ក្រុមអ្នកឃ្លាំមើលសង្គមលើកជាសំណួរថា តើឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ២នាក់ ដែលត្រូវតុលាការចាប់ខ្លួនកាលពីពេលថ្មីៗនេះ អាចប្រព្រឹត្តបទឧក្រិដ្ឋឆបោកលុយរាប់សិបលានដុល្លារសហរដ្ឋអាមេរិកដោយគ្មានអ្នកមានអំណាចណាម្នាក់នៅពីក្រោយខ្នងកើតដែរឬទេ បន្ទាប់ពីប្រមុខរដ្ឋស្តីទីលុបគោរមងារឧកញ៉ា នៅថ្ងៃទី១៤ ខែមីនា នេះ។
យោងតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៤ ខែមីនា នេះ បានឲ្យដឹងថា អ្នកស្រី ឡេង ចាន់ណា ដែលកំពុងជាប់ឃុំ និងរងបទចោទចំនួន ៣ ពីអយ្យការសាលាដំបូងខេត្តសៀមរាប ត្រូវបានបញ្ចប់គោរមងារឧកញ៉ា។
ទាក់ទងនឹងករណីអ្នកស្រី ឡេង ចាន់ណា នេះ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ មីនា នេះ ដោយភ្ជាប់រូបថតលោក ហ៊ុន ម៉ាណែត និងឧកញ៉ា ឡេង ចាន់ណា ឈរទន្ទឹមគ្នាក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅថា ការចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា គឺធ្វើឡើងដោយសារតែមហាជនធ្វើការតវ៉ាទាមទារកាន់តែខ្លាំង មិនមែនដោយសារតែអាជ្ញាធរបើកការស៊ើបអង្កេតរកឃើញបទល្មើសឆបោកនោះទេ ដូច្នេះចម្ងល់ គឺនៅត្រង់ថា តើមូលហេតុពិតប្រាកដនៃការចាប់ខ្លួននេះ ព្រោះតែមកពីខ្លាចសំឡេងមហាជនប៉ះពាល់ដល់នាយករដ្ឋមន្ត្រីស្នងត្រកូលលោក ហ៊ុន ម៉ាណែត ដែលជាមេដំបូលរបស់ខ្លួន ឬក៏យ៉ាងណា។
លោកបន្ថែមថា តុលាការបានចោទប្រកាន់ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកអំពីបទឆបោក អំពីបទចេញសែកស្អុយ និងអំពីបទល្មើសលាងសម្អាតប្រាក់ ដូច្នេះ ចំណុចដែលគួរឱ្យសង្ស័យបន្ថែមទៀតនោះ គឺថាតើបក្ខពួកតូចតាចរបស់ឧកញ៉ា ឡេង ចាន់ណា អាចប្រព្រឹត្តអំពើឧក្រិដ្ឋដូចដែលតុលាការចោទប្រកាន់ទាំង ៣ ករណីខាងលើបានដែរឬទេ។ ផ្ទុយទៅវិញ បើពិតជារកឃើញនូវបទល្មើសឧក្រិដ្ឋបែបនេះមែន តើតុលាការគួរបើកការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងនៃអំពើឆបោកនេះដែរឬក៏អត់ ឬក៏ត្រូវបញ្ឈប់ត្រឹមការចាប់ខ្លួនជនសង្ស័យហ្នឹង។
លោក គឹម សុខ លើកឡើងថា មុននឹងឈានដល់ការចាប់ខ្លួន ក៏មានការទម្លាយវីដេអូច្រើនដែរ ដែលឧកញ៉ា ឡេង ចាន់ណា និយាយពីអ្នកមានអំណាចនៅពីក្រោយខ្នងរបស់ខ្លួន ដែលក្នុងនោះក៏ពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែរ ដូច្នេះតើការចាប់ខ្លួននេះជាការធ្វើឡើងដើម្បីបំបិទមាត់ឧកញ៉ារូបនេះ ដែលចេះតែនិយាយឱ្យបែកសាច់រឿងផ្ទៃក្នុងដែរទេ។
អ្នកវិភាគនយោបាយរូបនេះបញ្ជាក់ថា តាមរយៈបទល្មើសដែលឧកញ៉ា ឡេង ចាន់ណា បានប្រព្រឹត្ត គាត់មិនអាចគេចផុតពីការចាប់ខ្លួនដាក់ពន្ធនាគារទេ ប៉ុន្តែមិនមែនចាប់ខ្លួនដោយគ្មានការស៊ើបអង្កេតតាមរកបណ្ដាញបក្ខពួកជួយជ្រោមជ្រែងឧកញ៉ារូបនេះឡើយ ព្រោះថាបើមិនធ្វើការស៊ើបអង្កេតរកខ្សែបណ្ដាញបក្ខពួកនោះទេ គឺនៅតែបន្តឱ្យមានការសង្ស័យជុំវិញអំពើឆបោកនេះ ទោះបីជាខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសេចក្តីបំភ្លឺរឿងនេះហើយក៏ដោយ ក៏មិនយកជាមូលដ្ឋានត្រឹមត្រូវតាមច្បាប់ដែរ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តនីតិវិធីច្បាប់ភ្លាមៗ ក្រោយទទួលបានបណ្តឹងអ្នកស្រី រ៉េត សុធីតា ដែលជាតំណាងពលរដ្ឋរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅតុលាការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
ក្រោយការចាប់ខ្លួន និងសួរចម្លើយ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់អំពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ អំពីបទលាង «សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកស្អុយតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
មុននឹងឈានដល់ការចាប់ឃុំខ្លួន និងការចោទប្រកាន់នេះ មានវីដេអូបែកធ្លាយជាច្រើនត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញអំពីឧកញ៉ា ឡេង ចាន់ណា លើកឡើងក្នុងវីដេអូខ្លីៗមួយចំនួនដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមានន័យថា រាល់សកម្មភាពរបស់ខ្លួនកន្លងមក គឺមានការគាំទ្រពីនាយករដ្ឋមន្ត្រីខ្មែររូបនេះ ដូចជាថា លោក ហ៊ុន ម៉ាណែត គឺជាអ្នកបង្កើតសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌ដែលខ្លួនកំពុងដឹកនាំធ្វើសកម្មភាពកន្លងមក ជាដើម។
ទោះជាមានការអះអាងបែបនេះក្តី បន្ទាប់វីដេអូខាងលើត្រូវបានផ្សព្វផ្សាយកាន់តែខ្លាំង ខណៈការតវ៉ាក៏កាន់តែផ្ទុះឡើង ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសេចក្ដីបំភ្លឺមួយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអះអាងថា លោក ហ៊ុន ម៉ាណែត មិនបានពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វល ដូចការលើកឡើងពីអ្នកស្រី ឡេង ចាន់ណា នោះទេ ខណៈឧកញ៉ា ឡេង ចាន់ណា ក៏បានចេញបំភ្លឺកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការលើកឡើងរបស់ខ្លួនកន្លងមក មិនបានពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត ដែរ។ ក្នុងករណីនេះ គេអាចនិយាយបានថា អ្នកស្រី ឡេង ចាន់ណា កុហកសាធារណជន និងអាជ្ញាធរ។
នៅប្រទេសកម្ពុជា គេឃើញមានក្រុមឆបោកលុយពីប្រជាពលរដ្ឋខ្មែរដូចឧកញ៉ា ឡេង ចាន់ណា ច្រើនណាស់ ទាំងនៅជនបទ ទាំងនៅទីក្រុង ដោយពួកគេឃោសនាថា ក្រុមហ៊ុនរបស់ពួកគេនឹងផ្តល់ការប្រាក់ជារៀងរាល់ខែ ប្រសិនបើប្រជាពលរដ្ឋណាម្នាក់យកលុយទៅដាក់ទុននៅក្នុងក្រុមហ៊ុនរបស់ពួកគេនោះ។ ក្រោយពេលដាក់លុយចូលក្នុងក្រុមហ៊ុនទាំងនោះបានរយៈពេល ២ ទៅ ៣ខែដំបូង ម្ចាស់លុយទាំងនោះតែងតែទទួលបានការប្រាក់យ៉ាងទៀងទាត់ ក្នុងនោះមានម្ចាស់លុយខ្លះបានដាក់លុយថែមរហូតដល់រាប់សិបម៉ឺនដុល្លារអាមេរិក និងណែនាំឱ្យសាច់ញាតិ មិត្តភក្ដិ ព្រមទាំងខ្ចីលុយធនាគារយកលុយទៅដាក់ក្នុងក្រុមហ៊ុននោះថែមទៀត ប៉ុន្តែនៅខែទី៥ ឬខែទី៦ ខាងក្រុមហ៊ុនមិនបានផ្តល់ការប្រាក់ឱ្យម្ចាស់លុយទៀតទេ ខណៈម្ចាស់លុយទៅតវ៉ាយកលុយរបស់ខ្លួនត្រឡប់មកវិញ ភាគីខាងក្រុមហ៊ុនចេះតែដោះសារហូតលុយទាំងនោះបាត់បង់ទាំងស្រុងតែម្តង។
ក្រុមហ៊ុនប្រភេទនេះបានធ្វើប្រតិបត្តិការឆបោកលុយពីប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសកម្ពុជាទៅហើយសព្វថ្ងៃនេះ ប៉ុន្តែគេមិនដែលឃើញរាជរដ្ឋាភិបាលមានវិធានការច្បាប់ណាមួយលើក្រុមហ៊ុនទាំងនោះទេ ខណៈក្រុមហ៊ុនទាំងនោះអះអាងថា ខ្លួនជាក្រុមហ៊ុនស្របច្បាប់ដែលមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មត្រឹមត្រូវពីរដ្ឋាភិបាលថែមទៀត ដែលជាហេតុធ្វើឱ្យជនខិលខូចឆ្លៀតឱកាសប្រព្រឹត្តអំពើឆបោកតាមល្បិចកលគ្រប់យ៉ាងបែបនេះជាបន្តបន្ទាប់រហូតដល់ពេលនេះ។
ក្រៅពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា ដែលធ្វើការវិនិយោគដោយផ្តល់ការប្រាក់ដល់ម្ចាស់លុយដែលបានបណ្ដាក់ទុនវិនិយោគក្នុងក្រុមហ៊ុនខ្លួន គេក៏ឃើញមានក្រុមហ៊ុន Cambodian Investor Capital Partner ដែលហៅកាត់ថា CIC Partner ដែលធ្វើប្រតិបត្តិការក្នុងទម្រង់ដូចគ្នាដែរ ហើយនៅពេលនេះ ក្រុមហ៊ុន CIC Partner ក៏កំពុងរងនូវការតវ៉ាទាមទារពីម្ចាស់លុយរាប់រយនាក់ដូចគ្នាថែមទៀត ប៉ុន្តែគេមិនទាន់ឃើញរដ្ឋាភិបាល ឬស្ថាប័នមានសមត្ថកិច្ចណាមួយចាត់វិធានការច្បាប់លើករណីនេះនៅឡើយទេ៕