28.7 C
Phnom Penh

កម្ពុជា-ថៃ ឯកភាព​គ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ពី «ការ​ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព និង​វិបុលភាព» ឲ្យ​ទៅ​ជា «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ» និង​ផ្លាស់ប្ដូរ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន​៥ នៅ​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រី​ថៃ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​ក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃទី​៧ កុម្ភៈ។

នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ នាយករដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ផ្លាស់ប្ដូរ​យោបល់​លើ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន រួម​មាន វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារ​ជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និង​វិស័យ​ថាមពល។

ជាមួយ​គ្នា​នេះ មេដឹកនាំ​កម្ពុជា-ថៃ ក៏​បាន​ពិភាក្សា​អំពី​កិច្ចការ​ក្នុង​តំបន់ និង​សកល និង​សន្យា​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅ​លើ​វេទិកា​អន្តរជាតិ ជាពិសេស​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ និង​ការ​កសាង​ព្រំដែន​ប្រទេស​ទាំង​ពីរ​ទៅ​ជា​ព្រំដែន​សន្តិភាព និង​វិបុលភាព​ផង​ដែរ។

ប្រភព​ដដែល​បាន​លើកឡើង​ថា នៅ​ក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​នយោបាយ និង​ការទូត ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ឯកភាព​លើ​ការ​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ពី “ការ​ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព និង​វិបុលភាព” ឲ្យ​ទៅ​ជា “ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ” ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ជាតិ និង​ប្រជាជន។

រដ្ឋាភិបាល​កម្ពុជា និង​ថៃ ក៏​បាន​ព្រមព្រៀង​គ្នា​ចុះហត្ថលេខា និង​ផ្លាស់ប្ដូរ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន ៥ រួម​មាន៖

  1. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សិក្សាធិការ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា និង​ក្រសួង​ឧត្ដមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​ថៃ។
  2. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ទំនិញ​ឆ្លងកាត់​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​នាយកដ្ឋាន​គយ​ថៃ។
  3. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នៃ​ការ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​ការ​ឆ្លើយតប​គ្រោះអាសន្ន​រវាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កម្ពុជា និង​ក្រសួង​មហាផ្ទៃ​ថៃ។
  4. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ធនាគារ​នាំចេញ-នាំចូល​ថៃ។
  5. និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ថៃ។

មុន​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​សកម្មជន​ខ្មែរ ៣​នាក់​កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​នោះ គឺ​ដើម្បី​ទប់ស្កាត់​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​មាន​វត្តមាន​នៅ​ប្រទេស​ថៃ។

សកម្មជន​ខ្មែរ ៣​នាក់​ដែល​ជា​ជន​ភៀសខ្លួន​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​នោះ​រួម​មាន លោក គង់ រ៉ៃយ៉ា និង​លោក ផន ផាន់ណា ជា​អតីត​សមាជិក​គណបក្ស​ភ្លើង​ទៀន និង​ម្នាក់​ទៀត​ឈ្មោះ លឹម សុខា ជា​អនុប្រធាន​គណៈកម្មការ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស