30.8 C
Phnom Penh

តុលាការ​ខេត្ត​ព្រះវិហារ​សម្រេច​ចោទ​និង​ឃុំ​ពលរដ្ឋ​២៩​នាក់​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សីលាដាម៉ិច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ខេត្ត​ព្រះវិហារ សម្រេច​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ២៩​នាក់​ដែល​រស់នៅ​ក្នុង​ភូមិ​ម្រេច និង​ភូមិ​ក្តាក់ ឃុំ​ស្រយង់ ស្រុក​គូលែន ដាក់​ពន្ធនាគារ​ពី​បទ «កាន់កាប់ ឈូស​ឆាយ​ដី​ព្រៃ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ» បន្ទាប់ពី​ពួកគេ​បាន​រារាំង​អាជ្ញាធរ​មិន​ឲ្យ​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​ពួកគេ។

អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះវិហារ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា តុលាការ​ខេត្ត​ព្រះវិហារ សម្រេច​ចោទប្រកាន់​ពលរដ្ឋ​ទាំងនោះ​ពី​បទ «កាន់កាប់ ឈូស​ឆាយ​ដី​ព្រៃ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ» ហើយ​បច្ចុប្បន្ន​នេះ ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​រង់ចាំ​ចៅក្រម​ស៊ើបសួរ​បើក​ការ​ស៊ើបអង្កេត​បន្ថែម។

អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ណុប វុធ្ធី បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ជា​ក្រុម​អនាធិបតេយ្យ​ចូល​ទៅ​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់ និង​ចង់​យក​ដី​នោះ​ធ្វើ​ជា​តំបន់​បំបែក​ខ្លួន​ប្រឆាំង​នឹង​អាជ្ញាធរ​ដែល​ចុះ​អនុវត្ត​ច្បាប់ ហើយ​ដី​នោះ​គឺជា​ដី​របស់​រដ្ឋ​ដែល​បាន​ចុះបញ្ជី​រួច​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សីលាដាម៉ិច។

កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤ អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ស្រុក​គូលែន នៃ​ខេត្ត​ព្រះវិហារ ចាប់​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០​នាក់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់ពី​ចុះ​បង្ក្រាប​ដោយ​ដុត​បំផ្លាញ​ផ្ទះសម្បែង និង​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ម្រេច និង​ភូមិ​ក្តាក់ ឃុំ​ស្រយង់ ស្រុក​គូលែន។

ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ម្រេច ឃុំ​ស្រយង់ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ពួកគាត់​បាន​ទៅ​រស់នៅ​លើ​ដី​នោះ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ខណៈ​ក្រុមហ៊ុន សីលាដាម៉ិច មក​អភិវឌ្ឍ​នៅ​តំបន់​ភ្នំ​ម្រេច នេះ​ក្រោយ​ពលរដ្ឋ​មក​រស់នៅ និង​អាស្រ័យ​ផល​នោះ​ទេ ប៉ុន្តែ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ទៅ​កាន់កាប់​តំបន់​នោះ ស្រាប់តែ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ក៏​ចុះ​ទៅ​គ្រប់គ្រង​តំបន់​នោះ​ដំណាល​គ្នា​ដែរ ក្រោយ​មក ពួកគេ​ក៏​សហការ​គ្នា​ដេញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​តែម្តង។

ប្រជាពលរដ្ឋ​ខាងលើ​បញ្ជាក់​ថា ក្រុមហ៊ុន សីលាដាម៉ិច បាន​ផ្អាក​សកម្មភាព​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​កាប់​ឈើ​ក្នុង​តំបន់​នោះ​លក់​អស់​គ្មាន​សល់ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​បាន​ដាំ​ដើម​កៅស៊ូ​បាន​ប្រហែល ១០​ហិកតា ខណៈ​ដី​ដែល​នៅ​ទំនេរ​ក៏​បាន​ជួល​ឱ្យ​ពលរដ្ឋ​តម្លៃ ១​លាន​រៀល​ក្នុង ១​ឆ្នាំ​លើ​ទំហំ​ផ្ទៃដី ១​ហិកតា។

ប្រជាពលរដ្ឋ​ចំនួន ១៣១​គ្រួសារ ដែល​បាន​កាន់កាប់​ដី​ទំហំ ៦៤៩​ហិកតា​នៅ​ភូមិ​ក្ដាក់ ឃុំ​ត្បែងពីរ និង​ភូមិ​ម្រេច ភូមិ​ស្រយង់ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ តាំងពី​ឆ្នាំ​១៩៧៩ និង​ឆ្នាំ​២០១២ បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ដើម្បី​ស្នើសុំ​អន្តរាគមន៍ ដូចជា ស្ថាប័ន​រដ្ឋសភា​កម្ពុជា ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ជាដើម ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​ទាំងនេះ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត​ព្រះវិហារ ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់ និង​បញ្ឈប់​ការ​បណ្ដេញ​ពួកគាត់​ចេញពី​លំនៅឋាន​បន្ត​ទៀត។

តាម​ឯកសារ​ចុះបញ្ជី ក្រុមហ៊ុន សីលាដាម៉ិច ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​អភិវឌ្ឍន៍​មាន​ទីស្នាក់ការ​នៅ​ក្រុង​ភ្នំពេញ ចុះបញ្ជី​នៅ​ឆ្នាំ​២០០៨ មាន​ប្រធាន​ក្រុមប្រឹក្សាភិបាល​ស្ត្រី​ឈ្មោះ អ៊ុក ហេឡែន និង​បុរស​ឈ្មោះ សំណាង សីមា មាន​នាយក​ឈ្មោះ អ៊ុក សុភ័គ។ ក្រុមហ៊ុន​នេះ​មាន​អ្នក​ចូល​ភាគហ៊ុន​ឈ្មោះ ដួង វ៉ារី, គង់ ចាន់, ប៉ាន់ គឹមសាន, សំណាង ផល្លា, សំណាង ធីតា, សំណាង សីមា, ទេព សំអាន និង ម៉ី វ៉ាន់ធា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស