34.7 C
Phnom Penh

នាយករដ្ឋមន្ត្រី​ចិន លែង​មាន​សិទ្ធិ​បញ្ចេញមតិ​ជា​សាធារណៈ​ហើយ​ចាប់​ពី​ពេលនេះ​តទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ធ្វើ​អត្ថាធិប្បាយ​ម្នាក់​ឱ្យ​សារព័ត៌មាន Think China លោក Chen Kuohsiang ចាប់​យក​មុំ​មួយ​ចេញពី​មហាសន្និបាត​នៃ​បក្ស​កុម្មុយនីស្ត​ចិន មក​ធ្វើការ​បរិយាយ ទាក់ទង​នឹង​ការ​បញ្ចេញមតិ​នៃ​នាយករដ្ឋមន្ត្រី​ចិន ដែល​ចាប់ពី​ពេលនេះ​ទៅ​ត្រូវ​បាន​បិទ​សិទ្ធិ​ហើយ។

តាម​លោក Chen Kuohsiang នាយករដ្ឋមន្ត្រី​ចិន ដែល​ត្រូវ​ដក​សិទ្ធិ​បញ្ចេញមតិ​ជា​សាធារណៈ​តាមរយៈ​ការ​អនុម័ត​ដោយ​សភា​ប្រជាជន​ចិន ដែល​ធ្វើឡើង​រយៈពេល ៣​ថ្ងៃ​មក​នេះ។

ក្រោម​បន្ទាត់​នយោបាយ លោក ស៊ី ជីនពីង ដែល​ជា​ប្រធានាធិបតី​ផង ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន ផង គេ​សង្កេត​ឃើញ​កម្មាភិបាល​ជាន់ខ្ពស់​មាន​ទាំង​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយភាព លី ឈាង រដ្ឋមន្ត្រី​ការបរទេស លោក លី ខឺឈាង និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លី ស្ហាងហ៊្វូ ត្រូវ​បាន​ដក​តំណែង​ក្រោយ​បាត់​មុខ​ពី​ទី​សាធារណៈ​ជាច្រើន​ថ្ងៃ។

នៅ​ក្នុង​សមាជិក​បក្ស​កុម្មុយនីស្ត​កាលពី ២​ឆ្នាំ​មុន អតីត​ប្រធានាធិបតី ហ៊ូ ជីនតាវ ដែល​អង្គុយ​ក្នុង​សាល​ប្រជុំ​ក្បែរ​លោក លី ខឺឈាង ត្រូវ​បាន​កង​សន្តិសុខ​បក្ស​ក្រៀក​ស្មា​ដើរ​ចេញពី​សាល​ប្រជុំ ខណៈ​សម័យ​ប្រជុំ​កំពុង​ប្រព្រឹត្ត​ទៅ។

ក្នុង​គ្រា​នោះ លោក ហ៊ូ ជីនតាវ ព្យាយាម​និយាយ​ទៅ​កាន់​លោក ស៊ី តែ​លោក​មិន​ឃើញ​និយាយ​អ្វី​ទេ គ្រាន់តែ​ប្រើ​ទឹកមុខ​ញញឹម​ដោយ​ខកចិត្ត។ តែ​ជាមួយ​គ្នា​នោះ លោក ហ៊ូ ជីនតាវ ក៏​បាន​និយាយ​ដាក់​ត្រចៀក​លោក លី ខឺឈាង បន្តិច ហើយ​អង្អែល​ស្មា​លោក លី ខឺឈាង រួច​កង​សន្តិសុខ​នាំ​ខ្លួន​ចេញពី​សាល​ប្រជុំ​ភ្លាមៗ​តែម្ដង។

សមាជិក​បក្ស​ជា​កម្មាភិបាល​ដែល​អង្គុយ​តាម​ជួរ​ពី​ថ្នាក់​ទាប​ដល់​ខ្ពស់​បំផុត មាន​ទាំង​អង្គុយ​ក្នុង​ជួរ​លោក ស៊ី ជីនពីង ផង​ដែរ ហាក់ដូចជា​សម្ដែង​ភាព​ស្រឡាំងកាំង។ អ្វី​ដែល​សង្ស័យ គឺ​គេ​ថា​អតីត​ប្រធានាធិបតី ហ៊ូ ជីនតាវ អាច​ឡើង​បញ្ចេញមតិ​ប្រឆាំង​មិន​ឱ្យ​លោក ស៊ី បន្ត​អាណត្តិ​ប្រធានាធិបតី​បន្ថែម​ទៀត ដែល​មួយ​អាណត្តិ​មាន​រយៈពេល ៥​ឆ្នាំ។

ប្រធានាធិបតី​ចិន លោក ស៊ី ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ប្រទេស​ចិន តាំងពី​សម័យ​លោក Mao Zedong ធ្វើ​ជា​ប្រធានាធិបតី​ចិន មក ត្រូវ​បាន​សមាជ​បក្ស​កុម្មុយនីស្ត​ចិន កាលពី​ឆ្នាំ​២០២២ ជ្រើសរើស​ឱ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស​នេះ​នៅ​អាណត្តិ​ទី​៣ ជា​បន្ត​ទៀត។ មាន​ន័យ​ថា លោក ស៊ី ត្រូវ​បន្ត​កាន់​តំណែង​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​៣ ផង​ដែរ។

ការ​ជ្រើសរើស​លោក ស៊ី ឡើង​កាន់​អំណាច​ដំបូង​កាលពី​ឆ្នាំ​២០១២ ឱ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស​សម្រាប់​អាណត្តិ ៥​ឆ្នាំ​បន្ត​ទៀត​នេះ គឺជា​ការ​បោះបង់​ចោល​នូវ​ទម្លាប់​កន្លង​មក​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន ដែល​ជាទូទៅ មេដឹកនាំ​មុនៗ​ក្នុង​បក្ស​ដឹកនាំ​តែ ២​អាណត្តិ គឺ​រយៈពេល ១០​ឆ្នាំ​តែប៉ុណ្ណោះ ហើយ​នឹង​ចាកចេញ​ពី​តំណែង។ អ្នក​ខ្លះ​ថា​លោក ស៊ី ព្យាយាម​កាន់​អំណាច​ឱ្យ​បាន​ពេញ​មួយ​ជីវិត​លោក ទាំង​ឋានៈ​ជា​អគ្គលេខាធិការ​បក្ស និង​ប្រធានាធិបតី។

ចាប់ពី​ថ្ងៃ​នេះ​តទៅ ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ចិន ចង់​បញ្ចេញមតិ​បាន​ត្រឹម​នៅ​ពេល​ទទួលទាន​បាយ​ជាមួយ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ។

អ្នក​ធ្វើ​អត្ថាធិប្បាយ​ឱ្យ​សារព័ត៌មាន Think China បន្ត​ថា ប្រទេស​ចិន លែង​មាន​តម្លាភាព​នៃ​សេរីភាព​នយោបាយ​ហើយ​សម្រាប់​នាយករដ្ឋមន្ត្រី​ដែល​កាន់កាប់​កិច្ចការ​ជាតិ​ធំៗ​បន្ទាប់ពី​ប្រធានាធិបតី។

អ្នក​នាំពាក្យ​នៃ​សមាជ​សភា​ប្រជាជន​ចិន Lou Qinjian និយាយ​ថា បច្ចុប្បន្ន នាយករដ្ឋមន្ត្រី Li Qiang មិន​អាច​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​បាន​ទៀត​ទេ។

សភា​ប្រជាជន​ចិន បើក​សម័យប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម ដែល​ក្នុង​នោះ​ក៏​រួម​មាន​វិបត្តិ​អចលនទ្រព្យ ក្រោយពី​មាន​ការ​រីកចម្រើន​អស់ ៤​ទសវត្សរ៍​កន្លង​ទៅ ដែល​បាន​រុញ​ប្រទេស​នេះ​ទៅ​ក្នុង​មហាអំណាច​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ។

បញ្ហា​ដ៏​សំខាន់​បំផុត​មួយ​ដែល​គ្របដណ្ដប់​លើ​សម័យប្រជុំ​សភា​ប្រជាជន​ចិន សម្រាប់​ឆ្នាំ​២០២៤ គឺ​បញ្ហា​សេដ្ឋកិច្ច​ជាតិ។ សមាជ​សភា​ប្រជាជន​ចិន ដែល​បាន​បើក​សម័យប្រជុំ​កាលពី​ថ្ងៃទី​៥ ខែ​មីនា នេះ ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់ ក្រែង​មាន​សញ្ញា​បង្ហាញ​ណា​មួយ​ទៅ​លើ​អ្វី​ដែល​បក្ស​កុម្មុយនីស្ត​ចិន អាច​នឹង​អនុវត្ត​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ជាតិ​ដែល​កំពុង​ធ្លាក់​ចុះ​នៅ​ក្រោម​ទម្ងន់​នៃ​ការ​គ្រប់គ្រង​កាន់តែ​ខ្លាំង​ឡើង​នៃ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ស៊ី។

សមាជ​សភា​ប្រជាជន​ចិន ជាទូទៅ​គ្រាន់តែ​ជា​និមិត្តរូប​តែប៉ុណ្ណោះ ដែល​វា​មិន​មាន​អំណាច​ពិតប្រាកដ​ដើម្បី​សម្រេច​លើ​ច្បាប់​ណា​មួយ​ទេ។ ទោះជា​សមាជិក​សភា​ចិន ធ្វើការ​បោះឆ្នោត​លើ​ច្បាប់​ក៏ដោយ ក៏ប៉ុន្តែ​គ្រាន់តែ​ជា​ការ​អនុម័ត​បង្គ្រប់​កិច្ច​ក្នុង​សំឡេង​ជា​ឯកច្ឆន្ទ​គ្មាន​សំឡេង​ជំទាស់ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន នៅ​ក្នុង​កិច្ចប្រជុំ​បិទ​ទ្វារ។

កិច្ចប្រជុំ​នៃ​ក្រុម​កម្មាភិបាល​ជាន់ខ្ពស់​ចិន ដែល​គេ​ហៅថា​ក្រុម​ធ្វើ​សេចក្ដី​សម្រេច ក៏​មាន​អគ្គលេខាធិការ​បក្ស លោក ស៊ី ជីនពីង ផង​ដែរ។ របៀបវារៈ​ដែល​អ្នក​នាំពាក្យ​សមាជ​សភា​ប្រជាជន​ចិន នាំមក​និយាយ​ក្រោយពី​បិទ​បញ្ចប់​សម័យប្រជុំ​ប្រចាំ​ឆ្នាំ ដែល​គេ​ថា​ជា​ប្រធានបទ​មិន​ប្រក្រតី​ខុស​ពី​ការ​លើកឡើង​អំពី​ស្ថានភាព​សេដ្ឋកិច្ច គឺ​ការ​បិទ​សិទ្ធិ​របស់​នាយករដ្ឋមន្ត្រី​មិន​ឱ្យ​បញ្ចេញមតិ​ជា​សាធារណៈ ឬ​ការ​បញ្ចេញមតិ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន។

គួរ​កត់​សម្គាល់​ថា តាម​អ្នកជំនាញ​ភាសា​ចិន Nikhil Sonnad ដែល​សរសេរ​ពន្យល់​ពាក្យ​ចិន ក្នុង​ព្រឹត្តិបត្រ Quartz Economics នៅ​ក្រៅ​ប្រទេស គេ​នាំគ្នា​ហៅ​ងារ​លោក ស៊ី ជីនពីង ថា​ប្រធានាធិបតី​ចិន ដែល​ភាសា​ចិន ហៅថា zongtongs។

នៅ​ក្នុង​ប្រទេស​ចិន វិញ លោក​បាន​តម្រូវ​ឲ្យ​ទាហាន​នៃ​កងទ័ព​រំដោះ​ចិន ហៅ​លោក​ថា zhuxi ឬ zongshuji ដែល​ប្រែ​ថា លេខា​បក្ស។ គេ​មិន​ហៅ​លោក​ថា zongtongs ប្រធានាធិបតី ឬ shouzhang មេដឹកនាំ ឬ​ក៏​ហៅ​លោក​ថា guojia zhuxi ដែល​ប្រែ​ថា ប្រធាន​រដ្ឋ​នោះ​ដែរ ពីព្រោះ​ងារ​នោះ ប្រធាន ម៉ៅ សេទុង បាន​លុប​ចោល​នៅ​ឆ្នាំ​១៩៧៥ ក្រោយពី​ប្រមូលផ្ដុំ​ក្តោប​ក្តាប់​អំណាច​តែ​ម្នាក់​ឯង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស