34.7 C
Phnom Penh

អង្គការ​សហប្រជាជាតិ​បើក​សម័យ​ប្រជុំ​លើក​ទី​២៦ ដើម្បី​ពិនិត្យ​ករណី​បាត់​ខ្លួន​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៃ​អង្គការ​សហប្រជាជាតិ ឬ​ហៅថា UN Committee on Enforced Disappearances នឹង​បើក​សម័យ​ប្រជុំ​លើក​ទី​២៦ ដើម្បី​ពិនិត្យ​ករណី​បាត់​ខ្លួន​នៅ​កម្ពុជា និង​ប្រទេស​ពីរ​ទៀត ប៉ុន្តែ​ពុំ​បាន​លម្អិត​ពី​ករណី​បាត់​ខ្លួន​នៅ​កម្ពុជា​នោះ​ទេ ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​រំពឹង​ថា នឹង​ពិនិត្យ​លើ​ករណី​បាត់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) ចេញ​ថ្ងៃទី​១៧ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា លោក កែវ សុទ្ធិ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​លើកដំបូង​អំពី​ការ​អនុវត្ត​នូវ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ នៅ​ថ្ងៃទី​១៩-២០ កុម្ភៈ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ថា ភាគី​កម្ពុជា​មាន​ឆន្ទៈ​មុតមាំ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស តាមរយៈ​ការ​ផ្ដល់​សច្ចាប័ន និង​ការ​ចូល​ជា​សមាជិក​កតិកាសញ្ញា និង​អនុសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស​ការ​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៅ​ឆ្នាំ​២០១៣។ ក្នុង​នាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​មួយ​នេះ គឺ​កម្ពុជា​មាន​កាតព្វកិច្ច​សរសេរ​របាយការណ៍​ដាក់​ជូន​គណៈកម្មាធិការ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ។

អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ប្រឆាំង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​អង្គការ​សហប្រជាជាតិ នឹង​បើក​សម័យ​ប្រជុំ​លើក​ទី​២៦ របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ដល់​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​ពិនិត្យ​ករណី​បាត់​ខ្លួន​នៅ​កម្ពុជា និង​ករណី​បាត់​ខ្លួន​នៅ​ប្រទេស​ចំនួន​ពីរ​ទៀត គឺ​ប្រទេស​បូគីណា ហ្វាសូ (Burkina Faso) និង​ប្រទេស​ហុនឌុយរ៉ាស់ (Honduras)។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​មិន​បាន​លម្អិត​អំពី​ករណី​បាត់​ខ្លួន​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​អ្នក​ការពារ​សិទ្ធិមនុស្ស​ជឿ​ថា នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​២៦ នេះ អង្គការ​សហប្រជាជាតិ នឹង​ពិនិត្យ​លើ​ករណី​បាត់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ បន្ទាប់ពី​មាន​ជន​មួយ​ក្រុម​បាន​ចាប់​បង្ខំ​ឲ្យ​ចូល​ក្នុង​រថយន្ត​មួយ​ដឹក​យក​ទៅ​បាត់ នៅ​មុខ​អគារ​ខុនដូ មេគង្គ ហ្គាដីន ក្នុង​ខណ្ឌ​ជ្រោយចង្វារ។

ប្រភព​ដដែល​បញ្ជាក់​ថា អ្នក​ជំនាញការ​អន្តរជាតិ​ឯករាជ្យ​ចំនួន ១០​នាក់​នៃ​គណៈកម្មាធិការ​ប្រឆាំង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ នឹង​ពិនិត្យ​ករណី​បាត់​ខ្លួន​នោះ ដោយ​អនុវត្ត​ទៅ​តាម​អនុសញ្ញា និង​អនុសាសន៍​ដែល​បាន​ផ្តល់​ដោយ​គណៈកម្មាធិការ​ក្នុង​សម័យ​ប្រជុំ​កាលពី​ឆ្នាំ​មុន។

គណៈកម្មាធិការ​នេះ​បាន​ទទួល​របាយការណ៍​ដែល​បាន​ដាក់​ជូន​ដោយ​គណៈប្រតិភូ​មកពី​បី​ប្រទេស គឺ​កម្ពុជា បូគីណា ហ្វាសូ និង​ហុនដូរ៉ាស់។ សម្រាប់​ប្រទេស​កម្ពុជា នឹង​ចាប់ផ្តើម​ប្រជុំ​មុនគេ​នៅ​ថ្ងៃទី​១៩ និង​ទី​២០ ខែ​កុម្ភៈ នេះ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណៈកម្មាធិការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៃ​អង្គការ​សហប្រជាជាតិ នឹង​លើក​យក​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​តាម​ប្រទេស​នីមួយៗ​ដែល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ មក​សួរ​ដេញដោល​គ្នា។ លោក​បន្ត​ថា ករណី​ប្រទេស​កម្ពុជា ទំនង​ជា​មាន​ការ​លើក​យក​ករណី​បាត់​ខ្លួន​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែល​ជា​សកម្មជន​ថៃ មក​សាកសួរ​ប្រតិភូ​កម្ពុជា ពីព្រោះ​កន្លង​មក គណៈកម្មាធិការ​នេះ​ធ្លាប់​បាន​ទទូច​ឱ្យ​កម្ពុជា​ផ្ដល់​ព័ត៌មាន​លម្អិត និង​ស្រាវជ្រាវ​ពី​ករណី​លោក វ៉ាន់ឆាឡឺម ផង​ដែរ។

កាលពី​រំឭក​ខួប ៣​ឆ្នាំ​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​អាវ​ក្រហម កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៣ ក្រុម​សកម្មជន​ចំនួន ២១​នាក់​ដែល​ពាក់​ស្រោម​មុខ​រូប​លោក វ៉ាន់ឆាឡឺម នៅតែ​បន្ត​ស្នើ​អាជ្ញាធរ​កម្ពុជា​បន្ត​ការ​ស៊ើបអង្កេត​ពី​ការ​បាត់​ខ្លួន និង​ផ្តល់​យុត្តិធម៌​នៅ​ក្នុង​ករណី​នេះ។

ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤ ក្នុង​ប្រទេស​ថៃ លោក វ៉ាន់ឆាឡឺម បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ឡាវ ហើយ​ក្រោយ​មក​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​គេច​ពី​រឿង​ក្ដី​ក្ដាំ​ក្រោម​ការ​ចោទប្រកាន់​ដោយ​រដ្ឋាភិបាល​ថៃ ទាក់ទង​នឹង​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ និង​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​កុំព្យូទ័រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស