32.3 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​មួយ​ចំនួន​ថា​ចាញ់​បញ្ឆោត​ឱ្យ​ទៅ​ទទួល​លោក ហ៊ុន ម៉ាណែត ដោយ​មិន​ដឹង​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី ទម្លាយ​ថា ការ​ជួបជុំ​នៃ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី មុន​ពេល​គាត់​ចូលរួម​កិច្ចប្រជុំ​អូស្ត្រាលី-អាស៊ាន នៅ​ពេលនេះ គឺជា​ការ​បោក​បញ្ឆោត​ពី​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច តាមរយៈ​ការ​ទៅ​ចូលរួម​ក្នុង​ពិធី​ជប់លៀង​មួយ​ដោយ​មិន​គិត​លុយ មិនមែន​ពួកគេ​ទៅ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ទេ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក សួន សុរីដា ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​មួយ​នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា អ្នក​ដែល​ទៅ​ទទួល​លោក ហ៊ុន ម៉ាណែត មាន​ពីរ​ប្រភព គឺ​ទី​១ ជា​មន្ត្រី​បក្ស​កាន់​អំណាច​ដែល​គេ​រៀបចំ​ឱ្យ​អម​ដំណើរ​លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​កិច្ចប្រជុំ​អូស្ត្រាលី-អាស៊ាន នៅ​ពេលនេះ ដែល​មាន​ចំនួន​ប្រមាណ​ជា ៥០០​នាក់ ចំណែក​ទី​២ គឺជា​ប្រជាពលរដ្ឋ​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​កុហក​ឱ្យ​ទៅ​ចូលរួម​ប៉ុណ្ណោះ។

លោក សួន សុរីដា អះអាង​ថា មុន​នឹង​លោក ហ៊ុន ម៉ាណែត ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី បណ្ដាញ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​លិខិត​បោកប្រាស់​ជាច្រើន​ដោយ​បញ្ជាក់​ថា ពួកគេ​អញ្ជើញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ទាំងនោះ ទៅ​ចូលរួម​ក្នុង​ពិធី​ជប់លៀង​មួយ​ដោយ​មិន​គិត​លុយ។

លោក​បន្ថែម​ថា ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​មិន​នឹកស្មាន​ថា​ពួកគេ​កុហក ក៏​បាន​នាំគ្នា​ទៅ​ចូលរួម​ក្នុង​ពិធី​នោះ​តែម្តង ប៉ុន្តែ​ពេល​ទៅ​ដល់ ពួកគេ​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ពួកគេ​បាន​ឃើញ​សុទ្ធតែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​នៅ​ទីនោះ ដែល​ពួកគេ​ម្នាក់ៗ​សុទ្ធតែ​ពាក់​ស្លាក​សញ្ញា​គណបក្ស​កាន់​អំណាច​គ្រប់ៗ​គ្នា ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​បដិសេធ​មិន​ចូលរួម​ក្នុង​កម្មវិធី​នោះ​ដែរ ដោយ​ពួកគេ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​កៀរគរ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​អូស្ត្រាលី មន្ត្រី​បក្ស​កាន់​អំណាច​ទាំងនោះ​ក៏​បាន​ប្រើ​វិធី​កុហក​អញ្ជើញ​ក្រុម​និស្សិត​ដែល​កំពុង​ស្នាក់នៅ​បន្ត​ការ​សិក្សា​ក្នុង​ប្រទេស​អូស្ត្រាលី ឱ្យ​ទៅ​ចូលរួម​ពិធី​ជប់លៀង​ដែល​ពួកគេ​រៀបចំ​ដែរ ក្នុង​នោះ​ក៏​មាន​និស្សិត​ខ្លះ​សម្ដែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង។

លោក សួន សុរីដា គូស​បញ្ជាក់​ថា សម្រាប់​អ្នក​ដែល​សុខចិត្ត​បន្ត​ចូលរួម​ក្នុង​ពិធី​ជប់លៀង​នោះ ទោះ​ពេញចិត្ត ឬ​មិន​ពេញចិត្ត​ក៏ដោយ គឺ​ត្រូវ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រៀបចំ​ពិធី​នេះ សុំ​ចុះឈ្មោះ​ពួកគេ​ឱ្យ​ទៅ​ចូលរួម​ទទួល​លោក ហ៊ុន ម៉ាណែត ទាំងអស់ ដូច្នេះ​ការ​អួតអាង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា​មាន​អ្នក​ទៅ​ទទួល​ស្វាគមន៍​ទទួល​លោក​ជាង ១​ពាន់​នាក់​នោះ គឺជា​ការ​និយាយ​បោកប្រាស់​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៤ ក្នុង​ពិធី​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា លោក​មិន​តបត​ជាមួយ​ក្រុម​ប្រឆាំង​មួយ​ក្ដាប់​តូច​ដែល​មាន​មនុស្ស​ប្រមាណ​ជា ១០០​នាក់​ទៅ ២០០​នាក់​នៅ​ប្រទេស​អូស្ត្រាលី ដែល​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នោះ​ទេ ព្រោះ​ថា​អ្នកគាំទ្រ​ដែល​ទៅ​ចូលរួម​ទទួល​ស្វាគមន៍​លោក​គឺ​មាន​រហូត​ដល់​ទៅ​ជាង ១​ពាន់​នាក់​ឯណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី អះអាង​ថា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូវែលហ្សេឡង់ ដែល​ទៅ​ចូលរួម​ក្នុង​ពិធី​ទទួល​លោក ហ៊ុន ម៉ាណែត មាន​ប្រមាណ​ជាង ១០០០​នាក់ ប៉ុន្តែ​អ្នក​ចូលរួម​អាច​មាន​ច្រើន​ជាង​នេះ ប្រសិនបើ​ទីតាំង​ជួបជុំ​ធំ​ទូលាយ ដូច្នេះ​ការ​ជួបជុំ​ត្រឹម​ជាង ១​ពាន់​នាក់​នា​ពេលនេះ គឺ​ដោយសារ​ទីតាំង​ចង្អៀត​ដាក់​បាន​ត្រឹមតែ​ចំនួន​នេះ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អូស្ត្រាលី-អាស៊ាន ក្នុង​ទីក្រុង​មែលប៊ន (Melbourne) ប៉ុន្តែ​ជុំវិញ​វត្តមាន​របស់​លោក​នៅ​ពេល​នោះ ត្រូវ​ក្រុម​អ្នក​ស្នេហា​ប្រជាធិបតេយ្យ ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​សកម្មជន​សង្គម​ជាង ៥០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋសភា​ប្រទេស​អូស្ត្រាលី ទីក្រុង​មែលប៊ន (Melbourne) នៅ​ថ្ងៃទី​២ ខែ​មីនា ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ រួម​ទាំង​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មេធាវី​អន្តរជាតិ កញ្ញា សេង ធារី ប្រធាន​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ រួម​ទាំង​អ្នកទោស​នយោបាយ​ដែល​កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ និង​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី ប្រាប់​សារព័ត៌មាន The Cambodia Daily អំឡុង​ពេល​ចូលរួម​បាតុកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​ចូល​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត និង​ពលរដ្ឋ​ដែល​ចូលរួម​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត គឺ​មាន​លក្ខណៈ​បញ្ច្រាស​គ្នា​ទាំងស្រុង។

បណ្ឌិត សេង សារី លើកឡើង​ថា គ្រាន់តែ​ប្រតិភូ​អម​ដំណើរ​លោក ហ៊ុន ម៉ាណែត មាន​ចំនួន​ជាង ៥០០​នាក់ ចំណែក​ប្រជាពលរដ្ឋ​ដែល​ទៅ​ពី​ប្រទេស​ញូវហ្សេលែន និង​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​អូស្ត្រាលី មាន​ប្រមាណ​ជា ៦០០​នាក់​ទៀត ប៉ុន្តែ​វត្តមាន​របស់​អ្នក​ទាំងនោះ​គ្រាន់តែ​ទៅ​បង្ហាញ​មុខ​ឱ្យ​លោក ហ៊ុន ម៉ាណែត បាន​ឃើញ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ពួកគេ​ដែល​ទទួល​បាន​ពី​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ មិនមែន​ចូលរួម​ដោយ​ទឹកចិត្ត​ស្រឡាញ់​ដូច​ពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​បាតុកម្ម​នោះ​ទេ។

ចំពោះ​ការ​ថ្លែង​អះអាង​ដែល​ថា​មាន​ពលរដ្ឋ​ខ្មែរ​ចាញ់បោក ចាញ់​បញ្ឆោត​ទៅ​ចូលរួម​បរិភោគ​អាហារ​មិន​បង់​ប្រាក់​ដោយ​មិន​ដឹង​ខ្លួន​ថា​ទៅ​ចូលរួម​កម្មវិធី​ទទួល​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះ អ្នក​តាមដាន អ្នក​សង្កេតការណ៍​ខ្លះ​ដែល​ធ្លាប់​ដឹង​ធ្លាប់​ឃើញ​ទស្សនកិច្ច​អ្នក​ដឹកនាំ​ខ្មែរ​នៅ​បរទេស​មើល​ឃើញ​ផ្សេង។ គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​បណ្ដាញ​សាខា​បក្ស​នៅ​បរទេស មាន​ដូចជា​នៅ​អាមេរិក​ខាងជើង សហរដ្ឋ​អាមេរិក កាណាដា នៅ​សហភាព​អឺរ៉ុប នៅ​អូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង ជប៉ុន ថៃឡង់ដ៍។ គេ​ឲ្យ​ឈ្មោះ​ថា ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ដោយ​ប្រមូល​សមាជិក អ្នកគាំទ្រ ភាគច្រើន​ជា​មនុស្ស​ចំណាស់ ដែល​ប្រាថ្នា​ចង់​បាន ឬ​រក្សា​លាភ​សក្ការៈ​ប្រយោជន៍​ផ្ទាល់ខ្លួន​ផ្សេងៗ មាន​ដូចជា ការពារ​មុខរបរ ដីធ្លី ទ្រព្យសម្បត្តិ បុណ្យស័ក្តិ មុខមាត់ បក្ខពួក ជាដើម។

គេ​បែងចែក​ប្រទេស​នីមួយៗ​ជា​តំបន់ ដាក់​លេខ​ជា​តំបន់​១ តំបន់​២ ដល់​តំបន់​៩ ដូច​សម័យ​ខ្មែរក្រហម ហើយ​គ្រប់គ្រង​ដោយ​មេបញ្ជាការ​យោធា ឬ​មន្ត្រី​ស្ថាប័ន​រដ្ឋ ក្លែង​ខ្លួន​ជា​វិនិយោគិន ដាក់​ទុន​រកស៊ី​នៅ​អូស្ត្រាលី និង​នូវែលហ្សេឡង់។ ដូច្នេះ​មាន​អ្នក​ទទួល​លោក ហ៊ុន ម៉ាណែត ១​ពាន់ ឬ​ជាង ១​ពាន់​នាក់​នោះ មិន​ខុស​ទេ បើ​មាន​ដឹក​មនុស្ស​ហៅថា​សមាជិក​គណៈប្រតិភូ​រាជរដ្ឋាភិបាល​អម​ដំណើរ​នាយករដ្ឋមន្ត្រី​នោះ។

ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទៅ​ចូលរួម ហើយ​ថា​មិន​ដឹង​ជា​កម្មវិធី​អ្វី ឬ​កម្មវិធី​រៀបចំ​ទទួល​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះ ដូចជា​គេ​ពិបាក​ជឿ​ហើយ ឬ​គ្រាន់តែ​ជា​លេស​ដោះសា​ដោះ​ទ័ល​មក​ពី​ខ្លួន​ជ្រុល​ដំណើរ​ទៅ​ហើយ កុំ​ឲ្យ​អ្នក​ដទៃ​ចោទ។

នៅ​សហរដ្ឋ​អាមេរិក មាន​អ្នក​ធ្លាប់​ចូលរួម​កម្មវិធី​បដិសណ្ឋារកិច្ច​ឲ្យ​លោក ហ៊ុន ម៉ាណែត និយាយ​យ៉ាង​សាមញ្ញ​ថា គ្រាន់តែ​ទៅ​បរិភោគ​អាហារ​មិន​អស់​លុយ (free) ប៉ុន្តែ​មិន​ទៅ​គាំទ្រ​ទេ។ ខ្លះ​ទៀត​ថា ចង់​ទៅ​ស្តាប់​គេ​ថា​ម៉េច ប៉ុន្តែ​ក៏​មិន​ទៅ​គាំទ្រ​ដែរ។ អំពើ និង​ទង្វើ​មនុស្ស​ម្នាក់ៗ ទោះជា​ថា​មិន​គាំទ្រ​ក៏ដោយ ក៏​គេ​ចាត់ទុក​ជា​ការ​ចូលរួម​ចំណែក​ធ្វើ​វិភាគទាន​បង្កើត​ឲ្យ​មាន​របៀប​បែបបទ​ដឹកនាំ​ឲ្យ​មាន​តែ​បរិមាណ មិន​ចង់​បាន​គុណភាព​ដែរ។ ក្នុង​ភាសា​នយោបាយ គេ​ហៅថា ជួយ​ពង្រីក​មុខ ពង្រឹង​របប​ផ្ដាច់ការ​ដោយ​ស្ម័គ្រចិត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស