39 C
Phnom Penh

តុលាការ​បង្កក​គណនី​ធនាគារ​ពាក់ព័ន្ធ​អ្នកស្រី ឡេង ចាន់ណា ជិត​២០០​គណនី និង​ឱ្យ​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​២៤​នាក់​បន្ថែម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​សៀមរាប សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៥​នាក់ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ដែល​ប្រព្រឹត្ត​អំពើ​ឆបោក​ជាមួយ​អ្នកស្រី ឡេង ចាន់ណា ដោយ​បង្កក​គណនី​ធនាគារ​ចំនួន ១៨៣​គណនី និង​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​មនុស្ស ២៤​នាក់​ថែម​ទៀត។

សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា តុលាការ​បាន​អនុវត្ត​លើ​សំណុំរឿង​ឆបោក​របស់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ដោយ​ចាប់ផ្តើម​បង្កក​គណនី​ធនាគារ​ជិត ២០០​គណនី (១៨៣​គណនី) និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន។

យ៉ាងហោចណាស់ មនុស្ស​ជាង ៣០​នាក់ (៣១​នាក់) ត្រូវ​បាន​ឃុំ​ខ្លួន និង​នាំ​ខ្លួន ព្រមទាំង​ឱ្យ​ចូល​ខ្លួន​មក​កាន់​តុលាការ​ផង​ដែរ​ចាប់ពី​ថ្ងៃទី​១៨ ខែ​មេសា រហូត​ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ។ តុលាការ​ក៏​បាន​ចេញ​ដីកា​ចាត់​ឱ្យ​ស៊ើបសួរ​ជំនួស​ដោយ​បង្គាប់​ឱ្យ​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង​សាវតារ​ជាតិ​របស់​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ថែម​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ អះអាង​ថា សាលាដំបូង​ខេត្ត​សៀមរាប កំពុង​អនុវត្ត​ចំណាត់ការ ហើយ​ក៏​កំពុង​បន្ត​ចាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ឡេង ចាន់ណា ប្រកប​ដោយ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ដែរ ដោយ​ភាព​ត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និង​យុត្តិធម៌ តាម​ច្បាប់ និង​នីតិវិធី​នានា​ជា​ធរមាន។

ប្រភព​ដដែល​បញ្ជាក់​ថា សំណុំរឿង​នេះ​ត្រូវ​ធ្វើការ​ស៊ើបសួរ​ទៅ​លើ​បុគ្គល​ដែល​ជាក់​ពាក់ព័ន្ធ​ច្រើន​នាក់​បន្ត​ទៀត ហើយ​ចំនួន​ជនរងគ្រោះ​ក៏​មាន​ច្រើន​ដែរ ដែល​ទាមទារ​នូវ​ពេលវេលា​សមរម្យ​ក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​អស់​លទ្ធភាព ក្នុង​ន័យ​ស្វែងរក​ការពិត ដើម្បី​ដោះស្រាយ​ជូន​ជនរងគ្រោះ​ដែល​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ទាំងអស់​តាម​នីតិវិធី​ច្បាប់។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មេសា នេះ​ថា អំពើ​ឆបោក​របស់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ មិនមែន​ជាប់​ពាក់ព័ន្ធ​ត្រឹមតែ​បក្ខពួក​ដែល​ធ្វើ​សកម្មភាព​ជាមួយ​អ្នកស្រី ឡេង ចាន់ណា តែ​ប៉ុន្មាន​នាក់​នោះ​ទេ គឺ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ដែល​ជា​អ្នក​មាន​អំណាច​កំពូល​ថែម​ទៀត ដូច្នេះ​តុលាការ​មិន​អាច​បញ្ឈប់​ការ​ស្រាវជ្រាវ​ត្រឹមតែ​ការ​ចោទប្រកាន់ និង​ចាប់​ដាក់​គុក​តែ​បុគ្គល​រងគ្រោះ​ប៉ុន្មាន​នាក់​នោះ​ឡើយ។

លោក គឹម សុខ លើកឡើង​ថា បុគ្គល​ដែល​តុលាការ​ត្រូវ​ស្រាវជ្រាវ​ស៊ើបអង្កេត​មុន​គេ គឺ​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ស៊ាន បូរ៉ាត ដែល​ជា​មនុស្ស​ជាប់​សង្ស័យ​បំផុត​ក្នុង​ការ​គ្រប់គ្រង​សកម្មភាព​ឆបោក​ទាំងអស់​នោះ​កន្លង​មក ខណៈ​ភស្តុតាង​ជា​វីដេអូ និង​រូបថត​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​ក្នុង​ការ​រកស៊ី​ក្នុង​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ នេះ ក៏​មាន​គេ​ទម្លាយ​ច្រើន​ដែរ ដូច្នេះ​តុលាការ​ត្រូវតែ​ចាប់ផ្តើម​ស៊ើបអង្កេត​ពី​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឆបោក​នេះ​ពី​លោក ស៊ាន បូរ៉ាត មុន​គេ ដើម្បី​ស្រាវជ្រាវ​ឱ្យ​ដល់​អ្នក​មាន​អំណាច​នៅ​ពី​ខាងក្រោយ​បន្ត​ទៀត។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ គឺ​នៅ​ត្រង់​ថា មុន​ដំបូង តុលាការ និង​អាជ្ញាធរ​មិន​បាន​អនុវត្ត​ច្បាប់​លើ​ករណី​ឆបោក​របស់​អ្នកស្រី ឡេង ចាន់ណា ទេ ទោះ​មាន​ការ​លើកឡើង​ពី​ពលរដ្ឋ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក្រោយ​បែកធ្លាយ​សំឡេង​អ្នកស្រី ឡេង ចាន់ណា ថា​លោក ហ៊ុន ម៉ាណែត នៅ​ពីក្រោយ​ខ្នង ទើប​អាជ្ញាធរ​ចាប់​ខ្លួន​គាត់​តែម្តង ដូច្នេះ​ដើម្បី​ធានា​ភាព​យុត្តិធម៌​ក្នុង​ករណី​ឆបោក​នេះ ការ​ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​គឺជា​ការ​ចាំបាច់​បំផុត។

កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ «ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស (ជា​ក្រុម​មាន​ការ​ចាត់តាំង)» និង​ចោទប្រកាន់​ពី​បទ «សម្អាត​ប្រាក់» ព្រមទាំង​ចោទប្រកាន់​ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ឬ​ចេញ​សែក​ស្អុយ​ផង​ដែរ។

បន្ទាប់ពី​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ រូបថត​ជាច្រើន​សន្លឹក​ដែល​បាន​ផ្ដិត​ជាប់​រូប​ឧកញ៉ា ឡេង ចាន់ណា ជាមួយ​លោក ស៊ាន បូរ៉ាត បាន​បង្ហាញ​ថា ពួកគេ​ទាំង​ពីរ​នាក់​នេះ​មិន​ត្រឹមតែ​សហការ​គ្នា​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​អាមេរិក​នោះ​ទេ ថែម​ទាំង​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​រឿង​ស្នេហា​ថែម​ទៀត។

ជាក់ស្តែង រូបថត​ជាច្រើន​សន្លឹក​របស់​ឧកញ៉ា ឡេង ចាន់ណា និង​លោក ស៊ាន បូរ៉ាត ត្រូវ​បាន​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត ដួចជា​រូបថត​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​ស្ថិត​ក្នុង​សម្លៀកបំពាក់​ឈុត​គូស្នេហ៍ រូបថត​នៅ​ក្នុង​ភោជនីយដ្ឋាន​ចិន ដែល​ឧកញ៉ា ឡេង ចាន់ណា ឈរ​ឱបដៃ​លោក ស៊ាន បូរ៉ាត រូបថត​ថត​ខ្លួនឯង ឬ​ថត​សែលហ្វី​តែ​ពីរ​នាក់ រូបថត​ទៅ​លំហែ​កាយ​នៅ​ទីតាំង​ធម្មជាតិ​ផ្សេងៗ​តែ​ពីរ​នាក់ ជាដើម។

លើស​ពី​នេះ ក៏​មាន​រូបថត​ដែល​លោក ស៊ាន បូរ៉ាត ចូលរួម​កម្មវិធី​ជួបជុំ​សមាជិក​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី ជាមួយ​អ្នកស្រី ឡេង ចាន់ណា ក្នុង​នាម​ជា​ម្ចាស់​ក្រុមហ៊ុន​នេះ​ផង​ដែរ។ ជាង​នេះ​ទៀត ក៏​មាន​វីដេអូ​ដែល​លោក ស៊ាន បូរ៉ាត បាន​ណែនាំ​ដល់​សមាជិក​រាប់​រយ​នាក់​ក្នុង​សិក្ខាសាលា​អំពី​វិធី​ប្រមូល​លុយ​សម្រាប់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី ថែម​ទៀត។

លោក ស៊ាន បូរ៉ាត ត្រូវ​គេ​ដឹង​ថា​មាន​តួនាទី​ខ្ពស់ៗ​ជាច្រើន​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុង​ជួរ​រដ្ឋាភិបាល ដូចជា​ក្នុង​គណបក្ស លោក​មាន​តួនាទី​ជា​សមាជិក​គណៈកម្មការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​ជា​អនុប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ផង​ដែរ ចំណែក​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល លោក​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស