28 C
Phnom Penh

៧​ខែ​ក្នុង​ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ឧកញ៉ា​និង​អ្នកឧកញ៉ា​ដល់​បុគ្គល​ចំនួន ២៤២​រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា និង​អ្នកឧកញ៉ា​ដល់​បុគ្គល​ចំនួន ២៤២​រូប​ក្នុង​រយៈពេល ៧​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣។

យោង​តាម​សៀវភៅ​រាជកិច្ច​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា ឥស្សរជន និង​អ្នកជំនួញ ១៧២​រូប​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា ខណៈ​ឥស្សរជន និង​អ្នកជំនួញ​ល្បីៗ​ចំនួន ៧០​រូប​ផ្សេង​ទៀត​ទទួល​បាន​ការ​ដំឡើង​គោរមងារ​ពី​ឧកញ៉ា​ទៅ​ជា​អ្នកឧញ៉ា។

នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​គោរមងារ​អ្នកឧកញ៉ា មាន​ដូចជា អ្នកឧកញ៉ា ពុង ឃាវសែ ជា​អ្នក​វិនិយោគ​ដ៏​មាន​ឥទ្ធិពល​ដែល​បាន​បោះ​ទុន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា។ អ្នកឧកញ៉ា ពុង ឃាវសែ ជា​អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​នៅ​កម្ពុជា (OCIC) ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ធនាគារ​កាណាឌីយ៉ា ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា ប្រធាន​សមាគម​ខ្មែរ-ចិន ដែល​គេ​ដឹង​ថា​ជា​ឈ្មួញ​រកស៊ី​ឈរឈ្មោះ​ឱ្យ​ត្រកូល «ហ៊ុន»។

អ្នកឧកញ៉ា​រូប​នេះ​ក៏​មាន​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​សុវណ្ណ​ភូមិ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ Cambodia-Vietnam Insurance Plc។ លោក​ក៏​បាន​វិនិយោគ​ទៅ​លើ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដែល​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ប្រមាណ​ជិត ៥០​រោងចក្រ បូក​រួម​ជាមួយ​នឹង​ផ្សារ ឃ្លាំង​ស្តុក​ទំនិញ​ជាច្រើន​ទៀត។

មិន​ទាន់​អស់​ត្រឹម​នេះ​ទេ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​អ្នកឧកញ៉ា ពុង ឃាវសែ បាន​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​គម្រោង​បុរី​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​ធំៗ​ជាច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា បុរី​ទន្លេបាសាក់ បុរី​ចម្ការមន បុរី​វរជន អូឡាំព្យាស៊ីធី នៅ​ជុំវិញ​ស្តាត​អូឡាំពិក សាន់វ៉េស៊ីធី ទួលគោក លំនៅឋាន​ជាច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា និង​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អគារ​ផ្សារ​ទំនើប​សូរិយា អគារ​ផ្សារ​ទំនើប​សុវណ្ណា អគារ​ខុនដូ និង​បុរី​លំនៅឋាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា​សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ និង​បណ្តា​ខេត្ត​ជាច្រើន​ផ្សេង​ទៀត។

អ្នកឧកញ៉ា​រូប​នេះ​បាន​សហការ​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ប្រទេស​មួយ​ចំនួន ដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង​ជាពិសេស​ចិន គឺជា​ប្រទេស​ដែល​លោក​បាន​វិនិយោគ​ច្រើន​ជាងគេ និង​ជិតដិត​ជាងគេ ដោយសារតែ​លោក​ឧកញ៉ា​អាច​និយាយ​ភាសា​ចិន​ដូច​គ្នា មាន​ទុន​ច្រើន និង​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល។

កន្លង​មក​នេះ អ្នកឧកញ៉ា ពុង ឃាវសែ ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​ស្រុក​បាទី ខេត្ត​តាកែវ ផង​ដែរ។

អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា​អ្នកឧកញ៉ា​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៧៧៧ ចុះ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៣។

អ្នកឧកញ៉ា ផែ ហុកឈួន សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន យី តាក់ គ្រុប ដែល​ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ជី​កសិកម្ម​ដ៏​ធំ​មួយ​នៅ​កម្ពុជា និង​អ្នកឧកញ៉ា ឡាញ់ ភារ៉ា នាយក​ក្រុមហ៊ុន Green Cambodian Property និង​ក្រុមហ៊ុន Construction Group។

អ្នកឧកញ៉ា តាំង ហ្គិចលៀង ជា​ប្រធាន​ក្រុមហ៊ុន H&L Group Co., LTD និង​ជា​ប្រធាន​ក្លឹប​ស្ត្រី​កម្ពុជា ដែល​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ការ​ដោះស្រាយ​វិបត្តិ​គ្រួសារ។ ក្រៅពី​កិច្ចការ​ជំនួញ អ្នកឧកញ៉ា តាំង ហ្គិចលៀង ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​មនុស្សធម៌ ជា​វាគ្មិន​ដ៏​ល្បី និង​ជា​អ្នក​បង្កើត​មាតិកា​អប់រំ​តាម​បណ្ដាញ​សង្គម​ទៀត​ផង ដែល​ការណ៍​នេះ បាន​ធ្វើ​ឱ្យ​សាធារណជន​មួយ​ចំនួន​ផ្ទុះ​កំហឹង​ដោយ​បាន​ចោទប្រកាន់​ថា អ្នកឧកញ៉ា តាំង ហ្គិចលៀង បាន​និយាយ​ក្នុង​ន័យ​មើលងាយ​អ្នក​ក្រ​រហូត​ដល់​មាន​អន្តរាគមន៍​ពី​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ដោយ​តម្រូវ​ឱ្យ​អ្នកឧកញ៉ា​រូប​នេះ​ចេញ​សារ​សុំទោស​ជា​សាធារណៈ។

អ្នកឧកញ៉ា តាំង ហ្គិចលៀង ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា​អ្នកឧកញ៉ា​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស/រកត/១០៩២ ចុះ​ថ្ងៃទី​០៦ ខែ​មិថុនា ឆ្នាំ​២០២៣។

អ្នកឧកញ៉ា តាំង ហ្គិចលៀង ជា​ភរិយា​របស់​អ្នកឧកញ៉ា អ៊ឹង លីហេង។ ឧកញ៉ា អ៊ឹង លីហេង ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា​អ្នកឧកញ៉ា​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស/រកត/១០៣៩ ចុះ​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០២៣ ផង​ដែរ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ នេះ​ថា គិត​តែ​ឆ្នាំ​២០២៣ មួយ​គត់ កម្ពុជា​មាន​ឧកញ៉ា​ចាស់​ថ្មី​ចំនួន ២៤២​នាក់។ ឧបមា​ថា ឧកញ៉ា​ម្នាក់​ដាក់​ទុន​រកស៊ី​ក្នុង​ស្រុក ១០​លាន​ដុល្លារ ដូច្នេះ​ទុន​វិនិយោគ​ក្នុង​ស្រុក​នឹង​មាន​ចំនួន ២៤២០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣។ ទំហំ​នេះ​មិន​តិច​ប៉ុន្មាន​ទេ ប៉ុន្តែ​ច្រាស​មក​វិញ បើ​ឧកញ៉ា​ម្នាក់​បោក​រាស្ត្រ ១០​លាន​ដុល្លារ ទំហំ​នេះ​កាន់តែ​សម្បើម។

កន្លង​មក ឧកញ៉ា ហ៊ី គីមហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស និង​បក្សពួក​ចំនួន​ជាង ១០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន ក្រោម​បទ​ចោទ​បោកប្រាស់​លុយ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​លាន​ដុល្លារ​ពី​ការ​លក់​ដី​ខ្យល់។ សកម្មភាព​របស់​ឧកញ៉ា​ទាំងនោះ រង​ការ​ចោទ​ថា​បោកប្រាស់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ពី​ការ​វិនិយោគ​អចលនទ្រព្យ​មិន​ច្បាស់លាស់ បង្ក​ជា​ការ​រិះគន់​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំង។

តាម​ស្ថិតិ​គិត​មក​ត្រឹម​ដើម​ខែ​មិថុនា ឆ្នាំ​២០២៣ ចំនួន​ឧកញ៉ា និង​អ្នកឧកញ៉ា​មាន​ប្រមាណ ១៣០០​នាក់។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ អតីត​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​រំលឹក​ថា តួនាទី​ឧកញ៉ា​ក្នុង​សង្គម​ខ្មែរ​បាន​កើត​មាន​ឡើង​តាំងតែ​ពី​មុន​សម័យ​អាណាព្យាបាល​បារាំង​មក​ម្ល៉េះ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា នា​សម័យ​នោះ តម្លៃ ឬ​តួនាទី​ជា​ឧកញ៉ា​មាន​ការ​ខុស​ប្លែក​ពី​សម័យ​បច្ចុប្បន្ន ដ្បិត​ឧកញ៉ា​នា​ពេល​នោះ​សំដៅ​លើ​តួនាទី​អ្នក​ដឹកនាំ មន្ត្រី ឬ​ឥស្សរជន​ជាន់ខ្ពស់​កាន់​កិច្ចការ​ជាតិ។

លោក ស ខេង បន្ថែម​ថា បច្ចុប្បន្ន កម្ពុជា​មាន​អនុក្រឹត្យ​មួយ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ដែរ ហើយ​រដ្ឋ​ក៏​បាន​ផ្ដល់​គោរមងារ​ឧកញ៉ា​ជូន​សប្បុរសជន​ដែល​មាន​ទឹកចិត្ត​សប្បុរស​ជួយ​ជាតិ និង​ប្រជាជន ហើយ​ក៏​មាន​លំដាប់​ឧកញ៉ា​ចំនួន ៣ ដែរ​ដែល​រួម​មាន ឧកញ៉ា អ្នកឧកញ៉ា និង​លោកអ្នកឧកញ៉ា។

សម្រាប់​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​គោរមងារ​ឧកញ៉ា លោក ស ខេង ឲ្យ​ដឹង​ទៀត​ថា ព្រះរាជក្រឹត្យ​នេះ​បាន​កំណត់​អំពី​គោលការណ៍ លក្ខខណ្ឌ បែបបទ និង​នីតិវិធី​ក្នុង​ការ​ផ្ដល់​គោរមងារ​ឧកញ៉ា ដើម្បី​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​រូបវន្ត​បុគ្គល​ជា​ពលរដ្ឋ​ខ្មែរ​មាន​គុណ​បំណាច់​ផ្ទាល់ខ្លួន ចូលរួម​អភិវឌ្ឍ និង​កសាង​ជាតិ​មាតុភូមិ។ ព្រះរាជក្រឹត្យ​នេះ ក៏​បាន​កំណត់​អំពី​ការ​គ្រប់គ្រង និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ដើម្បី​ធានា​បាន​នូវ​សេចក្ដី​ថ្លៃថ្នូរ ទំនៀមទម្លាប់​ប្រពៃណី​ល្អ សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស