29 C
Phnom Penh

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​គណៈកម្មការ​ប្រឹក្សា​ការងារ​អាណត្តិ​ថ្មី​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ធានា​ឱ្យ​មាន​វត្តមាន​សហជីព​ឯករាជ្យ​និង​តំណាង​ភាគី​កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ ជំរុញ​ឱ្យ​គណៈកម្មការ​ប្រឹក្សា​ការងារ​អាណត្តិ​ថ្មី​ឆ្នាំ​២០២៤ ធ្វើ​កំណែ​ទម្រង់​ឡើងវិញ ដើម្បី​ធានា​ឱ្យ​មាន​វត្តមាន​សហជីព​ឯករាជ្យ​លើ​គ្រប់​វិស័យ​ក្នុង​ការ​ធានា​សិទ្ធិ​មូលដ្ឋាន​របស់​កម្មករ​និយោជិត។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា គណៈកម្មការ​ប្រឹក្សា​អាណត្តិ​ទី​១២​ថ្មី​នេះ គួរតែ​ធ្វើ​កំណែ​ទម្រង់​ឡើងវិញ ដើម្បី​ធានា​ឱ្យ​មាន​វត្តមាន​សហជីព​ឯករាជ្យ​ដែល​តំណាង​ឲ្យ​វិស័យ​ផ្សេងៗ ដូចជា វិស័យ​សំណង់ វិស័យ​សេវាកម្ម វិស័យ​សណ្ឋាគារ និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាដើម ដើម្បី​ជួយ​ការពារ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​និយោជិត​ពី​សំណាក់​ក្រុម​ថៅកែ​ក្រុមហ៊ុន​ដូច​ដែល​ធ្លាប់​កើត​មាន​កន្លង​មក។

លោក ឃុន ថារ៉ូ លើកឡើង​ថា គណៈកម្មការ​ប្រឹក្សា​ការងារ​ខាងលើ​នេះ​ក៏​ត្រូវ​រៀបចំ​សមាសភាព​តំណាង​ភាគី​កម្មករ​និយោជិត​ឱ្យ​មាន​សុក្រឹតភាព​ដែរ ព្រោះ​ថា​សមាសភាព​តំណាង​ភាគី​កម្មករ​និយោជិត​ដែល​ត្រូវ​បាន​តែងតាំង​សម្រាប់​អាណត្តិ​ថ្មី​នេះ ភាគច្រើន​សុទ្ធសឹងតែ​ជា​ថ្នាក់​ដឹកនាំ​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​ភាគី​រដ្ឋាភិបាល​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ថា ពួកគេ​មិន​អាច​ធានា​ភាព​ជា​តំណាង​ឱ្យ​ភាគី​កម្មករ​និយោជិត​ដោយ​ពិតប្រាកដ ក្នុង​ការ​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ជូន​កម្មករ​និយោជិត​ទៅ​ថ្ងៃ​មុខ។

លោក​បន្ថែម​ថា បើ​គ្មាន​ការ​ធ្វើ​កំណែ​ទម្រង់​ឱ្យ​បាន​ត្រឹមត្រូវ​ទេ នឹង​មិន​អាច​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ទ្បើង​នូវ​ប្រព័ន្ធ​អភិបាលកិច្ច ក្នុង​ការ​លើក​កម្ពស់​សុខមាលភាព សិទ្ធិ​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង​វិស័យ​ការងារ​បាន​ទេ ដោយសារតែ​សមាសភាព​ក្រុម​សហជីព​ឯករាជ្យ​នៅ​តាម​វិស័យ​នីមួយៗ​នៅ​តែ​បន្ត​អវត្តមាន។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សង់ត្រាល់​រូប​នេះ អះអាង​ថា ការ​តែងតាំង​សមាសភាព​នានា​សម្រាប់​អាណត្តិ​ថ្មី​នេះ វា​ហាក់ដូចជា​ចេតនា​ក្នុង​ការ​រៀបចំ​យន្តការ​ដើម្បី​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ ព្រោះ​ថា​ការ​រៀបចំ​បែប​នេះ នឹង​មិន​ឆ្លុះបញ្ចាំង​ពី​យន្តការ​ប្រជាធិបតេយ្យ និង​ការ​កំណត់​ដែល​មាន​លក្ខណវិនិច្ឆ័យ​ដោយ​សុក្រឹត និង​ប្រកប​ដោយ​តម្លាភាព​នោះ​ទេ ពីព្រោះ​សមាសភាព​របស់​គណៈកម្មការ​ថ្មី​នេះ នៅតែ​មិន​ទទួល​បាន​ការ​ទុកចិត្ត​ថា​នឹង​អាច​ធានា​ឱ្យ​មាន​វត្តមាន​សហជីព​ឯករាជ្យ និង​សមាសភាព​តំណាង​ភាគី​កម្មករ​និយោជិត​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ​នៅ​ឡើយ។

កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​តែងតាំង​សមាជិក​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​សម្រាប់​អាណត្តិ​ទី​១២ ក្នុង​ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ ដោយ​តែងតាំង​សមាជិក​ពេញ​សិទ្ធិ​នៃ​គណៈកម្មការ​ប្រឹក្សា​ការងារ​អម​ក្រសួង​ការងារ ដូចជា ការ​តែងតាំង​ឱ្យ​មាន​តំណាង​ភាគី​រាជរដ្ឋាភិបាល​ដែល​មាន​លោក ហេង សួរ ជា​ប្រធាន ខណៈ​សមាជិក​ទាំង ១៣​នាក់​ផ្សេង​ទៀត​សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​មកពី​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ទាំងអស់។

ជាង​នេះ​ទៀត ក៏​មាន​ការ​តែងតាំង​ឱ្យ​មាន​តំណាង​ភាគី​កម្មករ​និយោជិត​ដែរ ដែល​បញ្ចូល​ជា​សមាជិក​របស់​គណៈកម្មាធិការ​នេះ ប៉ុន្តែ​តំណាង​ភាគី​កម្មករ​និយោជិត​ដែល​មកពី​សហជីព​នានា​ដែល​គេ​រំពឹង​ថា​នឹង​ស្វែងរក​ផល​ប្រយោជន៍​សម្រាប់​កម្មករ​ពិតប្រាកដ គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ដូចជា ប្រធាន​សហភាព​ការងារ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា និង​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​លោក គង់ អាទិត្យ ជាដើម ខណៈ​ភាគច្រើន​លើសលប់​សុទ្ធសឹងតែ​តំណាង​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល និង​រក​ផល​ប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​លាតត្រដាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្មករ​និយោជិត​បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ​ក្នុង​សហគ្រាស និង​គ្រឹះស្ថាន​ដែល​ពួកគេ​ធ្វើការ​តាម​ច្បាប់​កំណត់ ប៉ុន្តែ​និយោជក​មួយ​ចំនួន​ប្រើប្រាស់​ល្បិចកល​គ្រប់​រូបភាព ដើម្បី​បណ្តេញ​កម្មករ​និយោជិត​ដែល​ជា​សហ​ស្ថាបនិក​សហជីព​ចេញពី​ការងារ​របស់​ពួកគេ និង​មាន​ករណី​បិទ​ទ្វារ​រោងចក្រ​ដោយ​មិន​មាន​ការ​ទូទាត់​សំណង​តាម​ច្បាប់​ស្ដីពី​ការងារ​ជា​ធរមាន ជាដើម។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ ដោយ​ចាត់ទុក​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បង្ក្រាប​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សហជីព​ឯករាជ្យ គឺជា​ការ​បិទ​លំហ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បញ្ជាក់​ថា អាជ្ញាធរ​រដ្ឋ និង​ក្រុមហ៊ុន​រោងចក្រ បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង​ក្នុង​ការ​បំបិទ​សិទ្ធិ​ក្រុម​សហជីព និង​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត នៅ​ពេល​ដែល​សហជីព​ឯករាជ្យ​ទាំងនោះ​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ភាគី​ថៅកែ​រោងចក្រ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​កន្លែង​ធ្វើការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស