38.3 C
Phnom Penh

OHCHR ប្រកាស​ចាប់ផ្តើម​គម្រោង​ថ្មី​ដើម្បី​ស្ដារ​ឡើងវិញ​នូវ​បញ្ហា​សិទ្ធិមនុស្ស​និង​លំហ​ពលរដ្ឋ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា OHCHR ក្រោម​កញ្ចប់​ជំនួយ​របស់​សហភាព​អឺរ៉ុប ប្រកាស​ចាប់ផ្តើម​គម្រោង​ថ្មី​រយៈពេល ២​ឆ្នាំ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​បញ្ហា​សិទ្ធិមនុស្ស និង​លំហ​ពលរដ្ឋ​នៅ​កម្ពុជា ដែល​នឹង​អនុវត្ត​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៦។

យោង​តាម​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី​២១ កុម្ភៈ OHCHR បាន​ឲ្យ​ដឹង​ថា គម្រោង​ថ្មី​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ថា​ខ្លួន​នឹង​ដើរ​តួនាទី​ផ្តល់​យោបល់​បច្ចេកទេស​ដល់​បណ្ដា​ស្ថាប័ន​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស តាមរយៈ​ការ​ពង្រឹង​គុណភាព​ដល់​ភាគី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​អនុម័ត​វិធីសាស្ត្រ «ផ្ដោត​លើ​ប្រជាជន» ដោយ​ផ្ដោត​លើ​តម្រូវការ​របស់​បុគ្គល និង​សហគមន៍​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ក្នុង​បញ្ហា​សិទ្ធិមនុស្ស។ យុទ្ធសាស្ត្រ​របស់ OHCHR គឺ​ការ​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​អង្គភាព​រដ្ឋាភិបាល ស្ថាប័ន​អប់រំ និង​អង្គការ​សង្គម​ស៊ីវិល។

OHCHR ក៏​នឹង​បន្ត​ការ​លើក​កម្ពស់​ការ​យល់ដឹង​អំពី​យន្តការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ការ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​ប៉ះពាល់​ដល់​ក្រុម​ជន​ពិការ រួម​មាន​ជនជាតិ​ដើម​ភាគតិច បុគ្គល LGBT ជន​ពិការ ស្ត្រី និង​យុវជន ព្រមទាំង​សកម្មជន​បរិស្ថាន អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​សារព័ត៌មាន និង​សហជីព។

លោក Igor Driesmans ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា គម្រោង​លើក​កម្ពស់​សិទ្ធិមនុស្ស និង​លំហ​ពលរដ្ឋ​កម្ពុជា នឹង​ផ្តល់​ចំណែក​យ៉ាង​សំខាន់​សម្រាប់​ការ​បង្កើត​គោល​នយោបាយ​ដែល​ត្រឹមត្រូវ​បម្រើ​ឲ្យ​ប្រយោជន៍​សង្គម។

សហភាព​អឺរ៉ុប បាន​អះអាង​ថា កញ្ចប់​ទឹកប្រាក់​ចំនួន ១​លាន ៥​សែន​អឺរ៉ូ សម្រាប់​លើក​កម្ពស់​សិទ្ធិមនុស្ស និង​លំហ​ពលរដ្ឋ​នៅ​កម្ពុជា​ឡើង​វិញ ជា​ការ​បង្ហាញ​នូវ​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ត​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ជា​ការ​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​របស់​សហភាព​អឺរ៉ុប​ចំពោះ​សង្គម​ស៊ីវិល និង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់។

កាលពី​ខែ​សីហា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន បាន​ជួប​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដោយ​លើកឡើង​នូវ​ប្រធានបទ​មួយ​ចំនួន ដូចជា​លំហ​សង្គម​ស៊ីវិល ប្រជាធិបតេយ្យ ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ពន្ធនាគារ និង​កន្លែង​ឃុំឃាំង និង​វឌ្ឍនភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាដើម។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ពេល​កន្លង​ទៅ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​លំហ​សេរីភាព​សារព័ត៌មាន សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ និង​គ្មាន​ការ​គាប​សង្កត់​ទៅ​លើ​ការ​ប្រតិបត្តិ​ការងារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ការ​ធានា​នូវ​លំហ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ប្រជាពលរដ្ឋ​ដែល​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​ប្រមាណ​ជា ១៣​លាន ២​សែន​នាក់ ក៏​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគេ​ដោយ​គ្មាន​ការ​រារាំង​ដែរ។ ដោយឡែក​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ចំនួន​ប្រមាណ​ជា ៦​ពាន់​ស្ថាប័ន ក៏​បាន​អនុវត្ត​ការងារ​ពួកគេ​បាន​ដោយ​រលូន និង​គ្មាន​ការ​គាប​សង្កត់​ពី​រាជរដ្ឋាភិបាល​ឡើយ​សព្វថ្ងៃ​នេះ។

រយៈពេល​ជាង ៣០​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​បន្ត​មក​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា សិទ្ធិមនុស្ស បាន​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ខណៈ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ដែល​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​ដឹកនាំ​ក្រោម​របប​ឪពុក​កូន​ទាំង​ពីរ​នេះ ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ក៏​ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​ដែរ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស