34.7 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្រកាស​ថា​កម្ពុជា-ថៃ​សម្រេច​ទាញ​យក​ប្រេងកាត​ពី​តំបន់​ត្រួត​ស៊ី​គ្នា​ដើម្បី​ផល​ប្រយោជន៍​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត ប្រកាស​ជា​សាធារណៈ​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ បាន​ឯកភាព​គ្នា​ទាញ​យក​ផល​ប្រេងកាត​លើ​តំបន់​ត្រួត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ផល​ប្រយោជន៍​ជាតិ មិនមែន​ជា​ទង្វើ​ក្បត់​ជាតិ។

កូនប្រុស​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​ត​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ការ​ព្រមព្រៀង​គ្នា​ជាមួយ​ភាគី​ថៃ យក​ប្រេង​នៅ​តំបន់​ត្រួត​គ្នា​នេះ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ មិនមែន​ជា​ទង្វើ​ក្បត់​ជាតិ​ដូច​ជន​អគតិ​ខ្លះ​បាន​លើកឡើង​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា មូលហេតុ​ដែល​កម្ពុជា និង​ថៃ ជជែក​គ្នា​ដើម្បី​យក​ផល​ប្រយោជន៍​នេះ ព្រោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​យល់​ឃើញ​ថា សន្តិសុខ​ថាមពល​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​រវាង​កម្ពុជា និង​ថៃ។ លោក​បន្ថែម​ថា បើ​គ្មាន​ថាមពល​ទេ នោះ​អ្វីៗ​ក៏​មិន​អាច​ដំណើរការ​បាន​ដែរ សូម្បីតែ​មនុស្ស ខណៈ​ប្រេងកាត​នឹង​ចម្រាញ់​ទៅ​ជា​ប្រេងសាំង ឬ​ប្រេងម៉ាស៊ូត ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក ព្រមទាំង​បង្កើត​ការងារ​នៅ​តំបន់​រុករក​ប្រេង​ថែម​ទៀត។

នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា នៅ​តំបន់​ត្រួត​គ្នា​នេះ ក្រៅពី​ប្រេងកាត ក៏​មាន​ឧស្ម័ន​ធម្មជាតិ​ជាច្រើន​ដែរ ហើយ​ប្រសិនបើ​កម្ពុជា​ទទួល​បាន​ប្រេងកាត និង​ឧស្ម័ន នោះ​កម្ពុជា​នឹង​លក់​ដើម្បី​ប្រមូល​ថវិកា​ចូល​រដ្ឋ​ទាំងអស់។

លោក ហ៊ុន ម៉ាណែត គូស​បញ្ជាក់​ថា ក្រៅពី​ផល​ប្រយោជន៍​ប្រេងកាត លោក​ក៏​បាន​បញ្ជាក់​អំពី​ការងារ​ព្រំដែន​ទឹក​ជាមួយ​ភាគី​ថៃ ផង​ដែរ ដោយ​ត្រូវ​ចរចា​ជាមួយ​គ្នា​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន ដើម្បី​ធានា​ការពារ​អធិបតេយ្យភាព​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ត្រឹមត្រូវ​ដាច់ខាត។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ​ដូច​លោក ហ៊ុន សែន ឪពុក​គាត់​ដែរ ប្រសិនបើ​គាត់​ហ៊ាន​យក​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា-ថៃ ទំហំ​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ​ទៅ​ចូលរួម​សហការ​រកស៊ី​ប្រេង និង​ឧស្ម័ន​ជាមួយ​ថៃ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​រៀបរាប់​ថា តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ គឺ​ស្ថិត​ក្នុង​តំបន់​សមុទ្រ ៣០០០០​គីឡូម៉ែត្រ​ការ៉េ​ដែល​ថៃ បាន​ដណ្តើម​យក​ពី​កម្ពុជា​តាមរយៈ​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម ឆ្នាំ​១៩៩៧ ដោយ​ផ្អែកលើ​សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ខណៈ​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម ឆ្នាំ​១៩៩៧ នោះ ត្រូវ​បាន​ទុក​ជា​មោឃៈ​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទៅ​ហើយ​នោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ដែល​ធ្វើ​ឡើង​ក្នុង​សម័យ​វៀតណាម​ត្រួតត្រា​កម្ពុជា បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដែន​សមុទ្រ​ខ្មែរ​ទៅ​ថៃ និង​វៀតណាម យ៉ាង​ច្រើន ក្នុង​នោះ កម្ពុជា​បាន​បាត់បង់​កោះ​គុត​ទាំងស្រុង​ទៅ​ប្រទេស​ថៃ នៅ​ឆ្នាំ​២០១០ ហើយ​ដោយសារតែ​ការ​បាត់បង់​កោះ​គុត​នេះ​ហើយ ទើប​បណ្តាល​ឱ្យ​ព្រំដែន​សមុទ្រ​ខ្មែរ​បាត់បង់​ដែរ ព្រោះ​ថា​ការ​កំណត់​ព្រំដែន​សមុទ្រ គឺ​ត្រូវ​យក​ចំណុច​ខ្ពស់​បំផុត​នៃ​កោះ​គុត ធ្វើ​ជា​គោល​ដើម្បី​តម្រង់​ខ្សែបន្ទាត់​ព្រំ​សមុទ្រ ក្នុង​នោះ សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ក៏​បាន​ចែង​ពី​ការ​យក​កោះ​គុត​ធ្វើជា​គោល​ក្នុង​ការ​កំណត់​ព្រំដែន​សមុទ្រ​កម្ពុជា-ថៃ​នេះ​ថែម​ទៀត។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា នៅ​អំឡុង​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន ក៏​ធ្លាប់​តវ៉ា​ជាមួយ​ថៃ នៅ​ទីក្រុង​បាងកក ជុំវិញ​ការ​រំលោភ​ដែនសមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ ៣០០០០​គីឡូម៉ែត្រ​ការ៉េ​នេះ​ដែរ ប៉ុន្តែ​ត្រូវ​បរាជ័យ ដូច្នេះ​នៅ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ចូលរួម​ក្នុង​គម្រោង​រកស៊ី​ប្រេង និង​ឧស្ម័ន​រួម​គ្នា​នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ ម្តង​នេះ មាន​ន័យ​ថា កម្ពុជា​មិន​ត្រឹមតែ​មិន​អាច​ទាមទារ​ដែនសមុទ្រ ៣០០០០​គីឡូម៉ែត្រ​ក្រឡា​ដែល​បាត់​ទៅ​នោះ​ទេ គឺ​ថែម​ទាំង​ត្រូវ​កំណត់​ព្រំដែន​សមុទ្រ​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាង ២៦០០០​គីឡូម៉ែត្រ​ក្រឡា​ជាមួយ​ថៃ នៅ​ថ្ងៃ​អនាគត​ថែម​ទៀត។

លោក អ៊ុំ សំអាន ព្រមាន​ថា កម្ពុជា​ត្រូវ​ចរចា​កំណត់​ព្រំដែន​សមុទ្រ​របស់​ខ្លួន​ជាមួយ​ថៃ ជា​មុន​សិន មុន​នឹង​ចាប់ផ្តើម​គម្រោង​រកស៊ី​ជាមួយ​គ្នា​ក្នុង​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​នេះ ព្រោះ​កម្ពុជា​បាន​បាត់បង់​ដែនសមុទ្រ​របស់​ខ្លួន​អស់​ជាច្រើន​អន្លើ​ទៅ​ប្រទេស​ជិតខាង​រួច​ទៅ​ហើយ ដូចជា កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ ដែល​បាន​បាត់បង់​ទៅ​វៀតណាម ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ និង​បាត់បង់​ទៅ​ប្រទេស​ថៃ ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ រួម​ទាំង​ការ​ដាក់​សមុទ្រ​ខ្មែរ​ជា​តំបន់​ត្រួត​ស៊ី​គ្នា​រួម​ជាមួយ​វៀតណាម ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ នា​ពេល​បច្ចុប្បន្ន​ទៀត​នោះ។

តំបន់​ទាមទារ​ត្រួត​ស៊ី​គ្នា​ថៃ និង​កម្ពុជា មាន​ផ្ទៃក្រឡា​ទំហំ​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ការ​ប៉ាន់ប្រមាណ​ថា អាច​មាន​ប្រេង និង​ឧស្ម័ន​ច្រើន​លាន​បារ៉ែល​នៅ​បាតសមុទ្រ ប៉ុន្តែ​តាំងពី​ដើម​ទសវត្សរ៍​៧០ មក កម្ពុជា និង​ថៃ បាន​ទាមទារ​រៀងៗ​ខ្លួន​លើ​សិទ្ធិ​អភិវឌ្ឍ​លើ​តំបន់​ត្រួត​ស៊ី​គ្នា​នេះ ខណៈ​ការ​ចរចា​ដោះស្រាយ​វិវាទ​លើ​តំបន់​ទាមទារ​ត្រួត​ស៊ី​គ្នា​នេះ ត្រូវ​បាន​ពន្យារ​ពេល​អស់ ២០​ឆ្នាំ​មក​ហើយ បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​បរាជ័យ​ក្នុង​ការ​ចរចា​កាលពី​អំឡុង​ឆ្នាំ​២០០១ កន្លង​ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស