29 C
Phnom Penh

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ក្បត់​ជាតិ​ឯង​កាត់​ទឹកដី​ឱ្យ​បរទេស​ឈ្លានពាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មាន​បាតដៃ​ប្រឡាក់​ឈាម​រាស្ត្រ​ខ្មែរ​ស្លូតត្រង់​ដូច​គ្នា​នឹង​មេដឹកនាំ​ខ្មែរក្រហម​លោក ប៉ុល ពត ប៉ុន្តែ​លោក ហ៊ុន សែន មាន​ចំណុច​អាក្រក់​ខ្លាំង​ជាង នៅ​ត្រង់​ថា គាត់​លួច​ក្បត់​ជាតិ​ខ្មែរ​កាត់​ទឹកដី​ឱ្យ​បរទេស​ឈ្លានពាន។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មេសា នេះ​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃទី​១៧ ខែ​មេសា ពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ចងចាំ​ថា មេដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​បម្រើ​មេដឹកនាំ​ខ្មែរក្រហម​លោក ប៉ុល ពត យ៉ាង​ស្មោះស្ម័គ្រ​ជិត ៣​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៧ ហើយ​ពួកគេ​ទាំង​ពីរ​មាន​បាតដៃ​ប្រឡាក់​ឈាម​ខ្មែរ​ដូច​គ្នា។

លោក សម រង្ស៊ី លើកឡើង​ថា បើ​ទោះបីជា​មេដឹកនាំ​ខ្មែរក្រហម​លោក ប៉ុល ពត បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ប្រល័យ​ពូជសាសន៍​ជាតិ​ខ្មែរ​យ៉ាងណា​ក៏ដោយ ក៏​នៅ​មិន​ដល់​កម្រិត​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ដែរ ព្រោះ​លោក ហ៊ុន សែន មិន​ត្រឹមតែ​ធ្លាប់​សម្លាប់​ខ្មែរ​ដូច​លោក ប៉ុល ពត ទេ ថែម​ទាំង​ជា​ជន​ក្បត់​ជាតិ​ដែល​លួច​កាត់​ទឹកដី​ខ្មែរ​ឲ្យ​ទៅ​បរទេស​ឈ្លានពាន និង​ព្រម​ធ្វើ​ជា​ខ្ញុំកញ្ជះ​បម្រើ​នយោបាយ​បរទេស​ដើម្បី​បំផ្លាញ​ជាតិ​ខ្មែរ​រហូត​ដល់​សព្វថ្ងៃ​នេះ។

ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ធ្លាប់​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺជា​ជន​ក្បត់​ជាតិ​ឯង​ដែល​បាន​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ ប៉ុល ពត ក្នុង​ឋានៈ​ជា​មេទ័ព​ខ្មែរក្រហម​ម្នាក់​ក្រោម​ការ​រៀបចំ​របស់​គណបក្ស​កុម្មុយនីស្ត​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​វៀតណាម អស់​រយៈពេល​ជាង ២​ឆ្នាំ ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

លោក អ៊ុំ សំអាន លើកឡើង​ថា លោក ហ៊ុន សែន បាន​ចូលរួម​បម្រើ​របប​ខ្មៅ​ងងឹត​នេះ​ក្នុង​ឋានៈ​ជា​មេទ័ព​ខ្មែរក្រហម​ម្នាក់ នៅ​ភូមិភាគ​បូព៌ា អស់​រយៈពេល​ជាង ២​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​ពាក់កណ្តាល​ឆ្នាំ​១៩៧៧ ក្នុង​នោះ​លោក ហ៊ុន សែន ក៏​បាន​កាប់​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ជាច្រើន​នាក់​ដែរ ជាពិសេស​ក្នុង​ចំណោម​សហគមន៍​ខ្មែរឥស្លាម​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អះអាង​ថា ក្រោយ​មក​ដោយសារតែ​លោក ហ៊ុន សែន អសមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​វៀតណាម នៅ​តាម​តំបន់​ព្រំដែន ទើប ប៉ុល ពត និង​អង្គការ​ចាត់តាំង​ខាងលើ សម្រេច​ចាត់​វិធានការ​លើ​រូប​គាត់ ហើយ​ដោយសារតែ​ខ្លាច​ថ្នាក់លើ​របស់​ខ្លួន​សម្លាប់ លោក ហ៊ុន សែន ក៏​រត់​ទៅ​ប្រទេស​វៀតណាម សុំ​ឲ្យ​កងទ័ព​វៀតណាម​ជួយ​ការពារ និង​សុំ​ឲ្យ​យក​គាត់​ធ្វើ​ជា​អ្នក​បម្រើ​របស់​ពួកគេ​តាំងពី​ពេល​នោះ​មក។

លោក​បន្ថែម​ថា ការ​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម នៅ​ពេល​នោះ មិនមែន​ដោយសារ​តែ​លោក ហ៊ុន សែន អាណិតអាសូរ​ប្រជារាស្ត្រ​ខ្មែរ​ទេ ប៉ុន្តែ​ដោយសារតែ​គាត់​ខ្លាច​ថ្នាក់លើ​របស់​គាត់​សម្លាប់​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ក្រោយ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជាពិសេស​នៅ​ថ្ងៃទី​១៧ មេសា ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៨៤ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន បាន​ធ្វើ​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ១៧ មេសា ជានិច្ច ពីព្រោះ​ពួកគេ​ចាត់ទុក​ថ្ងៃ​នោះ​ជា​ជ័យជម្នះ​របស់​ខ្លួន និង​បាន​ចោទ​ថា ប៉ុល ពត បាន​ប្លន់​ថ្ងៃ​ជ័យជម្នះ​នេះ​ពី​ពួកគេ ដូច្នេះ​គឺ​មាន​ន័យ​ថា អ្នក​ដែល​បន្ត​វេន​ពិតប្រាកដ​ពី ប៉ុល ពត ក្រោម​ការ​រៀបចំ​របស់​គណបក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​បាន​បង្កើត​ឡើង​ដោយ​វៀតណាម ក្នុង​ឆ្នាំ​១៩៥១ គឺ​លោក ហ៊ុន សែន នេះ​តែម្តង។

អ្នក​សង្កេតការណ៍​លើកឡើង​ថា សព្វថ្ងៃ​នេះ ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​មិនមែន​គ្រប់គ្រង​ដោយ​ច្បាប់​នោះ​ទេ គឺ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធសាធ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិនមែន​គ្រប់គ្រង​ដោយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​នេះ​ដែរ គឺ​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​ហ៊ុន​តែប៉ុណ្ណោះ ចំណែក​ក្រុម​គ្រួសារ​ហ៊ុន ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម​ទាំងស្រុង ដូច្នេះ​មាន​ន័យ​ថា ប្រទេស​កម្ពុជា​គឺ​កំពុង​គ្រប់គ្រង​ដោយ​វៀតណាម​តាមរយៈ​ត្រកូល​ហ៊ុន​យ៉ាង​ណែន​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ និង​បន្ត​ទៅ​ថ្ងៃ​អនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស