28.7 C
Phnom Penh

អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​រង​ការ​ចោទ​ថា​អាយ៉ង​ចិន ត្រូវ​បាន​ប្ដឹង​ឱ្យ​ដក​សិទ្ធិ​ដឹកនាំ​បក្ស​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Imran Khan ត្រូវ​បាន​គណៈកម្មការ​បោះឆ្នោត​របស់​ប្រទេស​បាន​សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល ឱ្យ​រំលាយ​ដីកា​ដែល​អនុញ្ញាត​ឱ្យ​បុរស​នេះ​បាន​នៅ​ក្រៅ​ឃុំ​ករណី​ប្រមាថ​ស្ថាប័ន​ជាតិ​មួយ​នេះ។ បណ្ដឹង​នេះ​ដែល​នាំ​ឱ្យ​លោក Imran Khan អាច​បាត់បង់​សិទ្ធិ​ដឹកនាំ​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​សភា នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

លោក Imran Khan ជា​មេដឹកនាំ​គណបក្ស PTI ដែល​បាន​ឈ្នះ​សភា​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ លោក​ត្រូវ​បាន​ក្រុម​ប្រឆាំង និង​ប្រជាជន​ប៉ាគីស្ថាន​មួយ​ចំនួន​ចោទ​ថា ជា​មេដឹកនាំ​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ចិន​ជា​ខ្លាំង ដែល​គេ​និយម​ហៅថា​អាយ៉ង​ចិន។ លោក​ជា​មេដឹកនាំ​ទាញ​ប្រទេស​ប៉ាគីស្ថាន ធ្លាក់​ក្នុង​បំណុល​ចិន​វ័ណ្ឌក។

លោក​ត្រូវ​បាន​សភា​ក្រុម​ប្រឆាំង​រួម​គ្នា​ដកហូត​អំណាច​នៅ​ខែ​មេសា ឆ្នាំ​២០២២ ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ក្រោម​បំណុល​ចិន​គរ​ដូច​ភ្នំ​ដែល​រើ​ខ្លួន​មិន​រួច។

បុរស​វ័យ ៧០​ឆ្នាំ​នេះ​ជាប់​បណ្ដឹង​ដល់​ទៅ ១៥០​ករណី ដែល​ក្នុង​នោះ​មាន​អំពើ​ភេរវកម្ម និង​ពុករលួយ។ សំណុំរឿង​នេះ​ហើយ​ដែល​នាំ​ឱ្យ​លោក​ធ្លាក់​ពី​អំណាច​នាយករដ្ឋមន្ត្រី​ដោយ​សំឡេង​សមាជិក​នៃ​បក្ស​ប្រឆាំង រួម​នឹង​សំឡេង​សមាជិក​សភា​មកពី​បក្ស​របស់​លោក​បាន​បោះឆ្នោត​ដក​អំណាច​លោក។

ការ​ប្ដឹង​របស់​ស្ថាប័ន​បោះឆ្នោត​ដែល​ថា​លោក Imran Khan បាន​ប្រមាថ​ស្ថាប័ន​ជាតិ​ព្រោះ​តែ​មិន​ព្រម​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ស្ថាប័ន​បោះឆ្នោត​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ។

ករណី​អាច​នឹង​នាំ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​រូប​នេះ​មិន​មាន​ឱកាស​នៅ​ក្រៅ​ឃុំ។ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera មួយ​ថ្ងៃ​ក្រោយពី​លោក Imran Khan មិន​មក​បង្ហាញ​ខ្លួន ប៉ូលិស​យុត្តិធម៌​ដែល​កាន់​ដីកា​របស់​តុលាការ​នៅ​ក្នុង​ដៃ បាន​ទៅ​នាំ​ខ្លួន​លោក​មក​បង្ហាញ​ខ្លួន​ចំពោះ​គណៈកម្មការ​បោះឆ្នោត​ករណី​លោក​ប្រមាថ​ស្ថាប័ន​មួយ​នេះ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ក្នុង​ការ​ដឹកនាំ​ការ​តវ៉ា​ដ៏​ធំ​មួយ​នៅ​ក្រុង​អ៊ីស្លាម៉ាបាត ប្រឆាំង​នឹង​ការ​ដកហូត​អំណាច​របស់​លោក​ពី​នាយករដ្ឋមន្ត្រី លោក Imran Khan បាន​រង​របួស​ចំ​ស្មងជើង​នៅ​ពេល​ដែល​ក្បួន​រថយន្ត​របស់​លោក​ត្រូវ​បាន​បាញ់​ប្រហារ។ ក្នុង​ហេតុការណ៍​នោះ​មាន​មនុស្ស​ជាច្រើន​រង​របួស តែ​សម្រាប់​លោក Khan ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ លោក Imran Khan វ័យ ៧០​ឆ្នាំ​ដែល​ជា​អតីត​កីឡាករ​គ្រីឃីត​ដ៏​ល្បី​របស់​ប្រទេស។

ក្នុង​ហេតុការណ៍​នេះ នាយករដ្ឋមន្ត្រី​ឡើង​អំណាច​ជំនួស​លោក Imran Khan គឺ​លោក Shehbaz Sharif បាន​ថ្កោលទោស​ការ​បាញ់​ប្រហារ​នេះ ហើយ​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើបអង្កេត​ជាបន្ទាន់។

ការ​ផ្ដួល​រំលំ​អំណាច​របស់​លោក Imran Khan បាន​នាំ​ឱ្យ​ការ​វិភាគ​ថា​ជា​ការ​ធ្វើ​រដ្ឋប្រហារ​របស់​សភា បំបាត់​អំណាច​របស់​បុគ្គល​ម្នាក់​ជា​មេដឹកនាំ​ដែល​រុញ​ប្រទេស​ធ្លាក់​នៅ​ក្រោម​ឥទ្ធិពល​នៃ​របប​កុម្មុយនិស្ត​ចិន​ជា​ខ្លាំង តាមរយៈ​បំណុល​ពាន់​លាន​ដុល្លារ​ដែល​ពុំ​មាន​តម្លាភាព។

មិន​តែប៉ុណ្ណោះ គឺជា​ការ​បំបែក​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​នៅ​អាស៊ី​ខាងត្បូង ហើយ​ក៏​ជា​ការ​បំបាត់​បាន​នូវ​ការ​បារម្ភ​ថា បុរស​នេះ​នឹង​បើក​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​របស់​ចិន​នៅ​លើ​ទឹកដី​ប៉ាគីស្ថាន ដែល​ឥណ្ឌា និង​សហរដ្ឋ​អាមេរិក​តែងតែ​ព្រមាន។

លោក Imran Khan អតីត​មេដឹកនាំ​ប៉ាគីស្ថាន ដែល​ក្រុម​ប្រឆាំង​ចោទ​ថា​ជា​អាយ៉ង​ចិន លោក​កំពុង​ប្រឈមមុខ​នឹង​ការ​បាត់បង់​សិទ្ធិ​ជា​អ្នក​នយោបាយ ខណៈ​តុលាការ​កំពុង​សិក្សា​នីតិវិធី​ឈាន​ទៅ​ដល់​ការ​បើក​ការ​ជំនុំ​ជម្រះ​ក្ដី​ក្នុង​សំណុំរឿង ១៥០​ករណី​ប្រឆាំង​រូបលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស