32 C
Phnom Penh

សភា​នៃ​ប្រទេស​ហុងគ្រី ផ្ដល់​សច្ចាប័ន​ឱ្យ​ប្រទេស​ស៊ុយអែត​ជា​សមាជិក​អង្គការ​ណាតូ​កាលពី​ថ្ងៃ​ចន្ទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សភា​នៃ​ប្រទេស​ហុងគ្រី បាន​ផ្ដល់​សច្ចាប័ន​ឱ្យ​ប្រទេស​ស៊ុយអែត ក្លាយ​ជា​សមាជិក​ទី​៣២ របស់​អង្គការ​ណាតូ ហើយ។

សារព័ត៌មាន The Guardian បាន​ឱ្យ​ដឹង​ថា ការ​បោះឆ្នោត​មាន​សំឡេង ១៨៨ ជា​សំឡេង​គាំទ្រ និង ៦​សំឡេង​ប៉ុណ្ណោះ​ជា​សំឡេង​ជំទាស់។ ដោយ​សំឡេង​គាំទ្រ​មាន​ភាព​លើសលប់​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ស៊ុយអែត ដើរ​ដល់​គោលដៅ​របស់​ខ្លួន​ទៅ​រក​ភាព​ជា​សមាជិក​របស់​អង្គការ​ណាតូ មែន។

រដ្ឋាភិបាល​នៃ​នាយករដ្ឋមន្ត្រី​ហុងគ្រី វិចទ័រ អូបាន (Viktor Orbán) បាន​ដាក់​សំណើ​ឱ្យ​ស៊ុយអែត ជា​សមាជិក​ណាតូ ទៅ​កាន់​សភា គឺ​ក្រោម​សម្ពាធ​ទាំង​ខ្លួន​មិន​ចង់។

ការ​ដាក់​សំណើ​តាំងពី​ខែ​កក្កដា ឆ្នាំ​២០២២ តែ​ពន្យារ​ពេល​រហូត​ដល់​នាយករដ្ឋមន្ត្រី​ស៊ុយអែត ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហុងគ្រី ជួប​នឹង​សម​ភាគី​នេះ ទើប​ទីបំផុត សភា​នៃ​ប្រទេស​ហុងគ្រី រួម​នឹង​សភា​បក្ស​ប្រឆាំង​បាន​សម្រេច​លទ្ធផល​ដូច​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ។

ឥឡូវ​នេះ ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី ចំនួន​ពីរ​ទៀត​បាន​រួម​សម្ព័ន្ធមិត្ត​នឹង​អង្គការ​ណាតូ ហើយ មាន​ន័យ​ថា សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​ហុច​ផល​ឱ្យ​ណាតូ ពង្រីក​សមាជិកភាព​របស់​ខ្លួន​បាន​កាន់តែ​ច្រើន​ឡើង​នៅ​ទ្វីប​អឺរ៉ុប តំបន់​អាត្លង់ទិច​ខាងជើង។

តាម​នីតិវិធី ការ​សម្រេច​ឱ្យ​ប្រទេស​ណា​មួយ​ជា​សមាជិក​របស់​អង្គការ​ណាតូ គឺ​ត្រូវការ​សំឡេង​កុងសង់ស៊ីស គឺ​មាន​ន័យ​ថា មិន​អាច​មាន​សំឡេង​ជំទាស់​ពី​ប្រទេស​ណា​មួយ​ទេ ហើយ​ត្រូវ​ប្រទេស​នីមួយៗ​ធ្វើការ​បោះឆ្នោត​ក្នុង​សភា​ជាតិ​របស់​ពួកគេ។

កន្លង​មក ប្រទេស​ហុងគ្រី និង​តួកគី តែងតែ​ជំទាស់​នឹង​ស៊ុយអែត ដោយ​មូលហេតុ​សន្តិសុខ​នៅ​ឆាក​ណាតូ។ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ស៊ុយអែត អូទ្រីស ជឺសុន បាន​ថ្លែង​ថា ស៊ុយអែត​បាន​សម្រេច​បោះបង់​ចោល​អព្យាក្រឹតភាព​យោធា​ដោយ​មើល​ឃើញ​ករណី​សង្គ្រាម​ប្រទេស​ធំ​បំពាន​ប្រទេស​តូច ដែល​លោក​ទំនង​សំដៅ​ទៅ​កាន់​រុស្ស៊ី យ៉ាង​ច្បាស់។

នាយករដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​នៅ​ទីក្រុង​ស្ដុកខម ដោយ​ថា​នេះ​ជា​ជំហាន​ប្រវត្តិសាស្ដ្រ​ដែល​ប្រទេស​យើង​បាន​ក្លាយ​ជា​សមាជិក​អង្គការ​យោធា ហើយ​យើង​ដើរ​ចេញពី​គោលនយោបាយ​ពីរ​សតវត្ស​របស់​យើង។

លោក​បញ្ជាក់​ថា ស៊ុយអែត​ក្លាយ​ជា​សមាជិក​ណាតូ កម្លាំង​ទ័ព​កាន់តែ​ធំ គឺ​ទ័ព​ណាតូ​នៅ​ពីក្រោយ​ស៊ុយអែត ហើយ​ស៊ុយអែត នឹង​មាន​ការ​ការពារ​សេរីភាព។ មិន​ខុស​គ្នា​នោះ​ទេ អគ្គលេខាធិការ​អង្គការ​ណាតូ បាន​អបអរ​សាទរ​ករណី​នេះ ហើយ​ថា​ហុងគ្រី ពិត​ជា​ទទួល​ស្គាល់​អំពី​ការ​ប្រែប្រួល​ប្រវត្តិសាស្ត្រ និង​ព្រំដែន​ណាតូ។

លោក​សរសើរ​ដល់​ប្រទេស​ស៊ុយអែត ថា​ជា​ប្រទេស​មាន​សក្ដានុពល​យោធា ដូច្នេះ​ស៊ុយអែត នឹង​ធ្វើ​ឱ្យ​ណាតូ​កាន់តែ​ខ្លាំង ដោយ​ស៊ុយអែត ជា​ប្រទេស​ផលិត​អាវុធ​ខ្លួនឯង​បាន​ទៀត​នោះ។

តែ​យ៉ាងណា នាយករដ្ឋមន្ត្រី​ហុងគ្រី ដែល​គេ​ថា​ដើរ​ដល់​ក្រឡា​ទាល់ច្រក ទើប​អនុម័ត​ឱ្យ​ស៊ុយអែត ជា​សមាជិក​ណាតូ គឺ​បុរស​ដែល​មាន​និន្នាការ​ស្និទ្ធ​នឹង​រុស្ស៊ី នេះ នៅតែ​និយាយ​ថា ប្រទេស​នៅ​អឺរ៉ុប​ហាក់បីដូចជា​នៅតែ​រុញ​ឱ្យ​មាន​ភ្លើង​សង្គ្រាម​កាន់តែ​ខ្លាំង​ឡើង។

លោក​បញ្ជាក់​ថា ហុងគ្រី​មាន​ការ​អនុគ្រោះ​ធំធេង​ពេក​ហើយ​សម្រាប់​ស៊ុយអែត ហុងគ្រី​ជា​ប្រទេស​មាន​អធិបតេយ្យភាព​របស់​ខ្លួន ហុងគ្រី​មិន​អត់ឱន​បាន​ទេ​ចំពោះ​ប្រទេស​ណា​ឈ្លានពាន​ប្រទេស​របស់​លោក។ គេ​មិន​ដឹង​ថា លោក​ចង់​សំដៅ​ទៅ​កាន់​ប្រទេស​ណា​នោះ​ទេ ខណៈ​តាម​ធម្មនុញ្ញ​ណាតូ គ្មាន​ករណី​អាច​សមាជិក​ឈ្លានពាន​ប្រទេស​ខ្លួនឯង​នោះ​ទេ បើ​មាន​បញ្ហា គឺ​ត្រូវ​ដោះស្រាយ​ក្នុង​អង្គការ​ណាតូ។

យោង​តាម​មាត្រា​៥ នៃ​អង្គការ​នេះ មាន​តែ​ប្រទេស​ណា​ឈ្លានពាន​ប្រទេស​សមាជិក​ណាតូ គឺ​នឹង​មាន​កម្លាំង​រួម​ក្នុង​ការ​ទប់ទល់​ទៅវិញ​ទេ។ ឯកអគ្គរដ្ឋទូត​ជាច្រើន​នៃ​ប្រទេស​ណាតូ នៅតែ​មើល​ឃើញ​ថា ហុងគ្រី​ប្រឹង​ធ្វើ​ខ្លួន​ជា​ឧបសគ្គ​របស់​ណាតូ និង​អឺរ៉ុប។

អ្វី​ដែល​សំខាន់​នោះ​គេ​ដឹង​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​គំរាម​ទៅ​កាន់​ប្រទេស​ហុងគ្រី។ លោក បៃដិន ថា ប្រទេស​ដល់​ទៅ ៣១​ជា​សមាជិក​ណាតូ គេ​បោះឆ្នោត​ឱ្យ​ស៊ុយអែត ក្លាយ​ជា​សមាជិក​អង្គការ​នេះ​ហើយ គឺ​មិន​ត្រូវ​ប្រទេស​មួយ​ធ្វើ​ខ្លួន​ជា​ឧបសគ្គ​នោះ​ទេ។ ដូច​នេះ លោក​សង្ឃឹម​ថា សភា​ហុងគ្រី នឹង​មិន​បង្អង់​ទៀត​នោះ​ទេ​ឱ្យ​ស៊ុយអែត បាន​ចូល​ជា​សមាជិក​អង្គការ​នេះ។

គេ​ដឹង​ថា តួកគី ទេ​ជា​ប្រទេស​មាន​រឿង​ក្ដី​ជំទាស់​នឹង​ណាតូ តែ​ប្រទេស​នេះ​នៅតែ​អាច​សម្រេច​ការ​ឱ្យ​ស៊ុយអែត ចូល​ជា​សមាជិក​បាន​កាលពី​ខែ​មករា។

អ្វី​ដែល​សំខាន់ ប្រធានាធិបតី​នៃ​ប្រទេស​តួកគី នេះ បាន​ជជែក​ពី​ការ​ដោះដូរ​យន្តហោះ​ចម្បាំង F-16 ជាច្រើន​គ្រឿង​ក្នុង​ពេល​ទន្ទឹម​គ្នា​នឹង​សភា​ត្រូវ​អនុម័ត​ឱ្យ​ស៊ុយអែត ជា​សមាជិក​ណាតូ នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស