមោល​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​សហការ​ជាមួយ​នឹង​កងទ័ព​នៃ​ជនជាតិ​ដើម​ភាគតិច។

យ៉ាងណា របប​សឹក​ភូមា​សម្លាប់​ក្រុម​ប្រឆាំង​មិន​តិច​ជាង ៦​ពាន់​នាក់​នោះ​ទេ ខណៈ​ជិត ២​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ក្នុង​នោះ​មាន​អ្នក​នយោបាយ​កំពូលៗ​ដល់​ទៅ ៣០០​នាក់ មាន​ទាំង​សមាជិក​សភា សមាជិក​គណៈរដ្ឋមន្ដ្រី ប្រធានាធិបតី មីនម្យីន និង​អ្នកស្រី ស៊ូជី។

ពិភពលោក​រួម​គ្នា​ថ្កោលទោស​បន្តបន្ទាប់​រហូត​មក​ដល់​ពេលនេះ ហើយ​ទាមទារ​ឱ្យ​របប​សឹក​ភូមា បញ្ឈប់​ការ​គ្រប់គ្រង​អំណាច ដោយ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ។

សមាគម​អាស៊ាន សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា អូស្ត្រាលី ជប៉ុន ឥណ្ឌា រួម​ទាំង​អង្គការ​សហប្រជាជាតិ មិន​បាន​ទទួលស្គាល់​របប​សឹក​ភូមា ជា​របប​ស្រប​ច្បាប់​នោះ​ទេ។ គេ​រំពឹង​ថា ចូល​ដល់​ខួប ៣​ឆ្នាំ​ខាងមុខ​នេះ អង្គការ​សហប្រជាជាតិ​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ទៀត ដើម្បី​បញ្ជាក់​ពី​ការ​ថ្កោលទោស​ឡើងវិញ​ប្រឆាំង​នឹង​របប​សឹក​នេះ។

សហគមន៍​អន្តរជាតិ​នៅតែ​ដាក់​គំនាប​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ ហើយ​ត្រូវ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ ក្នុង​នោះ​មាន​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស