35 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ព្យាករ​ថា​ចុង​ឆ្នាំ​២០៤០ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អ្នក​មាន ខណៈ​អាណត្តិ​ទី​១​នេះ​ជា​ឆ្នាំ​ធ្វើ​កំណែ​ទម្រង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ព្យាករ​ថា តាមរយៈ​នៃ​ការ​កំណត់​យក​ការទូត​សេដ្ឋកិច្ច​ជា​គោល​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ​ចុង​ឆ្នាំ​២០៤០ ប្រសិនបើ​កម្ពុជា​អាច​កែទម្រង់​ប្រព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ការងារ​ដែល​ជា​មូលដ្ឋានគ្រឹះ​របស់​ខ្លួន​បាន​រឹងមាំ​ក្នុង​អាណត្តិ​ទី​១ នេះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ថា គោល​នយោបាយ​បញ្ចកោណ គឺ​មាន​កំណត់​រយៈពេល ២៥​ឆ្នាំ ដែល​ស្មើ​នឹង ២​អាណត្តិ ដូច្នេះ​ក្នុង​អាណត្តិ​ទី​១ ដែល​មាន​រយៈពេល ៥​ឆ្នាំ​នេះ បើ​រដ្ឋាភិបាល​អាច​កែទម្រង់​ប្រព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ការងារ​ដែល​ជា​មូលដ្ឋានគ្រឹះ​ឱ្យ​រឹងមាំ នោះ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ ២០​ឆ្នាំ​ក្រោយ​ជាមិនខាន។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្រោយ​លោក​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាង ៦​ខែ​មក​នេះ កម្ពុជា​បាន​ចាប់ផ្តើម​ប្រើ​នយោបាយ​ការទូត​សេដ្ឋកិច្ច​ជា​គោល ព្រោះ​ថា​មេដឹកនាំ​ប្រទេស​ណា​ក៏​ធ្វើ​បែប​នេះ​ដែរ ខណៈ​កម្ពុជា​នៅ​ពេលនេះ​បាន​ចាប់​យក​វិស័យ​ឯកជន​ធ្វើ​ជា​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាង​ច្បាស់លាស់ ក្នុង​នោះ​សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​ដើរ​តួនាទី​សំខាន់​បំផុត។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​ត្រូវតែ​រួម​កម្លាំង​គ្នា​ទាំងអស់ ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ធ្វើ​យ៉ាងណា​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ឱ្យ​បាន​គ្រប់​ផ្នែក ដែល​នេះ​គឺជា​ការ​កសាង​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ប៉ុន្តែ​ការ​ចាប់ផ្តើម​ដំបូង គឺ​ត្រូវ​ចំណាយ​ពេល​យូរ ដូចជា​ការ​កសាង​អគារ​ដែល​ត្រូវ​ចំណាយ​ពេល​ចាក់គ្រឹះ​ឱ្យ​រឹងមាំ​ជា​មុន​ដូច្នោះ​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មិន​ទាន់​ដាក់​ចេញ​ផែនការ​អភិវឌ្ឍន៍​ជាតិ​ជា​ដុំ​កំភួន​នៅឡើយ​ទេ​ក្រោយ​ដំណើរ​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​នេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ កុម្ភៈ នេះ​ថា ឱ្យ​តែ​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពី​ត្រកូល​ហ៊ុន សូម​កុំ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ប្រទេស​ស្មើ​មុខ​ស្មើ​មាត់ ឬ​ជា​ប្រទេស​អ្នក​មាន និង​ជា​ប្រទេស​ថ្លៃថ្នូរ​លើ​ឆាក​អន្តរជាតិ​ឱ្យ​សោះ ហើយ​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ក៏​គ្រាន់តែ​ជា​ការ​ភូត​កុហក​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ព្រោះ​ថា​ឱ្យ​តែ​អំណាច​ដឹកនាំ​ប្រទេស​ស្ថិត​ក្នុង​រង្វង់​គ្រួសារ​ដូច​ត្រកូល​ហ៊ុន​អនុវត្ត​សព្វថ្ងៃ​នេះ ទោះ​ប្រទេស​កម្ពុជា​មាន​ទ្រព្យ​សម្បត្តិ មាន​ធនធាន​ធម្មជាតិ​ហូរហៀរ​បែប​ណា ក៏​មិន​អាច​ក្លាយ​ជា​ប្រទេស​អ្នក​មាន​បាន​ដែរ។

លោក គឹម សុខ លើកឡើង​ថា បើ​លោក ហ៊ុន ម៉ាណែត ពិត​ជា​ចង់​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​អ្នក​មាន​ពិតប្រាកដ​មែន​នោះ ការ​ធ្វើ​កំណែ​ទម្រង់​ទី​១ ដែល​រដ្ឋាភិបាល​របស់​គាត់​ត្រូវ​ធ្វើ​មុន​គេ គឺ​ធានា​ឱ្យ​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ស្ដារ​ប្រជាធិបតេយ្យ។

លោក​បន្ថែម​ថា ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ធានា​ឱ្យ​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រោះ​ថា​ប្រទេស​នានា​ដែល​ចង់​សហការ​វិនិយោគ​ជាមួយ​កម្ពុជា គឺ​គេ​ពិនិត្យ​មុន​គេ​ទៅ​លើ​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល ប៉ុន្តែ​បើ​ប្រព័ន្ធ​ដឹកនាំ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​សព្វថ្ងៃ​នេះ គ្មាន​បរទេស​ណា​ហ៊ាន​ទៅ​បណ្ដាក់ទុន​វិនិយោគ​នោះ​ទេ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​នយោបាយ​ការទូត​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ទំនង​ជា​ទៅ​មិន​រួច​ទេ ព្រោះ​កេរ្តិ៍ឈ្មោះ​របស់​គាត់​លើ​ឆាក​អន្តរជាតិ​បាន​ស្អុយ​រលួយ​ពេញ​ពិភពលោក​ទៅ​ហើយ បន្ទាប់ពី​សារព័ត៌មាន​អន្តរជាតិ​ដាក់​បញ្ចូល​ឈ្មោះ​របស់​គាត់​ទៅ​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​កាលពី​ពេល​កន្លង​ទៅ​នោះ ដូច្នេះ​អ្នក​វិនិយោគ​ល្អៗ​ប្រាកដ​ជា​មិន​ហ៊ាន​ទៅ​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ។

លោក គឹម សុខ គូស​បញ្ជាក់​ថា វា​ជា​ហានិភ័យ​ខ្លាំង​ណាស់​សម្រាប់​ពួកគេ នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​មេដឹកនាំ​ដែល​រំលោភ​ច្បាប់ និង​ប្រើប្រាស់​អំណាច​តាម​អំពើ​ចិត្ត​ដូច​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្រព្រឹត្ត​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស