32 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​មន្ត្រី​រាជការ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ បើ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​ណា​មួយ​បាន​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គឺ​ត្រូវតែ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ករណី​លើកលែង​ជាដាច់ខាត។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ នា​រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា រដ្ឋាភិបាល​នឹង​មាន​ការ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​ទៅ​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​បាន​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន គឺ​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ភ្លាមៗ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា វិធានការ​លុប​បំបាត់​គ្រឿងញៀន​នេះ ត្រូវ​អនុវត្ត​ដូច​គ្នា​ទាំង​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ស៊ីវិល ហើយ​បើ​រក​ឃើញ​បុគ្គល​ណា​ប្រើប្រាស់​គ្រឿងញៀន គឺ​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​តែម្ដង ដោយ​មិន​ចាំបាច់​លើកលែង​ឱ្យ​ទេ។

លោក​ក៏​បាន​ណែនាំ​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ​ចំពោះ​មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់​កិច្ចសន្យា​ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ខ្លួន​លើ​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់ ឬ​មាន​ការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុស​ច្បាប់។

លោក​ថា ការ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​បែប​នេះ ពុំ​រារាំង​ដល់​ការ​អនុវត្ត​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ដោយ​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​ឡើយ។

គ្រឿងញៀន​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ថ្នាំ​ពេញនិយម​បំផុត​សម្រាប់​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច។ ជាង​នេះ​ទៀត គេ​ក៏​រក​ឃើញ​ដែរ​ថា មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន​សុទ្ធតែ​បាន​ជួញដូរ រក្សាទុក ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​ស្វែងរក​ការ​សប្បាយ ជាពិសេស​គឺ​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ ហើយ​ពួកគេ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ថ្នាំ​ទាំងនេះ​នៅ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​អ្នក​មាន​អំណាច​ដែល​នៅ​កាង​នៅ​ពីក្រោយ​ថែម​ទៀត។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ណែនាំ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​ថា ចំពោះ​អ្នក​ដែល​មាន​តួនាទី​ភារកិច្ច​ជា​កងកម្លាំង​ប្រដាប់​អាវុធ បើ​សិន​មាន​ការ​ស្រាវជ្រាវ​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន មិន​គួរ​រក្សាទុក​នៅ​ជា​កងកម្លាំង​ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ទៀត​ទេ។

ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​កន្លង​មក​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ព្យួរ​តួនាទី និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គ្រាន់តែ​ជា​ចំណាត់ការ​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​បទល្មើស​គ្រឿងញៀន​ដែល​បាន​កើត​មាន​នៅ​កម្ពុជា។

លោក​បន្ត​ថា ឱ្យ​តែ​មន្ត្រី​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ដោយ​សុទ្ធចិត្ត ដោយ​គ្មាន​ការ​រើសអើង ក្រោម​គោលការណ៍​ច្បាប់ មិន​ខ្លាច​ញញើត​អ្នក​មាន​អំណាច ឬ​សាច់ញាតិ​បក្ខពួក​ខ្លួនឯង នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​នឹង​អាច​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ទាំងស្រុង​ជាមិនខាន ប៉ុន្តែ​ប្រសិនបើ​អនុវត្ត​ច្បាប់​ដើម្បី​ធ្វើ​ប្រជាភិថុតិ ឬ​គ្រាន់តែ​ដើម្បី​ឱ្យ​ល្អ​មើល ទោះ​វិធានការ​នោះ​ធំ​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​លុប​បំបាត់​បញ្ហា​នេះ​បាន​ដែរ។

ក្រសួង​មហាផ្ទៃ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជិត ៤​ម៉ឺន​នាក់​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស មាន ៥០% ជាប់​ឃុំ​ដោយសារ​បទល្មើស​គ្រឿងញៀន ខណៈ​មួយ​ថ្ងៃ សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ចន្លោះ​ពី ១០ ទៅ ២០​នាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេស​ដែល​ពួកគេ​ភាគច្រើន​ជា​យុវជន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស