35 C
Phnom Penh

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល​បង្គាប់​ឱ្យ​ក្រសួង​សុខាភិបាល​មើល​ថែទាំ​សុខភាព​ជូន​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​មីនា នេះ ដាក់​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល បន្ត​យកចិត្ត​ទុកដាក់​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ ព្រោះ​ជា​វិស័យ​អាទិភាព​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី ដែល​បាន​សន្យា​ក្នុង​ការ​បោះឆ្នោត​កន្លង​មក។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​តេជោ​សែន​កោះធំ ក្នុង​ខេត្ត​កណ្តាល លោក ហ៊ុន ម៉ាណែត ថា​វិស័យ​សុខាភិបាល​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​វិស័យ​អាទិភាព ដើម្បី​ថែទាំ​សុខមាលភាព​ប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​ការ​បោះឆ្នោត គឺ​បាន​អនុវត្ត និង​កំពុង​បន្ត​អនុវត្ត​គោលនយោបាយ​ជាតិ​ដោយ​គ្មាន​ការ​ភូត​កុហក​នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត លើកឡើង​បន្ត​ទៀត​ថា ការ​លើក​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ គឺជា​នយោបាយ​អាទិភាព​មួយ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី។ ការ​ផ្តល់​សេវា​សុខភាព​ល្អ​ទៅ​បាន គឺ​អាស្រ័យ​ទៅ​លើ​មន្ទីរពេទ្យ និង​គុណភាព​គ្រូពេទ្យ​នៅ​គ្រប់​ជាន់​ថ្នាក់។

ប្រភព​ដដែល​បាន​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជ្រើសរើស​ការ​ព្យាបាល​ជាមួយ​មន្ទីរពេទ្យ​ក្នុង​ស្រុក​មាន​ចំនួន​រាប់​លាន​នាក់។

ត្រង់​ចំណុច​នេះ ជា​ការ​និយាយ​លាក់​ការពិត​ខ្លះ​ដែរ។ អ្នក​តាមដាន​ខ្មែរ​បាន​មើល​ឃើញ​នឹង​ភ្នែក​អំពី​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​មាន​ស្តុកស្តម្ភ អ្នក​មាន​មធ្យម អ្នក​ក្រ បាន​ទៅ​រក​ការ​ព្យាបាល​នៅ​ប្រទេស​ថៃឡង់ដ៍ ក្នុង​មួយ​ថ្ងៃៗ​រាប់​ពាន់​នាក់ ទាំង​តាម​មន្ទីរពេទ្យ​ធំៗ​នៅ​ក្រុង​បាងកក ទាំង​មន្ទីរពេទ្យ​ថ្នាក់​ខេត្ត​តាម​ខេត្ត​មួយ​ចំនួន។ ពលរដ្ឋ​ខ្មែរ​ទាំងនោះ​និយាយ​ប្រាប់​ថា គាត់​មិន​ហ៊ាន​ទៅ​មើល​ខ្លួន​នៅ​ប្រទេស​យៀកណាម ទេ ពីព្រោះ​គេ​ព្យាបាល​តាម​វិធី​ឲ្យ​ថ្នាំ​ពន្យារ​ពេល​ជញ្ជក់​យក​ប្រាក់។ រីឯ​ពេទ្យ​ស្រុក​ខ្មែរ​វិញ គាត់​ថា​គេ​សួរ​រក​លុយ​មុន បើ​អត់​លុយ ក៏​អត់​មាន​ថ្នាំ​ដែរ។ បុគ្គលិក​ក៏​ប្រើ​សម្ដី​គំរោះគំរើយ គ្មាន​ការ​គួរសម​ទៀត។ ចំពោះ​អ្នក​មាន​ទ្រព្យ បើ​ឈឺ​ល្មមៗ គេ​រក​ពេទ្យ​ឯកជន​នៅ​ក្នុង​ស្រុក។ ពលរដ្ឋ​ដែល​ទ្រាំ​ព្យាបាល​នៅ​ក្នុង​ពេទ្យ​រដ្ឋ​ស្រុក​ខ្មែរ គឺ​ព្រោះតែ​គាត់​ទ័លក្រ គ្មាន​មធ្យោបាយ​ទៅ​រក​ការ​ព្យាបាល​ឯណា​បាន ពោល​គឺ​គ្មាន​ជម្រើស។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​កត់សម្គាល់​ទៀត​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ក្តី​កង្វល់​អំពី​គុណភាព​ព្យាបាល​ក្នុង​ស្រុក ដោយ​អ្នក​មាន​លទ្ធភាព​មួយ​ចំនួន​ជ្រើស​យក​សេវា​ថែទាំ និង​ត្រួតពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស។ ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រក​សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស ដោយសារតែ​គ្មាន​ការ​ជឿជាក់​លើ​ការ​ព្យាបាល​នៅ​ក្នុង​ស្រុក ជា​ហេតុ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​គេ​កាន់តែ​រីកចម្រើន​ព្រោះ​ពលរដ្ឋ​ខ្មែរ​យក​លុយ​ទៅ​ចាយ​នៅ​ទីនោះ។

ប្រភព​ដដែល​បាន​អះអាង​ថា រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា គួរតែ​កែប្រែ​វិស័យ​សុខភាព​សាធារណៈ និង​ពង្រឹង​ក្រមសីលធម៌​ចំពោះ​បុគ្គលិក​សុខាភិបាល​ឲ្យ​ល្អ​ថែម​ទៀត ព្រោះ​មាន​ពលរដ្ឋ​ច្រើន​រិះគន់​លើ​ប្រព័ន្ធ​ព្យាបាល​សុខភាព​ដោយ​បុគ្គលិក​ពេទ្យ ដែល​ប្រើ​អាកប្បកិរិយា​មិន​ល្អ កន្លែង​ខ្លះ​គុណភាព​ព្យាបាល​ក៏​មិន​ទាន់​ប្រសើរ សូម្បីតែ​មន្ត្រី​រាជការ​ភាគច្រើន​ដែល​ត្រូវការ​សេវា​សុខភាព តែង​រត់​ទៅ​រក​គ្រូពេទ្យ​បរទេស។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា ថ្នាក់​ដឹកនាំ និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ហាក់​នៅតែ​មិន​មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ស្រុក ដោយ​ពួកគេ​បន្ត​ជ្រើសរើស​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ធ្ងន់​ស្រាល ឬ​ការ​សម្រាល​កូន​នៅ​ក្រៅ​ប្រទេស។ មន្ត្រី​រដ្ឋាភិបាល​គួរ​ធ្វើ​គំរូ​ដើម្បី​ឱ្យ​ពលរដ្ឋ​ងាក​មក​ទទួល​សេវា​ព្យាបាល​នៅ​ក្នុង​ស្រុក។

ប្រភព​ដដែល​បាន​លើកឡើង​ថា គ្រូពេទ្យ​មួយ​ចំនួន​គិត​លុយ​ធំ​ជាង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស គ្រូពេទ្យ​មួយ​ចំនួន​ប្រើប្រាស់​ពាក្យសម្ដី​គ្មាន​សីលធម៌ ឱសថ​ខ្វះ​គុណភាព ឬ​ឱសថ​ក្លែងក្លាយ​នៅតែ​ត្រូវ​បាន​នាំចូល និង​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ខ្លះ ប្រើប្រាស់​គ្រូពេទ្យ​មិន​ទាន់​មាន​ជំនាញ​ច្បាស់លាស់ ព្យាបាល​ធ្វើ​ឱ្យ​អ្នកជំងឺ​គ្រោះថ្នាក់ ជាដើម។

កាលពី​ពី​ប្រមាណ​ជាង​មួយ​ទសវត្ស​មុន មាន​រឿង​អាស្រូវ​កើត​ឡើង​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដោយសារ​មាន​គ្រូពេទ្យ​ពី​ប្រទេស​ចិន មក​វះកាត់​ធ្វើ​ពិសោធ​លើ​អ្នក​ជំងឺ​ខ្មែរ ហើយ​មាន​អ្នក​បាត់​ក្រលៀន​ដោយ​មិន​ដឹង​ខ្លួន។

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​គ្រូពេទ្យ​ថា​នឹង​ដក​ចេញពី​មុខតំណែង​ដែរ បើសិនជា​មិន​យកចិត្ត​ទុកដាក់​ព្យាបាល​ប្រជាពលរដ្ឋ​ដិតដល់​តាម​វិជ្ជាជីវៈ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ឲ្យ​ឮៗ​ប៉ុណ្ណោះ គ្មាន​ដែល​ចាត់​វិធានការ​ដូច​លោក​ប្រកាស​នោះ​ទេ។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ អ្នកជំនាញ​ផ្នែក​សុខភាព លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​ថា មូលហេតុ​ដែល​មន្ទីរពេទ្យ​នៅ​ប្រទេស​ជិតខាង​នៅតែ​ស្រូប​ទាញ​អ្នកជំងឺ​ពី​កម្ពុជា គឺ​ដោយសារ​គ្រូពេទ្យ​នៅ​ក្រៅ​ប្រទេស​ផ្ដល់​សេវាកម្ម​បែប​ទន់ភ្លន់ រួសរាយ ប្រើប្រាស់​សម្ភារៈ​ទំនើប មាន​អនាម័យ រួម​ទាំង​មាន​បច្ចេកទេស​ព្យាបាល​ច្បាស់លាស់​ទៀត​ផង។

លោក​យល់​ឃើញ​ថា ដើម្បី​ឱ្យ​ការ​ព្យាបាល​នៅ​ក្នុង​ស្រុក​មាន​ជំនឿ​ទុកចិត្ត​ពី​ពលរដ្ឋ គឺ​ត្រូវការ​ពេល​ច្រើន​បន្ថែម​ទៀត ទាំង​ការ​អប់រំ និង​ការ​សាងសង់​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ ឬ​មន្ទីរពេទ្យ​ដែល​មាន​បំពាក់​ឧបករណ៍​ទំនើប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស