26 C
Phnom Penh

សង្គម​ស៊ីវិល​នៅតែ​បារម្ភ​អំពី​សិទ្ធិ​ការងារ ពីព្រោះ​សិទ្ធិ​ការងារ​នៅតែ​មាន​ការ​រំលោភ​បំពាន​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល អះអាង​ថា លោក​នៅតែ​មាន​ការ​បារម្ភ​ពី​ស្ថានភាព​ក្នុង​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា ទោះបីជា​រដ្ឋាភិបាល និង​ក្រសួង​ការងារ អះអាង​ពី​ការ​ធានា​លើក​កម្ពស់​វិស័យ​នេះ​ក៏ដោយ ព្រោះ​ថា​សិទ្ធិ​កម្មករ​និយោជិត​នៅតែ​រង​នូវ​ការ​រំលោភ​បំពាន និង​សហជីព​ឯករាជ្យ​នៅតែ​រង​ការ​យាយី​ដដែល​សព្វថ្ងៃ​នេះ។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ កុម្ភៈ នេះ​ថា រោងចក្រ​មួយ​ចំនួន​ដែល​បាន​បញ្ឈប់​បុគ្គលិក​ពី​ការងារ មិន​បាន​គោរព​លក្ខខណ្ឌ និង​ច្បាប់​ការងារ​នៅ​ប្រទេស​កម្ពុជា​ទេ ខណៈ​កម្មករ​ដែល​នៅ​បម្រើការ​មិន​ទាន់​ត្រូវ​បាន​បញ្ឈប់ ត្រូវ​បាន​ថៅកែ​រោងចក្រ​បង្ខំ​ឱ្យ​ឈប់​សម្រាក​ពី​ការងារ​ដោយ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ទៅ​តាម​ច្បាប់​កំណត់ រួម​ទាំង​ត្រូវ​កាត់បន្ថយ​ម៉ោង​ធ្វើការ​របស់​ពួកគេ​ថែម​ទៀត។

លោក ឃុន ថារ៉ូ លើកឡើង​ថា និន្នាការ​ព្យួរ​ការងារ និង​បញ្ឈប់​ពី​ការងារ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សហជីព​ឯករាជ្យ​នៅ​តាម​រោងចក្រ បាន​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់ ខណៈ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត មិន​ទាន់​ដាក់​ចេញ​នូវ​វិធានការ​ណា​មួយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ដែល​កំពុងតែ​កើត​មាន​ទាំងអស់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ខណៈ​កម្មករ​និយោជិត និង​ថ្នាក់​ដឹកនាំ​សហជីព​ខ្លះ ត្រូវ​រង​នូវ​ការ​បញ្ឈប់​ពី​ការងារ​ទាំង​បង្ខំ និង​ត្រូវ​រង​នូវ​ការ​ប្តឹងផ្តល់​ពី​ថៅកែ​ក្រុមហ៊ុន​ជា​បន្តបន្ទាប់។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​កំណែ​ទម្រង់​ឡើងវិញ​ដើម្បី​ធានា​ឱ្យ​មាន​វត្តមាន​សហជីព​ឯករាជ្យ​លើ​គ្រប់​វិស័យ ក្នុង​ការ​ធានា​សិទ្ធិ​មូលដ្ឋាន​របស់​កម្មករ​និយោជិត ក្នុង​នោះ​ក៏​ត្រូវ​រៀបចំ​ឱ្យ​មាន​សមាសភាព​តំណាង​ភាគី​កម្មករ​និយោជិត​ពិតប្រាកដ​ដែល​អាច​ធានា​នូវ​ផល​ប្រយោជន៍​របស់​កម្មករ​ផង​ដែរ នោះ​ទើប​អាច​ធានា​បាន​នូវ​វិស័យ​ការងារ​មាន​ភាព​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​មុខ​បាន។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ផ្តល់​អនុសាសន៍ ១៣​ចំណុច​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដើម្បី​ជំរុញ​វិស័យ​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ក្រសួង​ការងារ ត្រូវតែ​ខិតខំ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​វិធានការ​កែ​ទម្រង់​ឱ្យ​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​វិស័យ​ឯកជន ត្រូវ​បន្ត​ពង្រឹង​កម្មវិធី​ការ​បង្កើន​ជំនាញ និង​ការ​ផ្លាស់ប្ដូរ​ជំនាញ​ដល់​កម្មករ​និយោជិត​ដែល​កំពុង​បំពេញ​ការងារ​គ្មាន​ជំនាញ ជាដើម។ ជាង​នេះ​ទៀត ត្រូវ​បន្ត​ការ​យកចិត្ត​ទុកដាក់​លើក​កម្ពស់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​សហគ្រិន និង​កម្មករ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថែម​ទៀត​ផង​ដែរ។

ស្ថានភាព​ការងារ​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ដូចជា វិស័យ​កាត់ដេរ វិស័យ​សំណង់ វិស័យ​សេវា​កម្សាន្ត និង​វិស័យ​ជាច្រើន​ទៀត ត្រូវ​គេ​មើល​ឃើញ​ថា មិន​មាន​ភាព​ល្អ​ប្រសើរ​ទេ​សព្វថ្ងៃ​នេះ ព្រោះ​ថា​ការ​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​និយោជិត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សហជីព​ឯករាជ្យ​នៅ​កន្លែង​ធ្វើការ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន គឺ​តែងតែ​កើត​មាន​ជា​បន្តបន្ទាប់ ខណៈ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ក៏​មិន​បាន​ដោះស្រាយ​ជូន​កម្មករ​រងគ្រោះ​ទាំងនោះ​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្មករ​និយោជិត​នៅ​កម្ពុជា​មិន​ត្រឹមតែ​ទទួល​ប្រាក់​ឈ្នួល​តិចតួច​ទេ ថែម​ទាំង​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​ថែម​ទៀត ដូចជា ការ​បញ្ឈប់​ពី​ការងារ​ដោយ​រំលោភ​ច្បាប់​ស្ដីពី​ការងារ ការ​ប្រើ​លេស​កិច្ចសន្យា​ការងារ​ដើម្បី​បញ្ឈប់​ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព និង​ការ​ចោទ​ប្តឹង​កម្មករ​ដែល​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ពី​ការ​រំលោភ​លើ​សិទ្ធិ​ការងារ ជាដើម។

ជាក់ស្តែង កម្មករ​និយោជិត​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​រំលោភ​បំពាន​សិទ្ធិ​ការងារ បញ្ឈប់​ដោយ​បង្ខំ​ជាង ១​ពាន់​នាក់​កាលពី​អំឡុង​ឆ្នាំ​២០២១ កន្លង​ទៅ មិន​ត្រូវ​បាន​រដ្ឋាភិបាល ឬ​ក្រសួង​ការងារ ជួយ​រក​យុត្តិធម៌​ឱ្យ​កម្មករ​រងគ្រោះ​ទេ​រហូត​ដល់​ពេលនេះ ខណៈ​ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព​ចំនួន ៩​នាក់​ទៀត ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ។

ក្រៅពី​រំលោភ​សិទ្ធិ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ក្រុមហ៊ុន​រោងចក្រ​ផ្សេង​ទៀត​ក៏​មាន​ការ​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​ដូច​គ្នា​ដែរ ដូចជា ក្រុមហ៊ុន ស្តារឡៃដ៍ និង​ក្រុមហ៊ុន សេង បូ ជាដើម ក្នុង​ចេតនា​រំលាយ​សហជីព​ឯករាជ្យ ដោយ​ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ពី​ការងារ ប៉ុន្តែ​ទង្វើ​រំលោភ​បំពាន​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​នេះ មិន​ត្រូវ​បាន​ក្រសួង​ការងារ ឬ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​កម្មករ​រងគ្រោះ​ទាំងនោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ថៅកែ​ក្រុមហ៊ុន រោងចក្រ បន្ត​ប្រើ​អំណាច​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​និយោជិត​តាម​អំពើ​ចិត្ត​នៅ​ពេលនេះ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​ឆ្នាំ​២០២១ មក មាន​សកម្មជន និង​ថ្នាក់ដឹកនាំ​សហជីព​សរុប​ជាង ១​ពាន់​នាក់​ហើយ (១៥០២​នាក់) ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ចំណោម​រោងចក្រ​ជិត ៥០​កន្លែង (៤៦​កន្លែង) ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​នីតិវិធី និង​ទទួល​រង​ការ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ថៅកែ​រោងចក្រ ដោយ​ការ​គំរាម​កំហែង​ក្នុង​ទម្រង់​រើសអើង​សហជីព​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស