31 C
Phnom Penh

ព្រះមហាក្សត្រ​សម្រេច​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ច្បាប់​តាម​ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សម្រេច​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ច្បាប់​សម្រាប់​ប្រើ​ជា​យន្តការ​ដឹកនាំ​សម្របសម្រួល និង​ជំរុញ​ការ​អនុវត្ត​ការងារ​កែទម្រង់​ច្បាប់​របស់​កម្ពុជា ក្នុង​គោលបំណង​ពង្រឹង លើក​កម្ពស់​គោលការណ៍​នីតិរដ្ឋ និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ តាម​ការ​ស្នើសុំ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត។

ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ស្ដីពី​ការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ច្បាប់ កាលពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ ក្រោម​ហេតុផល​ថា ការ​បង្កើត​គណៈកម្មាធិការ​នេះ​គឺ​ដើម្បី​ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​តាក់តែង និង​ផ្តល់​យោបល់​លើ​ការ​រៀបចំ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា សំដៅ​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​មុខ។

ព្រះរាជក្រឹត្យ​ដដែល​លើកឡើង​ថា គណៈកម្មាធិការ​នេះ​មាន​តួនាទី​ត្រួតពិនិត្យ និង​វាយតម្លៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការងារ​កែទម្រង់​ច្បាប់ ហើយ​ក៏​មាន​តួនាទី​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​ការ​អនុវត្ត​ច្បាប់ ឬ​លិខិត​បទដ្ឋាន​គតិយុត្តិ​នៅ​តាម​ក្រសួង​ស្ថាប័ន​របស់​រដ្ឋាភិបាល​ផង​ដែរ។ ស្ថាប័ន​មួយ​នេះ​ក៏​អាច​ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការងារ​កែទម្រង់​ច្បាប់ និង​លើក​ជា​សំណើ​អំពី​វិធានការ​ចាំបាច់​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​សម្រេច​ផង​ដែរ។

ព្រះរាជក្រឹត្យ​ដដែល​នេះ បញ្ជាក់​ថា ក្រសួង​ស្ថាប័ន​នីមួយៗ​របស់​រាជរដ្ឋាភិបាល ត្រូវតែ​បង្កើត​ក្រុម​ការងារ​កែទម្រង់​ច្បាប់​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​របស់​ខ្លួន ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ ខណៈ​សមាជិក​នៃ​គណៈកម្មាធិការ​នេះ​សុទ្ធសឹងតែ​ជា​រដ្ឋលេខាធិការ​ដែល​មកពី​ក្រសួង​នីមួយៗ ក្នុង​នោះ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត គឺជា​ប្រធាន ដែល​ត្រូវ​ដឹកនាំ​គណៈកម្មាធិការ​នេះ​ក្នុង​ការ​អនុវត្ត​ការងារ​ទៅ​ថ្ងៃ​មុខ។

ការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​ការ​កែទម្រង់​ច្បាប់​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​ដើម្បី​តែ​ការពារ​អំណាច​ត្រកូល​ហ៊ុន ក្នុង​បំណង​ដើម្បី​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ទៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៧ កុម្ភៈ នេះ​ថា ការ​ប្រកាស​បង្កើត​គណៈកម្មាធិការ​កែទម្រង់​ច្បាប់​ដែល​ធ្វើឡើង​ដោយ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេលនេះ គ្រាន់តែ​ធ្វើឡើង​ដើម្បី​បោកប្រាស់​ពលរដ្ឋ​ប៉ុណ្ណោះ ព្រោះ​ថា​ការ​ប្រកាស​កែទម្រង់​ច្បាប់​បែប​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​អួត​តាំងពី​ជំនាន់​លោក សុខ អាន នៅ​មាន​ជីវិត​ក្នុង​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​មក​ម្ល៉េះ ប៉ុន្តែ​ជា​លទ្ធផល គឺ​មាន​តែ​ការ​រំលោភ​ច្បាប់​ពី​សំណាក់​ក្រុម​មេដឹកនាំ​ទាំងនោះ​តែប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល ហ៊ុន សព្វថ្ងៃ​នេះ កម្ពុជា​មិន​ស្ថិត​ក្នុង​រដ្ឋាភិបាល​គណបក្ស​និយម​ទេ គឺ​ធ្លាក់​ដល់​ស្ថានភាព​រដ្ឋាភិបាល​គ្រួសារ​បក្ខពួក​និយម​ទៅ​ហើយ ដូច្នេះ​ច្បាប់​ទាំងឡាយ​ដែល​ចែង​មក​ដើម្បី​ការពារ​ផល​ប្រយោជន៍​ប្រទេស​ជាតិ និង​ពលរដ្ឋ ត្រូវ​បាន​ពួកគេ​យក​មក​ប្រើ​ដើម្បី​តែ​ការពារ​វង្ស​ត្រកូល​ហ៊ុន​ទៅ​ហើយ។

លោក​បន្ត​ថា រាល់​ការ​រិះគន់​របស់​ពលរដ្ឋ​តែងតែ​ត្រូវ​ពួកគេ​ប្តឹង​យក​ទៅ​ដាក់​គុក ក្រោម​បទ​ចោទ​ផ្សេងៗ ដូចជា បទ​បរិហារ​កេរ្តិ៍ និង​បទ​ញុះញង់ ជាដើម ស្រប​ពេល​ដែល​ពួកគេ​គឺជា​ដើមបណ្ដឹង ហើយ​ជា​អ្នក​កាត់​សេចក្តី​ថែម​ទៀត។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មាធិការ​នេះ មិន​មាន​ប្រយោជន៍​អ្វី​សម្រាប់​ពលរដ្ឋ​ទេ។ ជាក់ស្តែង ការ​ប្រកាស​កំណែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ និង​ប្រព័ន្ធ​យុត្តិធម៌​របស់​លោក ហ៊ុន ម៉ាណែត ជា​បន្តបន្ទាប់​នៅ​ពេលនេះ កាន់តែ​ធ្វើ​ឲ្យ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កាន់តែ​ចង្អៀត។

លោក​បន្ថែម​ថា ក្នុង​ន័យ​ដូច​គ្នា​នេះ ការ​កែ​រដ្ឋធម្មនុញ្ញ កែ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ រហូត​ទៅ​ដល់​បង្កើត​ច្បាប់​ថ្មី​ដែល​ផ្តល់​អំណាច​ដល់​នាយករដ្ឋមន្ត្រី​កាន់កាប់​កងទ័ព​ទាំងអស់​នៅ​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​គ្រា​អាសន្ន ដែល​ធ្វើឡើង​ដោយ​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន ក៏​ជា​ផែនការ​ក្នុង​ការ​កម្ទេច​គូប្រជែង​នយោបាយ​ដែល​ហ៊ាន​ងើប​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែរ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២៣ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ដាក់​ចំណាត់ថ្នាក់​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស​១៤២ ដល់​កម្ពុជា ដោយសារតែ​គេ​រក​ឃើញ​ពី​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម។

ចំណែក​ប្រធាន​ផ្សព្វផ្សាយ​វិទ្យុ​ផ្សព្វផ្សាយ វីអូឌី (VOD) លោក ប៉ា ងួនទៀង ធ្លាប់​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​ខ្មែរ​ស្ទើរតែ​ទូទាំង​ប្រទេស​សុទ្ធសឹងតែ​បាន​រង​នូវ​ភាព​អយុត្តិធម៌​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ ដូចជា អំពើ​អយុត្តិធម៌​ក្នុង​ការ​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ ការ​បង្ក្រាប​ដើម្បី​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​នានា​ដែល​កាត់ទោស​ដោយ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ ដែល​ប្រាសចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​បិទ​លំហ​សេរីភាព​នយោបាយ និង​ការ​បង្កើត​ឱ្យ​មាន​អំពើ​និទណ្ឌភាព​លើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​សព្វថ្ងៃ​នេះ ជាដើម។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ស្ថាប័ន​ដែល​ជា​សសរស្ដម្ភ​ធំៗ​ទាំង ៣ របស់​ជាតិ គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ បាន​ក្លាយ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង​ទៅ​ហើយ ដូច្នេះ​យុត្តិធម៌​នឹង​កើត​មាន​សម្រាប់​តែ​បក្ខពួក​អ្នក​មាន​អំណាច​ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ស្លូតត្រង់ នឹង​ក្លាយ​ជា​ជនរងគ្រោះ​ពី​ប្រព័ន្ធ​យុត្តិធម៌​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស