29.4 C
Phnom Penh

ជាង​មួយ​អាទិត្យ មុន​បោះឆ្នោត​ព្រឹទ្ធសភា គណបក្ស​ភ្លើង​ទៀន​កំពុង​តតាំង​រឿង​ឈ្មោះ​បេក្ខជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន បន្ត​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ជាបន្ទាន់​ក្នុង​ការ​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​ដែល​ត្រូវ​បាន​បញ្ចប់​សមាជិកភាព និង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ថ្មី ដើម្បី​ធានា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គ​បោះឆ្នោត និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ។

អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណបក្ស​ភ្លើង​ទៀន​នៅតែ​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ ប្រញាប់​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​តាម​ការ​ស្នើសុំ​ផ្លូវការ​របស់​គណបក្ស ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ សេរី និង​ស្មើភាព​គ្នា ហើយ​មិន​ប៉ះពាល់​ដល់​អង្គ​បោះឆ្នោត និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​អសកល​ខាងមុខ។

នៅ​ថ្ងៃទី​២២ ខែ​មករា កន្លង​មក គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​អះអាង​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​មិន​បាន​ឆ្លើយតប​រួសរាន់​នឹង​សំណើ​សុំ​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ចេញ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង​នោះ​ទេ។ គណបក្ស​ភ្លើង​ទៀន សម្ដែង​នូវ​ការ​បារម្ភ និង​ខកចិត្ត​ចំពោះ​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ក្នុង​ការ​ផ្លាស់ប្ដូរ ឬ​ដោះដូរ​នេះ។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​លើកឡើង​ថា ទង្វើ​របស់​អាជ្ញាធរ​ហាក់ដូចជា​មាន​ចេតនា​ក្នុង​ការ​បំបាក់​ស្មារតី​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​ភ្លើង​ទៀន បំពាន​លើ​មាត្រា​១៦ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ និង​មិន​ស្រប​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួង​មហាផ្ទៃ​មិន​ទាន់​ទទួល​បាន​សំណើ​សុំ​ផ្លាស់ប្ដូរ​របស់​គណបក្ស​ភ្លើង​ទៀន​នៅឡើយ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន ៣២​នាក់​របស់​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​គណបក្ស​ស្នើសុំ​ផ្លាស់ប្ដូរ​ឈ្មោះ​ដាក់​អ្នក​ថ្មី​ជំនួស​ក្រុមប្រឹក្សា​ឃុំ​ចាស់ ដោយសារតែ​សមាជិក​ក្រុមប្រឹក្សា​ចាស់​ទទួល​មរណភាព លាលែង​ពី​តួនាទី អសកម្ម​ការងារ​បម្រើ​ម្ចាស់​ឆ្នោត និង​ការ​ចាកចេញ​ពី​គណបក្ស​នេះ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​ភ្លើង​ទៀន​មាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​ខ្លួន​សរុប​ចំនួន ២១៩៨​នាក់ ដោយសារតែ​គណបក្ស​នេះ​មិន​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ខាងមុខ គណបក្ស​ភ្លើង​ទៀន​បាន​ជ្រើសរើស​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​នៅ​ក្នុង​សម្ព័ន្ធភាព​ជាមួយ​គ្នា ឲ្យ​ឈរឈ្មោះ​ប្រកួតប្រជែង។

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់​មាត្រា​៣៧ ចែង​ថា ការ​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ត្រូវ​ធ្វើឡើង​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​រយៈពេល​យ៉ាង​យូរ ១៤​ថ្ងៃ។ សេចក្ដី​ប្រកាស​ក្រសួង​មហាផ្ទៃ កំណត់​ឱ្យ​អភិបាល​ខេត្ត-រាជធានី ត្រូវ​ពិនិត្យ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នានា​ក្នុង​រាជធានី-ខេត្ត​របស់​ខ្លួន។ ក្នុង​ករណី​សមាជិក​ក្រុមប្រឹក្សា​ណា​បាត់បង់​សមាជិកភាព អភិបាល​ខេត្ត-រាជធានី​ត្រូវ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នោះ​លើក​សំណើ​សុំ​ប្ដូរ​ជាបន្ទាន់។

ការ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​អង្គ​បោះឆ្នោត​គឺជា​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់​ក្នុង​មុខតំណែង ដោយ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន ៥៨​រូប​ក្នុង​ចំណោម​សមាជិក​សរុប ៦២​នាក់។ បច្ចុប្បន្ន គណបក្ស​នយោបាយ​ចំនួន​៤ កំពុង​បើក​យុទ្ធនាការ​ឃោសនា។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​ចាត់ទុក​ថា​ជា​គណបក្ស​ដែល​តំណាង​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ពេលនេះ ទើប​អាច​កម្ចាត់​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​បាន​ជោគជ័យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស