26 C
Phnom Penh

អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រង​ការ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​អំពើ​ឆបោក​ជាមួយ​ឧកញ៉ា ឡេង ចាន់ណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស៊ាន បូរ៉ាត ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កំពុង​រង​នូវ​ការ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​លុយ​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​អាមេរិក​ជាមួយ​បក្ខពួក​ឧកញ៉ា ឡេង ចាន់ណា បន្ទាប់ពី​បែកធ្លាយ​រូបថត​ស្និទ្ធស្នាល​ជាមួយ​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​សន្លឹក។

ក្រោយពី​បែកធ្លាយ​បទល្មើស​ឆបោក​លុយ​រាប់​រយ​លាន​ដុល្លារ​ដោយ​ឧកញ៉ា ឡេង ចាន់ណា អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​ត្រូវ​រង​នូវ​ការ​សង្ស័យ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​នេះ​ដែរ ប៉ុន្តែ​ត្រូវ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​សារព័ត៌មាន​ដែល​គាំទ្រ​បក្ស​កាន់​អំណាច បដិសេធ​ចំពោះ​ការ​សង្ស័យ​នេះ ដោយ​អះអាង​ថា លោក ស៊ាន បូរ៉ាត មិន​បាន​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​អំពើ​ឆបោក​នេះ​ឡើយ។

តាម​ប្រភព​ព័ត៌មាន​បន្ទាប់ពី​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែ​មីនា កន្លង​ទៅ រូបថត​ជាច្រើន​សន្លឹក​ដែល​បាន​ផ្ដិត​ជាប់​រូប​ឧកញ៉ា ឡេង ចាន់ណា ជាមួយ​លោក ស៊ាន បូរ៉ាត បាន​បង្ហាញ​ថា ពួកគេ​ទាំង​ពីរ​នាក់​នេះ​មិន​ត្រឹមតែ​សហការ​គ្នា​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​អាមេរិក​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ទំនង​ជា​មាន​ទំនាក់ទំនង​សម្ព័ន្ធភាព​ផ្លូវ​ស្នេហា​ស៊ីជម្រៅ​ថែម​ទៀត​ផង។

លោក ស៊ាន បូរ៉ាត សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​អតីត​ឧកញ៉ា ឡេង ចាន់ណា។

កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ រូបថត​ជាច្រើន​សន្លឹក​របស់​ឧកញ៉ា ឡេង ចាន់ណា និង​លោក ស៊ាន បូរ៉ាត ត្រូវ​បាន​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត ក្នុង​នោះ​មាន​រូបថត​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដែល​ឧកញ៉ា ឡេង ចាន់ណា ឈរ​ក្បែរ​លោក ស៊ាន បូរ៉ាត ស្ថិត​ក្នុង​សម្លៀកបំពាក់​ឈុត​គូ​ស្នេហ៍​ពណ៌​ទឹក​ប៊ិក​ចាស់​ដូច​គ្នា ចំណែក​រូប​មួយ​សន្លឹក​ទៀត ទំនង​ជា​ថត​នៅ​ក្នុង​ភោជនីយដ្ឋាន​ចិន ដែល​ឧកញ៉ា ឡេង ចាន់ណា ឈរ​ឱបដៃ​លោក ស៊ាន បូរ៉ាត ជាមួយ​នឹង​បក្ខពួក​ដែល​កំពុង​ត្រូវ​បាន​ឃុំ​នៅ​ពេលនេះ។

លើស​ពី​នេះ​ទៀត ក៏​មាន​រូបថត​ដែល​ឧកញ៉ា ឡេង ចាន់ណា និង​លោក ស៊ាន បូរ៉ាត ថត​ខ្លួនឯង ឬ​សែលហ្វី​តែ​ពីរ​នាក់ និង​រូបថត​ដែល​បាន​ថត​តែ ២​នាក់​មួយ​សន្លឹក​ទៀត​ដែល​ទំនង​ជា​ពួកគេ​ទៅ​លំហែ​កាយ​នៅ​ទីតាំង​ធម្មជាតិ​មួយ​កន្លែង​ជាមួយ​គ្នា​ថែម​ទៀត។ លើស​ពី​នេះ ក៏​មាន​រូបថត​ដែល​លោក ស៊ាន បូរ៉ាត ចូលរួម​កម្មវិធី​ជួបជុំ​សមាជិក​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី ជាមួយ​ឧកញ៉ា ឡេង ចាន់ណា ក្នុង​នាម​ជា​ម្ចាស់​ក្រុមហ៊ុន​នេះ។

ដោយឡែក​រូបថត​មួយ​សន្លឹក​ទៀត បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ស៊ាន បូរ៉ាត ក៏​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​លុយ​រាប់​រយ​លាន​ដុល្លារ​នេះ​ដែរ ព្រោះ​ថា​ពួកគេ​ទាំង​ពីរ​នាក់​បាន​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​បញ្ចូល​សមាជិក​សមាគម​លើកកម្ពស់​ពលករ និង​អតីត​ពលករ​ដើម្បី​សប្បុរសធម៌ ដែល​ធ្វើ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ ព្រោះ​ប្រាក់​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​នោះ មិនមែន​ឧកញ៉ា ឡេង ចាន់ណា ប្រើ​វិធី​ឆបោក​តាម​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​ប្រើ​សមាគម​នេះ​បោកប្រាស់​ដើម្បី​ប្រមូល​លុយ​ទាំងនោះ​ដែរ។

ក្រៅពី​រូបថត​ដែល​ឧកញ៉ា ឡេង ចាន់ណា និង​លោក ស៊ាន បូរ៉ាត បាន​ថត​ជាមួយ​គ្នា​ក្នុង​កម្មវិធី​ផ្សេងៗ ក៏​មាន​វីដេអូ​បែកធ្លាយ​ជាច្រើន​ដែរ មុន​នឹង​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​ចាប់​ខ្លួន ដែល​លោក ស៊ាន បូរ៉ាត ធ្វើ​ដំណើរ​លើ​រថយន្ត​ជាមួយ​ឧកញ៉ា ឡេង ចាន់ណា និង​សមាជិក​មួយ​ចំនួន​ទៀត ដោយ​លោក ស៊ាន បូរ៉ាត ណែនាំ​ដល់​អ្នក​ទាំងនោះ​នៅ​ពេល​ធ្វើ​ដំណើរ​អំពី​យុទ្ធសាស្ត្រ​ប្រមូល​លុយ និង​ការ​រៀបចំ​រចនាសម្ព័ន្ធ​សមាគម​ពលករ​សប្បុរសធម៌​នោះ។

ក្រៅ​ពី​នោះ ក៏​មាន​វីដេអូ​ដែល​លោក ស៊ាន បូរ៉ាត បាន​ណែនាំ​ដល់​សមាជិក​រាប់​រយ​នាក់​ក្នុង​សិក្ខាសាលា​អំពី​វិធី​ប្រមូល​លុយ​សម្រាប់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី ថែម​ទៀត​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ មុន​ពេល​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​ចាប់​ខ្លួន វីដេអូ​របស់​លោក ស៊ាន បូរ៉ាត ដែល​បាន​ណែនាំ​ទៅ​ដល់​សមាជិក​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី ជាច្រើន ត្រូវ​បាន​បែកធ្លាយ ប៉ុន្តែ​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី បាន​ចេញ​លិខិត​បដិសេធ​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា លោក ស៊ាន បូរ៉ាត មិន​បាន​នៅ​ពីក្រោយ​នៃ​អំពើ​ឆបោក​នេះ​ទេ។ លិខិត​បដិសេធ​នេះ បញ្ជាក់​ថា ការ​និយាយ​របស់​ឧកញ៉ា ឡេង ចាន់ណា ដែល​ជាប់​ពាក់ព័ន្ធ​ដល់​លោក ស៊ាន បូរ៉ាត កន្លង​មក គឺជា​ទង្វើ​ឆោតល្ងង់​របស់​ខ្លួន​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។ ព្រោះ​តែ​ហេតុ​ដូច្នេះ​ហើយ បាន​ជា​មាន​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់។

លោក ស៊ាន បូរ៉ាត ត្រូវ​គេ​ដឹង​ថា​មាន​មុខនាទី​ខ្ពស់ៗ​ជាច្រើន​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុង​ជួរ​រាជរដ្ឋាភិបាល។ ក្នុង​បក្ស លោក​មាន​ឋានៈ​ជា​សមាជិក​គណៈកម្មការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា ផង និង​ជា​អនុប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ផង​ដែរ។ ចំណែក​ឯ​មុខងារ​ក្នុង​ជួរ​រដ្ឋាភិបាល លោក​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា​ផង​ដែរ។

ក្រៅពី​ការ​សង្ស័យ​ថា​លោក ស៊ាន បូរ៉ាត ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ត្រូវ​ជាប់​នូវ​ការ​សង្ស័យ​ថា​ជា​មនុស្ស​កំពូល​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឆបោក​នេះ​ដែរ។ ឧទាហរណ៍​ជាក់ស្តែង សមាជិក​អតីត​គណៈកម្មាធិការ​ជាតិ​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង និង​ជា​អ្នក​ដែល​ធ្លាប់​បម្រើ​ការ​ជា​ជន​បង្កប់​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺ​លោក មុំ អស្សនី បាន​អះអាង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ លោក​ក៏​ធ្លាប់​ត្រូវ​លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ទៅ​សហការ​ជាមួយ​ឧកញ៉ា ឡេង ចាន់ណា បង្កើត​សមាគម និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ទាក់ទាញ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែរ តែ​លោក​បាន​បដិសេធ​សំណើ​នេះ ដូច្នេះ​ករណី​ឆបោក​នេះ លោក​ប្រាកដ​ថា​លោក ហ៊ុន ម៉ាណែត ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឆបោក​នេះ។

ចំណែកឯ​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ប្រជាពលរដ្ឋ​លោក គឹម សុខ បញ្ជាក់​ថា ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ​គឺ​នៅ​ត្រង់​ថា មុន​ដំបូង អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​មាន​ដូចជា​អាជ្ញាធរ​ខេត្ត​ជាដើម ការពារ​ឧកញ៉ា ឡេង ចាន់ណា ជា​រៀង​រហូត ទោះបីជា​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ពី​បទ​ឆបោក និង​ទាមទារ​ឱ្យ​សង​ប្រាក់​ពួកគេ​វិញ​ក៏ដោយ ប៉ុន្តែ​ចុងក្រោយ ក៏​បាន​បែកធ្លាយ​សំឡេង​ឧកញ៉ា ឡេង ចាន់ណា ថា​លោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ខ្នង​ខ្លួន ទើប​អាជ្ញាធរ​ចាប់​ខ្លួន​តែម្តង។

កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ក្រោយ​ចោទប្រកាន់​ពី​បទ​ឆបោក និង​បទល្មើស​សម្អាត​ប្រាក់ ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប ហើយ ប៉ុន្តែ​បើ​មាន​ចំណាត់ការ​ថ្មី តុលាការ​នឹង​ជម្រាប​ជូន​ព័ត៌មាន​ដល់​សាធារណជន​បន្ត​ទៀត ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​មិន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឆបោក​នេះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស