41.3 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស្នើ​ឱ្យ​ចៅហ្វាយក្រុង ខេត្ត សម្រួល​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ស្នើ​ទៅ​អភិបាល​រាជធានី អភិបាល​ខេត្ត ជួយ​សម្រួល​ជាមួយ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដល់​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។

យោង​តាម​លិខិត​ជម្រាប​ទៅ​អភិបាល​រាជធានី និង​ខេត្ត​ពី​លោក ស សុខា នៅ​ថ្ងៃទី​៥ ខែ​មីនា លិខិត​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ធ្វើ​កំណែ​ទម្រង់​ដីធ្លី ជាពិសេស​ការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ដែល​មាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នក​រៀបចំ។

ប្រភព​ដដែល​បាន​អះអាង​ថា ការងារ​ចុះបញ្ជី​ដីធ្លី​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត មាន​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី និង​ភូមិបាល​ក្រុង ស្រុក ខណ្ឌ ជា​ប្រធាន​ក្រុម​ការងារ​ចុះបញ្ជី​នេះ។ លោក​ថា ក្រសួង​មហាផ្ទៃ​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ត ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​សម្រួល និង​គាំទ្រ​ក្នុង​ការ​អនុវត្ត​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៃ​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី ដែល​មាន​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី និង​ភូមិបាល​ក្រុង ស្រុក ខណ្ឌ ជា​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​ការងារ​ចុះបញ្ជី​ដីធ្លី​នេះ។

លោក ស សុខា បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​ធ្វើ​បញ្ជី​កម្មសិទ្ធិ គឺ​ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់​ជា​ផ្លូវការ​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​វិវាទ​ដីធ្លី។

ការ​ចុះបញ្ជី​ដីធ្លី និង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ មាន​នីតិវិធី​ពីរ គឺ​ការ​ចុះបញ្ជី​តាម​ការ​ស្នើសុំ​ពី​ម្ចាស់​ដី​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ការ​ចុះបញ្ជី​ដាច់​ដោយ​ដុំ និង​ការ​ចុះបញ្ជី​មួយ​ឃុំ​ម្តងៗ​តាម​ការ​កំណត់​នៃ​រាជរដ្ឋាភិបាល ដែល​គេ​ហៅ​ថា ការ​ចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។

ក្រុម​ង​អង្គការ​សង្គម​ស៊ីវិល បាន​លើកឡើង​ថា ដោយសារតែ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កន្លង​មក​មាន​ភាព​មិន​ប្រក្រតី ទើប​បណ្តាល​ឲ្យ​មាន​ជម្លោះ​ដីធ្លី​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ក្រីក្រ​ជាមួយ​អ្នក​មាន​អំណាច ក្រុមហ៊ុន​ឯកជន និង​ឧកញ៉ា​មួយ​ចំនួន។

កន្លង​មក អង្គការ​សិទ្ធិមនុស្ស​អាដហុក បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​មួយ​អំពី​វិវាទ​ដីធ្លី​ក្នុង​ឆ្នាំ​២០២១ ដោយ​រក​ឃើញ​ថា ជម្លោះ​ដីធ្លី​កើតឡើង​ប្រមាណ ១៧០​ករណី និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៦​ម៉ឺន​នាក់។

សេចក្តី​រាយការណ៍​កម្រាស់ ៣៤​ទំព័រ​នៃ​សមាគម​អាដហុក ឲ្យ​ដឹង​ថា វិវាទ​ដីធ្លី​ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន ១៦៩​ករណី​លើ​ទំហំ​ផ្ទៃដី​ជាង ៥២៦០០​ហិកតា និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១៧០០០​គ្រួសារ ស្មើ​ប្រមាណ​ជាង ៦១០០០​នាក់ ហើយ​ក្នុង​នោះ​ក៏​មាន​ជនជាតិ​ដើម​ភាគតិច​រង​ផល​ប៉ះពាល់​ជាង ១៣០០​គ្រួសារ​ផង​ដែរ។

ក្នុង​ចំណោម​វិវាទ​ដីធ្លី​ប្រមាណ ១៧០​ករណី​នោះ អង្គការ​អាដហុក​កត់សម្គាល់​ថា​មាន​ករណី​រំលោភ​បំពាន​ដោយ​បុគ្គល​មាន​អំណាច​ចំនួន ៦៦​ករណី រំលោភ​បំពាន​ដោយ​អ្នក​មាន​ទ្រព្យសម្បត្តិ​ចំនួន ២៧​ករណី ចាប់​ខ្លួន​ចោទប្រកាន់ ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ដែល​ជា​គូភាគី​វិវាទ​ចំនួន ៣៥​ករណី ដែល​មាន​ជនរងគ្រោះ​ជិត ១៦០​នាក់​កំពុង​ជាប់​បណ្តឹង​អាជ្ញា ក្រោម​ការ​ត្រួតពិនិត្យ​ពី​តុលាការ។

សេចក្តី​រាយការណ៍​បន្ថែម​ថា ៦​ករណី​ទៀត​មាន​ជនរងគ្រោះ ១៧​នាក់​កំពុង​ជាប់​ឃុំ​ជា​បណ្ដោះអាសន្ន និង​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស