36 C
Phnom Penh

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ផ្សះផ្សា​ជាតិ​សិន មុន​នឹង​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​របស់​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ធ្វើជា​គំរូ​ក្នុង​ការ​ផ្សះផ្សា​នយោបាយ​ផ្ទៃក្នុង​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ មុន​នឹង​ចូល​ខ្លួន​ទៅ​សម្របសម្រួល​ទំនាស់​នយោបាយ​ផ្ទៃក្នុង​របស់​ភូមា ដោយសារ​ស្ថានភាព​អ្នក​នយោបាយ​ទាំង​ពីរ​នាក់​នេះ​ដូច​គ្នា។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ ឧសភា នេះ​ថា សំណើ​របស់​លោក ហ៊ុន សែន ទៅ​កាន់​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងឡាំង ក្នុង​បំណង​ចង់​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ពី​សំណាក់​របប​សឹក​ភូមា នៅ​ពេលនេះ គឺជា​រឿង​ដែល​គួរ​ឱ្យ​អបអរ​សាទរ​ជាទីបំផុត ប៉ុន្តែ​លោក វ៉ន ចាន់ឡូត បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​បំពេញ​តួនាទី​ក្នុង​ការ​ជួយ​សម្របសម្រួល​វិបត្តិ​ភូមា សព្វថ្ងៃ​នេះ លោក ហ៊ុន សែន គួរតែ​បង្ហាញ​ពី​អភ័យ​ទាន​នយោបាយ​ចំពោះ​អ្នក​នយោបាយ​ខ្មែរ​ក្នុង​រង្វង់​ជាតិ​ឯង​ជា​មុន​សិន ពីព្រោះ​ស្ថានភាព​លោក កឹម សុខា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ និង​ស្ថានភាព​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ពី​សំណាក់​របប​សឹក​ភូមា នៅ​ពេលនេះ គឺ​ដូច​គ្នា។

អ្នក​សិក្សា​ផ្នែក​ច្បាប់​រូប​នេះ​បញ្ជាក់​ថា ទាល់​តែ​លោក ហ៊ុន សែន អាច​ផ្សះផ្សា​នយោបាយ ឬ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​ជា​មុន​សិន នោះ​ទើប​មាន​ឥទ្ធិពល​ក្នុង​ការ​ចូល​ខ្លួន​ទៅ​ដោះស្រាយ​វិបត្តិ​របស់​ប្រទេស​ភូមា។

កាលពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ជួប​ជាមួយ​មេដឹកនាំ​របប​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង តាម​ប្រព័ន្ធ​វីដេអូ ដោយ​ស្នើសុំ​ជួប​ជាមួយ​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​ហេតុផល​ថា ដោយសារតែ​អ្នកស្រី​ធ្លាប់​ជា​សហការី​ជាមួយ​គ្នា​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​កិច្ចការ​អាស៊ាន​កន្លង​មក។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក មីន អ៊ុងឡាំង សន្យា​ថា​នឹង​បញ្ជូន​ប្រេសិត​ពិសេស​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​កម្ពុជា នៅ​ពេល​ខាងមុខ ដើម្បី​បន្ត​ពិភាក្សា​ទៅ​លើ​សំណើ​ទាំងនេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ ឧសភា នេះ​ដែរ​ថា វិបត្តិ​ភូមា និង​វិបត្តិ​នៅ​ប្រទេស​កម្ពុជា មាន​លក្ខណៈ​តែ​មួយ គឺជា​វិបត្តិ​ប្រជាធិបតេយ្យ ហើយ​ការ​ដណ្តើម​អំណាច​ពី​មេដឹកនាំ​ប្រជាធិបតេយ្យ​ក៏​មិន​ខុស​គ្នា​ដែរ។

លោក ម៉ែន ណាត លើក​ជា​សំណួរ​ថា តើ​លោក ហ៊ុន សែន ពិត​ជា​ចង់​ឃើញ​ប្រទេស​ភូមា បញ្ចប់​វិបត្តិ​នយោបាយ​ជម្លោះ​ផ្ទៃក្នុង​ដោយ​ពិតប្រាកដ​មែន​ទេ ឬ​ដើម្បី​តែ​ប្រជាភិថុតិ​នយោបាយ​របស់​គាត់។

លោក​បន្ថែម​ថា បើ​គាត់​មាន​ចេតនា​ចង់​ដោះស្រាយ​វិបត្តិ​នៅ​ភូមា មែន ហេតុ​អ្វី​គាត់​មិន​ដោះស្រាយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ជាតិ​ខ្លួនឯង​ឱ្យ​រួចរាល់​ជា​មុន​សិន។ លោក ម៉ែន ណាត ចោទ​សួរ​បន្ថែម​ថា តើ​វិបត្តិ​ភូមា សំខាន់​សម្រាប់​កម្ពុជា ជាង​វិបត្តិ​របស់​កម្ពុជា​ខ្លួនឯង​ឬ​យ៉ាងណា?

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​លើកឡើង​ថា របៀប​ដឹកនាំ​នៃ​របប​សឹក​ដែល​ចាប់​ឃុំ​ខ្លួន​អ្នកស្រី អ៊ុងសាន ស៊ូជី និង​ផ្ទេរ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​មក​ជា​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ គឺ​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ចំពោះ​លោក កឹម សុខា កន្លង​មក​បេះបិទ។

លោក ម៉ែន ណាត បញ្ជាក់​ថា លោក ហ៊ុន សែន គ្មាន​ឥទ្ធិពល​អ្វី​សម្រាប់​ឱ្យ​របប​សឹក​ភូមា ធ្វើ​តាម​គាត់​នោះ​ទេ ដូច្នេះ​ក្រៅពី​ដោះស្រាយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន​ដោយ​ការ​ស្វែងរក​ការ​បង្រួបបង្រួម​ជាតិ និង​ព្យាយាម​ដឹកនាំ​កម្ពុជា​ឱ្យ​ឃ្លាត​ពី​របៀប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ គឺ​គ្មាន​ជម្រើស​ផ្សេង​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស