31 C
Phnom Penh

រណសិរ្ស​បី​នាក់​បង​ប្អូន កម្ពុជា លាវ យៀកណាម បន្ត​ពង្រឹង​សាមគ្គីភាព​ជួយ​គ្នា​ទៅវិញ​ទៅមក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រណសិរ្ស​នៃ​ប្រទេស​ទាំង ៣ គឺ កម្ពុជា ឡាវ វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដំណាក់កាល ២០២៤-២០២៧ ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង ៣ ឲ្យ​កាន់តែ​ទូលំទូលាយ រឹងមាំ ព្រមទាំង​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ប្រជាជន​វៀតណាម ក្នុង​ការ​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កម្ពុជា។

កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​អ្នកស្រី ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោក Sinlavong Khoutphaythone ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ និង​លោក Do Van Chien ប្រធាន​គណៈកម្មាធិការ​កណ្តាល​រណសិរ្ស​មាតុភូមិ​វៀតណាម ដែល​ប្រារព្ធ​ធ្វើ​នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​៩ ខែ​មេសា ឆ្នាំ​២០២៤។

លោកស្រី ម៉ែន សំអន បាន​ថ្លែង​ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ ប្រទេស​ទាំង ៣ ក៏​មាន​ឯកភាព​គ្នា និង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដំណាក់កាល ២០២៤-២០២៧ ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​៣ ក្នុង​ការ​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំង ៣ កាន់តែ​ទូលំទូលាយ រឹងមាំ ស្ថិតស្ថេរ គង់វង្ស​យូរ​អង្វែង។

ប្រភព​ដដែល​បាន​លើកឡើង​ថា ជំនួប​ឆ្នាំ​នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​៥ រវាង​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា, គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ និង​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម ដំណាក់កាល ២០២៤-២០២៧។

លោក Do Van Chien ប្រធាន​គណៈកម្មាធិការ​កណ្តាល​រណសិរ្ស​មាតុភូមិ​វៀតណាម បាន​អំពាវនាវ​ដល់​កម្ពុជា និង​ឡាវ ផ្តល់​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ប្រជាជន​វៀតណាម ក្នុង​ការ​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​ទាំង​ពីរ ហើយ​វៀតណាម ក៏​នឹង​ធ្វើ​ដូច​គ្នា​ដែរ​សម្រាប់​ប្រជាជន​មកពី​កម្ពុជា និង​ឡាវ។ ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ប្រធាន​រណសិរ្ស​ទាំង​បី​បាន​ចុះហត្ថលេខា​លើ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​២០២៤-២០២៧។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​សម័យ​ថ្មី​ដែល​បន្ត​វេន​ពី​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ នឹង​ខិតខំ​ប្រែ​ក្លាយ​កម្ពុជា វៀតណាម និង​ឡាវ ឱ្យ​ទៅ​ជា​ប្រទេស​តែ​មួយ ប៉ុន្តែ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម នា​ពេល​អនាគត។

អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អូស្ត្រាលី កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ជាពិសេស​គឺ​ពលរដ្ឋ​ខ្មែរ​ដើមកំណើត​វៀតណាម ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នា​ពេល​សព្វថ្ងៃ​នេះ។

រាល់​ជំនួប​រវាង​មេដឹកនាំ​ខ្មែរ និង​មេដឹកនាំ​វៀតណាម ត្រូវ​គេ​សង្កេត​ឃើញ​ថា មេដឹកនាំ​វៀតណាម តែងតែ​ជំរុញ​ឱ្យ​មេដឹកនាំ​ខ្មែរ​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​ស្នាក់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ឱ្យ​ទៅ​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​ជា​បន្តបន្ទាប់ តាំងពី​ជំនាន់​លោក ហ៊ុន សែន នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​មក​ម្ល៉េះ។

មាន​សំណួរ​ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​សួរ​គ្នា​ទៅវិញ​ទៅមក​ថា៖

  • ហេតុ​អ្វី​បាន​ជា​អ្នកដឹកនាំ​នៃ​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម សឹងតែ​គ្រប់​រូប និង​សឹងតែ​គ្រប់​អាណត្តិ តែងតែ​មក​ប្រាប់​ឲ្យ​អ្នក​ដឹកនាំ​ខ្មែរ យកចិត្ត​ទុកដាក់​មើល​ថែទាំ​ជនជាតិ​របស់​គេ​នៅ​ស្រុក​ខ្មែរ​ឲ្យ​បាន​ដិតដល់?
  • តើ​គេ​យក​សារាចរ​ណែនាំ​ពី​ឆ្នាំ​១៩៨៦ មក​រំឭក ក្រែង​ខ្មែរ​ភ្លេច​គុណូបការៈ​របស់​គេ?
  • ឬ​រដ្ឋអំណាច​ខ្មែរ​មើល​ថែទាំ​គេ​មិន​ទាន់​ដិតដល់?
  • ឬ​មួយ​ក៏​ជា​ទម្លាប់​ជនជាតិ​យៀកណាម ដែល​តែងតែ​រអ៊ូរទាំ​ទាមទារ​ចង់​តែ​បាន​ថែម​មិន​ឈប់ឈរ ដែល​ភាសា​យៀកណាម ថា ឡាំប៉ា​មិន​ចេះ​ចប់​នោះ?

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​និគមជន​វៀតណាម នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ ហើយ​កម្ពុជា​ក៏​កំពុងតែ​អនុវត្ត​នូវ​ការ​ផ្តល់​សិទ្ធិ​រស់នៅ​ដល់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​លើ​ទឹកដី​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ​នៅ​ពេលនេះ។

រំឭក​អំពី​ប្រវត្តិសាស្ត្រ៖ អ្នកប្រាជ្ញ​ក្នុង​លោក​នេះ គេ​និយាយ​ថា មនុស្ស​លោក​នឹង​ដើរ​ជាន់​ដាន​ចាស់ បើ​មិន​រៀន​អំពី​ប្រវត្តិសាស្ត្រ (ឬ​អំពី​អតីតកាល) របស់​ខ្លួន។ សម្ព័ន្ធភាព​បងប្អូន​បី​នាក់ ឬ​បី​នាក់​បង​ប្អូន ទោះ​ជា​ចង់​ដូរ​ឈ្មោះ​ហៅ​ជា​អ្វី​ក៏ដោយ ក៏​នៅតែ​ស្ថិត​ក្នុង​គំនិត​ដើម សហព័ន្ធ​ឥណ្ឌូចិន​ដដែល ដែល​មាន​ឫសគល់​ពី​បក្ស​កុម្មុយនីស្ត​យៀកណាម នៅ​តំបន់​តុងក័ង (ភាគ​ខាងជើង​យៀកណាម) ហៅថា​វៀតណាម កុងសាន ដាង កកើត​ឡើង​នៅ​ឆ្នាំ​១៩២០ និង​ការ​បង្កើត​បណ្ដាញ​សម្ព័ន្ធ​យុវជន ហៅថា ថាញ់នៀន ឆ្នាំ​១៩២៥ និង​ចុងក្រោយ​នៅ​ខែ​តុលា ឆ្នាំ​១៩៣០។

ក្រោយពី​រដ្ឋ​ឥណ្ឌូចិន​ទាំង​បី​បង្កើត​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន នា​ឆ្នាំ​១៩៣០ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៤៥ បក្ស​នេះ​រំលាយ​ចេញ ហើយ​ដូរ​ឈ្មោះ​បក្ស​ក្នុង​ប្រទេស​រៀងៗ​ខ្លួន ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​បក្ស​កុម្មុយនីស្ត​ដដែល។ ខ្មែរ​ហៅថា បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន លាវ​ហៅ ឥណ្ឌូចិន​ផាក់​កុម្មុយនិត យៀកណាម ដាង កុងសាន ដុងដួង។

ក្នុង​ទស្សនៈ​សហព័ន្ធ​ឥណ្ឌូចិន ក្រុង​ហាណូយ ចាត់ទុក​ជា​បង​ធំ ខ្មែរ​ប្អូន​បន្ទាប់ លាវ ប្អូន​ពៅ។ ទេសចរ​ខ្មែរ​ទៅ​លេង​ស្រុក​លាវ និយាយ​ថា៖ ប្រទេស​លាវ សឹងតែ​ពុំ​មាន​ជនជាតិ​លាវ​ម្ចាស់​ទឹកដី​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស