29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​មិន​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ដែល​ចង់​វិនិយោគ​ដាំ​កញ្ឆា​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ផ្ញើ​សារ​ទៅ​កាន់​អ្នក​វិនិយោគ​បរទេស​ដែល​មាន​បំណង​ចង់​វិនិយោគ​ដាំ​កញ្ឆា​នៅ​ក្នុង​ប្រទេស​កម្ពុជា ថា កម្ពុជា​មិន​ស្វាគមន៍​នោះ​ទេ ហើយ​ក៏​មិន​ឲ្យ​មាន​ការ​សម្របសម្រួល ឬ​កែ​ច្បាប់​ចំពោះ​ការ​ដាំ​ដំណាំ​កញ្ឆា​នោះ​ដែរ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ នា​រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​សូម​ជូន​សារ​ទៅ​អ្នក​ចង់​វិនិយោគ ជាពិសេស​អ្នក​នៅ​ក្រៅ​ប្រទេស ដែល​ចង់​ដាក់​ទុន​វិនិយោគ​រកស៊ី​ដាំ​កញ្ឆា​នៅ​កម្ពុជា កុំ​ចំណាយ​ពេលវេលា​ជិះ​យន្តហោះ​មក​អី គឺ​អត់​ប្រយោជន៍​ទេ។

លោក​អះអាង​ថា កាលពី​ពេល​កន្លង​មក លោក​ធ្លាប់​បាន​បញ្ជូន​សារ​ម្តង​រួច​ហើយ​ចំពោះ​អ្នក​ចង់​មក​វិនិយោគ​ដាំ​កញ្ឆា​នៅ​កម្ពុជា​នេះ​ថា កម្ពុជា​មិន​ស្វាគមន៍​នោះ​ទេ ប៉ុន្តែ​មាន​មនុស្ស​ពីរ ឬ​បី​នាក់ បាន​មក​សាកសួរ​លោក​អំពី​រឿង​នេះ។ លោក​បញ្ជាក់​ថា ក្នុង​ក្របខ័ណ្ឌ​ច្បាប់​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាំ​កញ្ឆា​នោះ​ទេ ហើយ​ក៏​មិន​ឲ្យ​មាន​ការ​សម្របសម្រួល ឬ​កែ​ច្បាប់​ចំពោះ​ការ​ដាំ​ដំណាំ​កញ្ឆា​នេះ​ដែរ។

បើ​តាម​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ការ​ដាំ​អាភៀន ដើម​កូកា ដើម​កញ្ឆុង និង​ដើម​កញ្ឆា ត្រូវ​ហាមឃាត់​ក្នុង​ប្រទេស​កម្ពុជា។

កញ្ឆា​ជា​ប្រភេទ​គ្រឿងញៀន​ដែល​គេ​ចាត់ទុក​ជា​គ្រឿងញៀន​ខ្សោយ ហើយ​កញ្ឆា​ជា​រុក្ខជាតិ​ដែល​ងាយ​ដាំ និង​ងាយ​ដុះ។ កញ្ឆា​អាច​ត្រូវ​កែច្នៃ សម្ងួត ឬ​បំប្លែង​ឱ្យ​ចេញ​ជា​សណ្ឋាន​ផ្សេង​គ្នា ហើយ​ត្រូវ​គេ​យក​មក​លាយ​ជក់​ជាមួយ​នឹង​បារី ជាដើម។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋាភិបាល​ប្រទេស​ថៃ បាន​ដក​កញ្ឆា​ពី​បញ្ជី​គ្រឿងញៀន​របស់​ខ្លួន ដោយ​ធ្វើ​ឱ្យ​ការ​ផលិត ការ​ចែកចាយ ការ​ប្រើប្រាស់ និង​ការ​ធ្វើ​ឲ្យ​ស្រប​ច្បាប់​នៃ​ការ​ជក់​កញ្ឆា។

ទាក់ទង​ទៅ​នឹង​បញ្ហា​គ្រឿងញៀន​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​ប្រកាស​ឱ្យ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​ករណី​រក​ឃើញ​ថា​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ករណី​លើកលែង។

ប្រភព​ដដែល​អះអាង​ថា វិធានការ​លុប​បំបាត់​គ្រឿងញៀន​នេះ​ត្រូវ​អនុវត្ត​ដូច​គ្នា​ទាំង​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ស៊ីវិល ហើយ​បើ​រក​ឃើញ​បុគ្គល​ណា​ប្រើប្រាស់​គ្រឿងញៀន គឺ​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​តែម្ដង ដោយ​មិន​ចាំបាច់​លើកលែង​ឱ្យ​ទេ។

គ្រឿងញៀន​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ថ្នាំ​ពេញនិយម​បំផុត​សម្រាប់​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច។ ជាង​នេះ​ទៀត គេ​ក៏​រក​ឃើញ​ដែរ​ថា មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន​សុទ្ធតែ​បាន​ជួញដូរ រក្សាទុក ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​ស្វែងរក​ការ​សប្បាយ ជាពិសេស គឺ​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ ហើយ​ពួកគេ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ថ្នាំ​ទាំងនេះ​នៅ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​អ្នក​មាន​អំណាច​ដែល​នៅ​កាង​នៅ​ពីក្រោយ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស