32 C
Phnom Penh

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល​បង្កើត​គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល​ទប់ទល់​នឹង​ការ​វាយប្រហារ​គ្រប់​រូបភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើត​គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​បំពេញ​មុខងារ និង​ជំរុញ​ការ​គ្រប់គ្រង​សន្តិសុខ​ឌីជីថល ការពារ​ប្រយោជន៍​តួអង្គ​សង្គម ទប់ទល់​នឹង​ការ​វាយប្រហារ​គ្រប់​រូបភាព។

នៅ​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល​មាន​រូបលោក​ធ្វើ​ជា​ប្រធាន និង​មាន​ឧបនាយករដ្ឋមន្ត្រី ១​រូប​ជា​អនុប្រធាន​ប្រចាំ​ការ រួម​ទាំង​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ គឺជា​អនុប្រធាន។ គណៈកម្មាធិការ​នេះ​ត្រូវ​កោះ​ប្រជុំ ៦​ខែ​ម្តង​តាម​ការ​អញ្ជើញ​ពី​ប្រធាន។

ប្រភព​ដដែល​អះអាង​ថា គណៈកម្មាធិការ​នេះ​មាន​អគ្គលេខាធិការដ្ឋាន​មួយ​ដែល​ចំណុះ​ដោយ​អង្គភាព​សាយប័រ​កម្ពុជា (Cyber Cambodia Unit) អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​សាយប័រ អង្គភាព​ការពារ​ជាតិ​ក្នុង​លំហ​សាយប័រ និង​អង្គភាព​ការទូត​សាយប័រ។ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល​នេះ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​មាន​អគ្គលេខាធិការ​រង​ទទួល​បន្ទុក​អង្គភាព​នីមួយៗ​នៅ​ក្រោម​ឱវាទ។

តាម​អនុក្រឹត្យ​ដដែល​នេះ គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល គឺ​ត្រូវ​ប្រើប្រាស់​កញ្ចប់​ថវិកា​ជាតិ​ដោយឡែក​នៅ​ក្នុង​ក្របខ័ណ្ឌ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ ប៉ុន្តែ​សម្រាប់​អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​សាយប័រ គឺ​ត្រូវ​ផ្គត់ផ្គង់​ថវិកា​ដោយឡែក​ក្នុង​ក្របខ័ណ្ឌ​ថវិកា​ប្រចាំ​ឆ្នាំ​នៃ​ក្រសួង​មហាផ្ទៃ ខណៈ​អង្គភាព​ការពារ​ជាតិ​ក្នុង​លំហ​សាយប័រ ត្រូវ​ផ្គត់ផ្គង់​ថវិកា​ដោយឡែក​ក្នុង​ក្របខ័ណ្ឌ​ថវិកា​ប្រចាំ​ឆ្នាំ​នៃ​ក្រសួង​ការពារ​ជាតិ។

ជុំវិញ​ការ​បង្កើត​គណៈកម្មាធិការ​នេះ​កន្លង​មក កាសែត​អាមេរិកាំង The New York Times បាន​រក​ឃើញ​ថា បក្ស​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​បង្កើត​បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ១០​ឆ្នាំ​ហើយ។ គោលដៅ​របស់​អង្គភាព​នេះ ដើម្បី​គាំទ្រ​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ក្បាលម៉ាស៊ីន​ឃោសនា​នៃ​បណ្ដាញ​សង្គម។

កាសែត The New York Times បាន​ចុះផ្សាយ​ថា បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន។ ក្នុង​អង្គភាព​នៃ​បន្ទប់​ឃ្លាំមើល​នេះ​មាន​ក្រុម​ជំនាញ Troll army ឬ​អាខោន​ខ្មោច (Ghost Accounts) ដែល​មាន​ជំនាញ​ខាង​ការ​ជ្រៀតជ្រែក រុកកួន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ជាពិសេស​ទៅ​លើ​ក្រុម​ប្រឆាំង ដោយ​អង្គភាព​នេះ​បង្កើត ឬ​ច្នៃប្រឌិត​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ដើម្បី​ឱ្យ​លោក ហ៊ុន សែន និង​ក្រុម​ជ្រុល​និយម​របស់​លោក​បញ្ចេញ​វោហារសាស្ត្រ​គំរាម​សម្លាប់។

នៅ​ប្រទេស​កម្ពុជា ហ្វេសប៊ុក​គឺជា​បណ្ដាញ​សង្គម​មួយ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ដែល​មនុស្ស​ជាង ១២​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជិត ១៧​លាន​នាក់​កំពុង​ប្រើប្រាស់​យ៉ាង​សកម្ម។ ភាគច្រើន​នៃ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក គឺ​ដើម្បី​បាន​ទទួល​ដំណឹង​ផ្សេងៗ ការ​កម្សាន្ត និង​ការ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​រហូត​បង្កើត​មុខជំនួញ។

ក្រុម​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ អ្នក​សារព័ត៌មាន​ពលរដ្ឋ អ្នក​ស្រាវជ្រាវ និស្សិត បញ្ញាជន សកម្មជន​សង្គម ក្រុម​សង្គម​ស៊ីវិល សុទ្ធតែ​ស្ថិត​នៅ​ក្នុង​គោលដៅ​នៃ​ការ​លាប​ពណ៌ ហើយ​ចោទ​តាម​ផ្លូវ​ច្បាប់​ដោយ​ក្រុម​បន្ទប់​ឃ្លាំមើល​អ៊ីនធឺណិត ឬ Cyber War Room ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ាណែត នេះ។

គួរ​បញ្ជាក់​ថា បន្ទប់​ប្រយុទ្ធ​តាម​អន្តរ​បណ្ដាញ ហៅ​តាម​ថា​អង់គ្លេស​ថា Cyber War Room មិនមែន​ជា​រឿង​គេ​នាំគ្នា​បង្កើត​ថ្មី​អ្វី​នោះ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ពង្រឹង និង​ពង្រីក​សកម្មភាព ដោយ​ប្រើប្រាស់​ថវិកា​ទិញ​ឧបករណ៍​ទំនើបៗ​ថែម​ទៀត ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​រិះគន់​ពី​សាធារណជន​តែប៉ុណ្ណោះ។

សារព័ត៌មាន The Cambodia Daily នៅ​ខែ​ឧសភា ឆ្នាំ​២០១៧ បាន​ផ្សាយ​អំពី​ឯកសារ​បែកធ្លាយ​មួយ​បង្ហាញ​អំពី​សមាសភាព​ក្រុម​យុវជន កូនចៅ​អ្នក​ដឹកនាំ​នៃ​បក្ស​ប្រជាជន​កម្ពុជា ដែល​ប្រមូល​គ្នា​ធ្វើការ​ក្នុង​បន្ទប់ Cyber War Room គ្រប់គ្រង ឃ្លាំមើល ត្រួតពិនិត្យ សកម្មភាព​ក្រុម​សកម្មជន​ខាង​បក្ស​ជំទាស់ សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន។ល។ ដែល​ប្រើ​បណ្ដាញ​សង្គម ជាពិសេស​ហ្វេសប៊ុក YouTube រិះគន់​របៀប​គ្រប់គ្រង​នៃ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។ ក្រុម​មនុស្ស​ក្នុង Cyber War Room មាន​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន ទ្រទ្រង់​កិច្ចការ​ដោយ​ឈ្មោះ ស សុខា​ឈ្មោះ សុខ ពុទ្ធិវុធ ឈ្មោះ សុភា វិបុល ឈ្មោះ គឹម សន្តិភាព ឈ្មោះ រិន វីរៈ ឈ្មោះ ឡាយ វណ្ណៈ និស្សិត​ឈ្មោះ យ៉ម បញ្ញា ឈ្មោះ អៀង អូននី ឈ្មោះ សេង គឹមហុង ឈ្មោះ ឌិត ទីណា។ល។

ក្រុម​យុវជន​ទាំងអស់​នេះ ភាគច្រើន​សុទ្ធតែ​រៀនសូត្រ​នៅ​បស្ចិម​ប្រទេស មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជាដើម។ ក្រៅពី​ឃ្លាំមើល និង​ត្រួតពិនិត្យ តាមដាន​ក្រុម​ជំទាស់ ដូចជា​សកម្មជន​សង្គម ជាដើម Cyber War Room មាន​បេសកកម្ម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត អង់គ្លេស​ហៅថា disinformation ដើម្បី​បំភ័ន្ត​បង្វែរ​សាច់រឿង​ដែល​បែក​ការណ៍ ជាពិសេស​រឿង​អាស្រូវ​ទាក់ទង​នឹង​រឿង​ផ្ទាល់ខ្លួន​នៃ​មន្ត្រី​ម្នាក់ៗ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​កន្លង​ទៅ ក្រុម​ជនល្មើស​លុកលុយ​ទន្ទ្រាន​បណ្ដាញ​អ៊ីនធឺណិត​តាម​ក្រសួង​មួយ​ចំនួន​នៃ​រាជរដ្ឋាភិបាល និង​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​មួយ​ចំនួន គឺជា​ជនជាតិ​យៀកណាម និង​ជនជាតិ​ចិន ដែល​រដ្ឋអំណាច​ខ្មែរ​ចាត់ទុក​ថា​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស