32.7 C
Phnom Penh

រដ្ឋាភិបាល​ថៃ​រង​ការ​រិះគន់​ពី​ការ​ប្រើ​ផ្សារ​ជួញដូរ​ជនភៀសខ្លួន​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្បែរ​ខាង​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​លាតត្រដាង​ថា ប្រទេស​ថៃ ហាក់ដូចជា​ផ្សារ​ជួញដូរ​មួយ ឬ Swap Mart ដែល​កំពុង​ត្រូវ​បាន​កំណត់​ជា​ទីតាំង​គោលដៅ​ក្នុង​ការ​ដោះដូរ​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ប្រទេស​ជិតខាង ដោយ​ចាត់​វិធានការ​ខុស​ច្បាប់​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​សុវត្ថិភាព​ក្នុង​ការ​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​របស់​ពួកគេ។

Human Rights Watch បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា អាជ្ញាធរ​ថៃ កំពុង​ជួយ​រដ្ឋាភិបាល​ប្រទេស​ជិតខាង ដូចជា​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ភូមា ជាដើម ដើម្បី​ចាត់​វិធានការ​ខុស​ច្បាប់​លើ​ជនភៀសខ្លួន និង​អ្នក​ប្រឆាំង​មកពី​បរទេស ដែល​ធ្វើ​ឲ្យ​ប្រទេស​ថៃ កាន់តែ​គ្មាន​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​របស់​ពួកគេ។

របាយការណ៍​ដដែល​នេះ​បង្ហាញ​ថា គោលដៅ​នៃ​ការ​គាប​សង្កត់​ឆ្លងដែន​ដែល​មាន​ការ​សហការ​ជាមួយ​ប្រទេស​ជិតខាង ត្រូវ​បាន​កំណត់​ក្នុង​ផ្សារ​ដោះដូរ​ដែល​អ្នក​ប្រឆាំង​បរទេស​រត់​ភៀស​ខ្លួន​ទៅ​រស់នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​គេ​ជួញដូរ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ ដែល​ភៀស​ខ្លួន​ទៅ​រស់នៅ​ឯ​បរទេស។

ត្រង់​ចំណុច​នេះ គឺ​មាន​ន័យ​ថា អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​គេច​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ និង​អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ ហើយ​រត់​គេច​ខ្លួន​ទៅ​រស់នៅ​ប្រទេស​កម្ពុជា ជាដើម នឹង​ត្រូវ​បាន​ដោះដូរ​រវាង​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អ្នកស្រី Elaine Pearson លើកឡើង​ថា អាជ្ញាធរ​ថៃ បាន​បង្កើន​ការ​ចូលរួម​នៅ​ក្នុង «ផ្សារ​ជួញដូរ» ជាមួយ​រដ្ឋាភិបាល​ប្រទេស​ជិតខាង ដើម្បី​ផ្លាស់ប្ដូរ​អ្នក​ប្រឆាំង​គ្នា​ទៅវិញ​ទៅមក​ដោយ​ខុស​ច្បាប់។

អ្នកស្រី​បន្ថែម​ថា នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន គួរតែ​ទម្លាយ​ការ​អនុវត្ត​នេះ ហើយ​កាត់ទោស​មន្ត្រី​ថៃ ដែល​សហការ​ខុស​ច្បាប់​ជាមួយ​រដ្ឋាភិបាល​បរទេស​ដែល​ប្រព្រឹត្ត​លើ​ដី​ថៃ​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ករណី​ផ្ទុះឡើង​នូវ​ការ​ចាប់​ខ្លួន​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ក្នុង​ប្រទេស​ថៃ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​អាជ្ញាធរ​ថៃ ជា​បន្តបន្ទាប់​សព្វថ្ងៃ​នេះ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា សកម្មជន​ថៃ មួយ​ចំនួន ត្រូវ​បាន​សម្លាប់ ឬ​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ជាដើម នា​ពេល​កន្លង​មក ហើយ​ការ​បាត់​ខ្លួន​នេះ ត្រូវ​គេ​សង្ស័យ​ថា​បាន​ធ្វើ​ឡើង​តាមរយៈ​ផ្សារ​ជួញដូរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនេះ។

“Swap mart” ឬ​ផ្សារ​ជួញដូរ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​រដ្ឋាភិបាល​យោធា​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់​របស់​ប្រទេស​ថៃ ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៤ និង​បាន​បន្ត​ប្រើប្រាស់​ក្រោម​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​យោធា​ថៃ លោក ប្រាយុទ្ធ ចាន់អូរចា ចាប់ពី​ឆ្នាំ​២០១៩ មក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២១ ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក សុខ សុក្រឹត្យា បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក Somsak Tepsuthin ចាត់​វិធានការ​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ។

ការ​ធ្វើ​បែប​នេះ ក្នុង​បំណង​ដើម្បី​ជួយ​ទប់ស្កាត់​សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ដែល​តែង​ធ្វើ​សកម្មភាព​រិះគន់​រដ្ឋាភិបាល​កម្ពុជា តាម​បណ្ដាញ​សង្គម និង​បណ្ដាញ​សារព័ត៌មាន​ពី​ក្នុង​ទឹកដី​ថៃ កន្លង​មក។

លោក សុខ សុក្រឹត្យា អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ថៃ និង​កម្ពុជា មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា ហើយ​ថៃ គ្មាន​នយោបាយ​គាំទ្រ ឬ​ផ្តល់​ទឹកដី​ឱ្យ​ជន​ណា​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា លើ​ទឹកដី​របស់​ខ្លួន ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ។

ជា​លទ្ធផល​ក្រោយ​កិច្ចព្រមព្រៀង​នេះ ជនភៀសខ្លួន​ខ្មែរ​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង ដូចជា លោក ផាន់ ផាណា, លោក គង់ រ៉ៃយ៉ា និង​លោក ឡឹម សុខា និង​ក្រុម​គ្រួសារ​របស់​ពួកគេ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​សកម្មជន​នយោបាយ​ទាំងនោះ​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ ដោយសារ​បារម្ភ​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរគុណ​ដល់​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ចំពោះ​ការ​បង្ក្រាប​សកម្មជន​នយោបាយ​ដែល​បាន​ប្រើប្រាស់​ទឹកដី​ថៃ ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា គិត​ត្រឹម​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ៧​នាក់​ហើយ​ដែល​ជ្រកកោន​នៅ​ប្រទេស​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន និង​ឃុំ​ខ្លួន បើ​ទោះ​ពួកគេ​មាន​បណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​នាម​ជា​ជនភៀសខ្លួន​ដែល​ចេញ​ដោយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ហើយ (UNHCR) ក៏ដោយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស