34.7 C
Phnom Penh

ក្រុម​តស៊ូ​មតិ​រិះគន់​ថា​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ធុង​សំរាម​បិទ​ជិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ត្អូញត្អែរ​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង កំពុង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ធុង​សំរាម​បិទ​ជិត ស្រប​ពេល​ដែល​ឧស្សាហកម្ម​គ្រឿងស្រវឹង​ដែល​ភ្ជាប់​ជាមួយ​នឹង​ផល​ប្រយោជន៍​ត្រកូល​ហ៊ុន កំពុង​ធ្វើ​ចរាចរ​គ្មាន​ដែន​កំណត់ និង​កំពុង​បំផ្លាញ​ប្រជាជន​ខ្មែរ​គ្រប់​រូបភាព។

ក្រុម​តស៊ូ​មតិ​កម្ពុជា (CAT) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​នា​ពេល​កន្លង​មក​នេះ ទំនង​ជា​លោក ហ៊ុន ម៉ាណែត គ្មាន​អ្នក​ណា​ប្រាប់​ថា​កម្ពុជា​មាន​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​នោះ​ទេ រួម​ទាំង​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​ផង ក៏​ប្រហែល​មិន​បាន​ប្រាប់​ថា​កម្ពុជា​មាន​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​អំពី​គ្រឿងស្រវឹង ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​លើស​ពី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មាន​តែ​ការ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ ខណៈ​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​មិន​មាន​តម្លៃ​ក្នុង​ការ​អនុវត្ត​ដូច​ច្បាប់​ទេ ព្រោះ​ថា​ច្បាប់​បាន​កំណត់​ជាទូទៅ​សម្រាប់​មនុស្ស​គ្រប់​រូប ខណៈ​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​អាច​នឹង​អនុវត្ត​ដោយ​ចំពោះ​បុគ្គល​ណា​ម្នាក់​ដែល​មិន​មែន​ជា​លក្ខខណ្ឌ​ទូទៅ​ឡើយ។

ក្រុម​តស៊ូ​មតិ​កម្ពុជា​បញ្ជាក់​ថា ក្រោយ​ការ​ប្រកាស​របស់​នាយករដ្ឋមន្ត្រី និង​ការ​អនុវត្ត​របស់​មន្ត្រី​ក្រោម​ឱវាទ​ជុំវិញ​ការ​ទប់ស្កាត់​គ្រឿងស្រវឹង គេ​រក​ឃើញ​ថា អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ទប់ស្កាត់​គ្រឿងស្រវឹង​នេះ គឺ​បាន​ធ្លាក់​ទៅ​ក្នុង​ឧស្សាហកម្ម​គ្រឿងស្រវឹង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​យ៉ាង​ខ្លាំង ខណៈ​យុវជន​ខ្មែរ​ក៏​នៅតែ​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី​ការ​ប្រើប្រាស់​គ្រឿងស្រវឹង​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ច្បាប់​កំណត់​ជាក់លាក់​នេះ​ដែរ។

កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ពិនិត្យ​ឡើងវិញ​អំពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង ដើម្បី​រួម​ចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​អ្នក​បើកបរ​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​បាន​លើកឡើង​ពី​វិធានការ​ច្បាប់​ក្នុង​ការ​អនុវត្ត​ជុំវិញ​ការ​ផលិត ចែកចាយ ឬ​ការ​ប្រើប្រាស់​គ្រឿងស្រវឹង​ឡើយ។

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​រោងចក្រ​ផលិត​គ្រឿងស្រវឹង​ធំៗ​ជាច្រើន កំពុង​ផលិត និង​ចែកចាយ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ដូចជា​រោងចក្រ​ស្រាបៀរ​អង្គរ រោងចក្រ​ស្រាបៀរ​កម្ពុជា រោងចក្រ​ស្រាបៀរ​ហ្គេនស៍បឺក រោងចក្រ​ស្រាបៀរ​វឌ្ឍនៈ រោងចក្រ​ស្រាបៀរ​ហនុមាន រោងចក្រ​ស្រាបៀរ CBL ដែល​មាន​ផលិត​ស្រា​ម៉ាក Heineken, Tiger, Anchor, ABC ជាដើម រោងចក្រ​ស្រាបៀរ​គ្រុឌ រោងចក្រ​ផលិត​ស្រាបៀរ និង​ការ​ផលិត​ស្រា​ជា​លក្ខណៈ​គ្រួសារ​ថែម​ទៀត។

សព្វថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​បាន​ទទួលទាន​គ្រឿងស្រវឹង​តាម​អំពើ​ចិត្ត គ្រប់​ប្រភេទ​ទាំង​ប្រភេទ​ស្រា​ដែល​ផលិត​ដោយ​រោងចក្រ និង​ស្រា​ដែល​ផលិត​ជា​លក្ខណៈ​គ្រួសារ ក្នុង​នោះ​អ្នក​ផលិត​ស្រា​ជា​លក្ខណៈ​គ្រួសារ ភាគច្រើន​បាន​ប្រើ​មេដំបែ​គីមី​គ្មាន​ការ​ត្រួតពិនិត្យ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម និង​ថ្នាំពុល ឬ​សារជាតិ​អេស្កាដេ (SKD) ដាក់​ក្នុង​ស្រា​ដើម្បី​បង្កើន​កម្រិត​អាល់កុល​របស់​ស្រា ជាដើម ដែល​ការ​ធ្វើ​បែប​នេះ បាន​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ស្រា​ប្រភេទ​នេះ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​រដ្ឋាភិបាល​ក៏​មិន​ដែល​មាន​វិធានការ​ច្បាប់​លើ​ការ​ផលិត​នេះ​ឡើយ។

ក្រៅពី​ការ​ផលិត ផ្សព្វផ្សាយ និង​ទទួលទាន​ស្រា​ដោយ​គ្មាន​ការ​កំណត់ ឬ​ការ​ត្រួតពិនិត្យ​ពី​រដ្ឋាភិបាល ក៏​មាន​ការ​គាំទ្រ និង​លើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល ឱ្យ​ក្រុមហ៊ុន​ស្រា​នានា​បង្កើត​កម្មវិធី​ដាក់​រង្វាន់​ក្នុង​សម្បក​កំប៉ុង​ថែម​ទៀត ដូចជា ឡាន ម៉ូតូ លុយ ទូរសព្ទ និង​រង្វាន់​ជា​ស្រា ជាដើម ដែល​ជា​ហេតុ​ជំរុញ​ឱ្យ​មាន​ការ​ទទួលទាន​គ្រឿងស្រវឹង​កាន់តែ​ខ្លាំង។

ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​ប្រើប្រាស់​គ្រឿងស្រវឹង​ទាំងនោះ ដើម្បី​តាម​រក​រង្វាន់ ហើយ​ការ​ផ្សព្វផ្សាយ​ពី​រង្វាន់​ដែល​បាន​មកពី​ការ​ទទួលទាន​គ្រឿងស្រវឹង​ទាំងនេះ គឺ​ធ្វើឡើង​នៅ​តាម​ទី​សាធារណៈ​គ្រប់​ទីកន្លែង ដូចជា​ផ្សព្វផ្សាយ​លើ​ផ្ទាំង​ប៉ាណូ តាម​ដងផ្លូវ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជាដើម។

របាយការណ៍​ចុងក្រោយ​នៃ​លទ្ធផល​ការ​ស្ទង់មតិ​របស់​បណ្ដាញ​ស្រាវជ្រាវ​អាមេរិក Wisevoter កាលពី​ចុង​ឆ្នាំ​២០២៣ បង្ហាញ​ថា កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ផឹក​ស្រា​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ក្នុង​នោះ​គេ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ផឹក​ស្រាបៀរ​ជា​មធ្យម​ចំនួន ៧២​លីត្រ​ក្នុង​មួយ​ឆ្នាំ ខណៈ​ប្រទេស​វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ​៣ ប្រទេស​ឡាវ ជាប់​លេខ​២ ហើយ​ប្រទេស​ថៃ ជាប់​លេខ​៤ សម្រាប់​ឆ្នាំ​២០២៣ កន្លង​ទៅ។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​កាលពី​ឆ្នាំ​២០១៥ បាន​ចែង​ពី​បទប្បញ្ញត្តិ​ចំនួន ១១​ជំពូក ៣៩​មាត្រា ក្នុង​នោះ មាត្រា​២០ ចែង​ថា រដ្ឋាភិបាល​ត្រូវ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​ដើម្បី​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងស្រវឹង​ទាំងនោះ។

ចំណែក​មាត្រា​៣៣ ចែង​ថា អំពើ​លក់ ឬ​ចែកចាយ​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​ដល់​ជន​ដែល​មាន​អាយុ​ក្រោម ២១​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ថ្ងៃ​ទៅ ១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ១​លាន​រៀល​ផង​ដែរ។

យ៉ាងណាក៏ដោយ សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច អនុម័ត​ដើម្បី​អនុវត្ត​ប្រើប្រាស់​ទេ​សព្វថ្ងៃ​នេះ ខណៈ​អំពើ​លក់ និង​ចែកចាយ​គ្រឿងស្រវឹង​កំពុង​រីក​រាលដាល​យ៉ាង​អនាធិបតេយ្យ ចំណែក​ការ​ប្រើប្រាស់​ត្រូវ​គេ​សង្កេត​ឃើញ​ថា កុមារ​ខ្មែរ​ដែល​មាន​អាយុ​ចាប់ពី ១៥​ឆ្នាំ​ឡើង​ទៅ ចាប់ផ្តើម​ក្លាយ​ជា​អ្នក​ប្រើប្រាស់​គ្រឿងស្រវឹង​ដោយ​ផ្ទាល់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស