30.8 C
Phnom Penh

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ចាត់ទុក​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ថ្មី​គាប​សង្កត់​សិទ្ធិមនុស្ស​ឆ្លងដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុក​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​គាប​សង្កត់​សិទ្ធិមនុស្ស​ឆ្លងដែន​ថ្មី​របស់​កម្ពុជា បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បាន​លើក​សរសើរ​ជា​សាធារណៈ​ដល់​រដ្ឋាភិបាល​ថៃ ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​កម្ពុជា​ក្នុង​ទឹកដី​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ទង្វើ​នេះ​បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត កំពុងតែ​ធ្វើ​ឱ្យ​កាន់តែ​សាហាវ​ជាង​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​០៧ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត កំពុង​ព្យាយាម​ធ្វើ​ឱ្យ​លើស​ពី​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន ក្នុង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ និង​ការ​បំពាន​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​បំពាន​សិទ្ធិមនុស្ស​ឆ្លងដែន។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើង​ថា តាមរយៈ​នៃ​ការ​ព្យាយាម​លុប​បំបាត់​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​ដែល​រត់​ភៀស​ខ្លួន​ទៅ​រស់នៅ​ក្នុង​ដី​ថៃ នៅ​ពេលនេះ គឺជា​រឿង​គួរ​ឱ្យ​អាម៉ាស់​ជាទីបំផុត​ដែល​រដ្ឋាភិបាល​ថៃ​ថ្មី កំពុង​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​អំពើ​ដ៏​ឃោរឃៅ​នេះ ដោយ​ការ​ចាប់​ខ្លួន​ជន​ភៀសខ្លួន​កម្ពុជា​ដែល​រត់​ចេញពី​ការ​គ្រប់គ្រង​ដោយ​ប្រើ​កណ្ដាប់ដៃ​ដែក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​រហូត​មក​នោះ។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា ជន​ភៀសខ្លួន​ទាំងនេះ​គួរតែ​ត្រូវ​បាន​ដោះលែង​ភ្លាមៗ និង​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព និង​ត្រូវ​បាន​ការពារ​នៅ​ក្នុង​ប្រទេស​ទី​បី ប្រសិនបើ​នោះ​គឺជា​អ្វី​ដែល​ពួកគេ​ចង់បាន។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សង្កត់​ធ្ងន់​ថា មេដឹកនាំ​របស់​ប្រទេស​ថៃ គួរតែ​ទទួលស្គាល់​ថា ការ​ធ្វើ​ជា​អ្នក​ជិតខាង​ល្អ ក៏​ត្រូវ​គិតគូរ​អំពី​ការ​លើក​កម្ពស់​សេរីភាព កម្ពស់​មនុស្ស​ជាតិ​ដែរ មិនមែន​ត្រឹមតែ​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ធ្វើ​កិច្ចព្រមព្រៀង​ឧស្ម័ន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​លើក​សរសើរ​អាជ្ញាធរ​ថៃ ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​ជ្រកកោន​ក្នុង​ទឹកដី​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។

នាយករដ្ឋមន្ត្រី​ត​ត្រកូល​នៅ​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរគុណ​ដល់​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា លោក​សូម​អរគុណ​ជា​ខ្លាំង​ដល់​រដ្ឋាភិបាល​ថៃ ចំពោះ​ការ​ប្រឆាំង​មិន​អនុញ្ញាត​ឱ្យ​ទឹកដី​ថៃ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​ណា​មួយ​ដើម្បី​លូក​ដៃ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

ចំណែក​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ក៏​បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​នោះ​ដែរ​ថា រដ្ឋាភិបាល​ថៃ នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រព្រឹត្ត​សកម្មភាព​គ្រោះថ្នាក់​ប្រឆាំង​នឹង​ប្រទេស​ជិតខាង​ឡើយ ហើយ​ថា ថៃ​នឹង​អនុវត្ត​ច្បាប់​របស់​ប្រទេស​យ៉ាង​តឹងរ៉ឹង។

ជន​ភៀសខ្លួន​ខ្មែរ​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​លោក ផន ផាន់ណា លោក គង់ រ៉ៃយ៉ា និង​លោក លឹម សុខា និង​ក្រុម​គ្រួសារ​របស់​ពួកគេ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​សកម្មជន​នយោបាយ​ទាំងនោះ​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ ដោយសារ​បារម្ភ​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។

ជុំវិញ​បញ្ហា​នេះ ជន​ភៀសខ្លួន​ម្នាក់​ក្នុង​ចំណោម​ជន​ភៀសខ្លួន ២​នាក់​ផ្សេង​ទៀត ឈ្មោះ គង់ រ៉ៃយ៉ា បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក និង​សកម្មជន ២​នាក់​ទៀត​នៅ​ពេលនេះ គឺជា «ហេតុផល​នយោបាយ» ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នៅ​ប្រទេស​ថៃ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា គិត​ត្រឹម​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ៧​នាក់​ហើយ​ដែល​ជ្រកកោន​នៅ​ប្រទេស​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នោះ ដូចជា កញ្ញា អេង ម៉ាឡៃ ហៅ សូមេត្តា និង​សាច់ញាតិ​របស់​កញ្ញា ជាដើម បើ​ទោះបីជា​ពួកគេ​មាន​បណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​នាម​ជា​ជន​ភៀសខ្លួន ដែល​ចេញ​ដោយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ហើយ (UNHCR) ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស