32 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល​តែងតាំង​បងថ្លៃ​ជីដូនមួយ​ឱ្យ​ធ្វើ​មេ​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត សម្រេច​បង្កើត​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ ដែល​មាន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក នេត សាវឿន ជា​ប្រធាន ក្នុង​ពេល​ដែល​គេ​មើល​ឃើញ​ថា ក្រោយ​ពី​លោក ស ថេត ឡើង​កាន់​តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រសិទ្ធភាព​ជាង​មុន។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តីពី​ការ​បង្កើត​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ ដែល​មាន​សមាជិក ១៩​នាក់ ក្នុង​នោះ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ជា​អនុប្រធាន និង​បាន​បែងចែក​ឱ្យ​មាន​គណៈកម្មការ និង​អនុគណៈកម្មការ ព្រមទាំង​លេខាធិការដ្ឋាន​មួយ​ចំនួន​ដែរ ដូចជា គណៈកម្មការ​ទទួល​បន្ទុក​អប់រំ គណៈកម្មការ​ទទួល​អនុវត្ត​វិធានការ​រដ្ឋបាល ជាដើម។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ក្នុង​អនុក្រឹត្យ​ខាងលើ​ថា គណៈកម្មការ​អប់រំ​មាន​ភារកិច្ច​ផ្សព្វផ្សាយ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​កំណត់​គោលដៅ​ងាយ​កើត​មាន​បទល្មើស​គ្រឿងញៀន ចំណែក​គណៈកម្មការ​ទទួល​បន្ទុក​វិធានការ​រដ្ឋបាល ត្រូវ​ពង្រឹង​វិន័យ ក្រម​សីលធម៌ មនសិការ​វិជ្ជាជីវៈ​របស់​អនុរក្ស​ពន្ធនាគារ និង​ពង្រឹង​ការ​គ្រប់គ្រង​ពន្ធនាគារ​ឱ្យ​បាន​ម៉ឺងម៉ាត់ ខណៈ​គណៈកម្មការ និង​អនុគណៈកម្មការ​ដទៃ​ទៀត ក៏​ត្រូវ​បាន​បែងចែក​តួនាទី​រៀងៗ​ខ្លួន​ដែរ។

ការ​សម្រេច​បង្កើត​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ដោយសារ​គ្រឿងញៀន​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា គ្រឿងញៀន និង​សារធាតុ​ផ្សំ​បាន​លុកលុយ​ចូល​ប្រទេស​កម្ពុជា​ជិត ១​ពាន់​តោន (៦០០​តោន) ដែល​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​បាន ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​២០២០ រហូត​ដល់​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ក្នុង​នោះ ជន​សង្ស័យ​ជាង ៧​ម៉ឺន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ចំណោម​ករណី​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​ជាង ៣​ម៉ឺន​ករណី។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បញ្ជាក់​ថា សព្វថ្ងៃ​នេះ ប្រទេស​កម្ពុជា​នៅតែ​បន្ត​រង​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដោយ​ឥទ្ធិពល​គ្រឿងញៀន ដោយ​ការ​ធ្វើ​ចរាចរ​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស​កម្ពុជា​តាម​ផ្លូវ​គោក តាម​បញ្ញើ​ប្រៃសណីយ៍ និង​តាម​ផ្លូវ​អាកាស ជាដើម ក្នុង​នោះ​ក៏​មាន​ការ​ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ឡាវ និង​ការ​រក្សាទុក​គ្រឿងញៀន​ដែល​ត្រូវ​បាន​រក​ឃើញ​រាប់​រយ​គីឡូក្រាម​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​រាជធានី ខេត្ត នៅ​តាម​ព្រំដែន និង​ខេត្ត​ជាប់​ដែនសមុទ្រ ដើម្បី​នាំចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ច្រក​ផ្លូវគោក និង​តាម​ច្រក​សមុទ្រ។

ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​ស្ដីពី​ការ​បង្ក្រាប​គ្រឿងញៀន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​ឆ្នាំ​២០២០ សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ជាង ១​ម៉ឺន​ករណី ដែល​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង ២​ម៉ឺន​នាក់ និង​ចាប់​យក​សារធាតុ​ញៀន​ទម្ងន់​ជិត ៤​ពាន់​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ទម្ងន់​ជាង ៤​តោន។

ចំណែក​នៅ​ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ដដែល​នេះ​បាន​ជាង ៦​ពាន់​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង ១​ម៉ឺន​នាក់ ព្រមទាំង​ចាប់​យក​សារធាតុ​ញៀន​ជិត ៥​តោន និង​សារធាតុ​គីមី​ផ្សំ​ចំនួន​ជិត ៨៥​តោន​ថែម​ទៀត។

ដោយឡែក​នៅ​ឆ្នាំ​២០២២ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​បាន​ជាង ៦​ពាន់​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជិត ២​ម៉ឺន​នាក់ ថែមទាំង​ចាប់​យក​សារធាតុ​ញៀន​ជិត ១៥​តោន និង​សារធាតុ​គីមី​ផ្សំ​ចំនួន​ជាង ៥​តោន​ផង​ដែរ។

ខណៈ​ឆ្នាំ​២០២៣ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ដដែល​នេះ​បាន​ជាង ៨​ពាន់​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង ២​ម៉ឺន​នាក់ និង​ចាប់​យក​សារធាតុ​ញៀន​ចំនួន​ជិត ៣​តោន រួម​ទាំង​សារធាតុ​គីមី​ផ្សំ​ជិត ២​តោន​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា អះអាង​ថា កន្លង​មក កម្ពុជា​កំពុង​ត្រូវ​ប្រើប្រាស់​ជា​កន្លែង​ផលិត​គ្រឿងញៀន​យក​ទៅ​ប្រទេស​ក្រៅ​ផង ជា​កន្លែង​ចរាចរ​សម្រាប់​ឆ្លងកាត់​ទៅ​ប្រទេស​ទី​៣ ផង​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រុម​ឧក្រិដ្ឋជន​បាន​នាំគ្នា​មក​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែម្តង ហើយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​បាន​ដើរ​មុន​វិធានការ​របស់​រដ្ឋាភិបាល​មួយ​ជំហាន​រហូត ខណៈ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​កម្ពុជា គឺ​នៅ​មាន​កម្រិត​នៅឡើយ។

ចំណែក​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​ជា​ភ្នាក់ងារ​បង្កប់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺ​លោក មុំ អស្សនី ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន ដូចជា ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ជាដើម ដូច្នេះ​បាន​ជា​កាល​ពេល​ដែល​លោក នេត សាវឿន នៅ​កាន់​តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ គាត់​មិន​ដែល​បាន​បង្ក្រាប​ទីតាំង​គ្រឿងញៀន​ណា​មួយ​បាន​ជោគជ័យ​ពិតប្រាកដ​ទេ ដោយសារតែ​ទីតាំង​ទាំងនោះ​មាន​គ្រួសារ​ត្រកូល​ហ៊ុន​នៅ​ពីក្រោយ។

លោក មុំ អស្សនី បញ្ជាក់​ថា ការ​ផលិត និង​ចែកចាយ​គ្រឿងញៀន ត្រូវ​គេ​រក​ឃើញ​ថា កំពុងតែ​ចរាចរ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ចំណោម​សែស្រឡាយ សាច់ញាតិ បក្ខពួក ទាំង​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នកជំនួញ​ធំៗ ដូចជា ក្រុម​ឧកញ៉ា ជាដើម ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​គ្រួសារ​នៃ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ ប៉ុន្តែ​ក្រោយពី​លោក ស ថេត កាន់​តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ ការ​បង្ក្រាប​គ្រឿងញៀន​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ជាង​មុន ក្នុង​នោះ​ក៏​មាន​ការ​បង្ក្រាប​ទៅ​ដល់​ខ្សែ​បណ្ដាញ​គ្រឿងញៀន​ក្នុង​ត្រកូល​ហ៊ុន​ដែរ។

អ្នក​តាមដាន​នយោបាយ​ស្រុក​ខ្មែរ​រំពៃ​ឃើញ​ថា លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​តាម​គន្លង​ឪពុក អង់គ្លេស​ហៅថា status quo ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​បកអាក្រាត​ឥត​ឈប់​ឈរ គឺ​ថែរក្សា​លំនាំ​លំអាន​ចាស់​ដើម្បី​ការពារ​ផល​ប្រយោជន៍​គ្រួសារ បក្ខពួក មិត្តភក្ដិ ក្លើម្រាក់​តែប៉ុណ្ណោះ។ មជ្ឈដ្ឋាន​ខ្មែរ​ខ្លះ​យល់​ថា លោក ហ៊ុន ម៉ាណែត មិន​អាច​បំបាត់​បញ្ហា​ធំៗ​រ៉ាំរ៉ៃ​ក្នុង​សង្គម​ជាតិ​បាន​នោះ​ទេ។

អ្នកវិភាគ​ខ្លះ​ទៀត​គិត​ថា លោក​មិន​បំបាត់​តែម្តង ពីព្រោះ​ប៉ះពាល់​ខូច​ប្រយោជន៍​ក្រុម​របស់​លោក​ដូច​ពី​ជំនាន់​ឪពុក​លោក​កាន់​កិច្ចការ​ដូច្នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស