30 C
Phnom Penh

មន្ត្រី​បក្ស​ជំទាស់​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ដែល​ប្រើ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ផែនទី​ថ្មី​ខ្នាត ១/២៥០០០ ដែល​ខ្លួន​បាន​ប្រើប្រាស់​ក្នុង​ការ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម កន្លង​មក ព្រោះ​ផែនទី​ថ្មី​នេះ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម។

លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ថា ផែនទី​ថ្មី​ខ្នាត ១/២៥០០០ ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម និង​បាន​យក​ទៅ​បោះពុម្ព​នៅ​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ដាណឺម៉ាក គឺ​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ពី​ផែនទី​បោន​ខ្នាត ១/១០០០០០ ដែល​បន្សល់​ទុក​ដោយ​រដ្ឋាភិបាល​បារាំង នៅ​អង្គការ​សហប្រជាជាតិ។

លោក អ៊ុំ សំអាន លើកឡើង​ថា នៅ​អំឡុង​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កែប្រែ​ខ្សែ​ព្រំដែន​លើ​ផែនទី​បោន​ខ្នាត ១/១០០០០០ ចំនួន ៦​តំបន់ ព្រមទាំង​បាន​កែប្រែ​ខ្សែ​ព្រំដែន​ចំនួន ៣១​តំបន់​ទៀត​តាម​ការ​កាន់កាប់​ជាក់ស្តែង​ផង​ដែរ ដោយ​មិន​អនុវត្ត​តាម​ផែនទី​ដែល​រដ្ឋាភិបាល​បារាំង បន្សល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​ឡើយ។

លោក​ថា ដោយសារតែ​បែប​នេះ វៀតណាម​រំលោភ​យក​ដី​ខ្មែរ​តាម​អំពើ​ចិត្ត ខណៈ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​កាត់​ឆ្វៀល​ដី​ខ្មែរ​ឱ្យ​វៀតណាម តាម​អំពើ​ចិត្ត​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ការ​កែប្រែ​ខ្សែ​ព្រំដែន​ដោយ​ប្រើ​ផែនទី​ថ្មី​ខ្នាត ១/២៥០០០ គឺ​កំណត់​ទៅ​តាម​ការ​ដោះដូរ​ដី​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​កម្ពុជា ពេល​ពួកគេ​គប់គិត​គ្នា​តម្រង់​ខ្សែបន្ទាត់​ព្រំដែន ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ គឺ​ប្រាសចាក​ពី​ផែនទី​បោន​ខ្នាត ១/១០០០០០ ដែល​បន្សល់​ទុក​ដោយ​រដ្ឋាភិបាល​បារាំង នៅ​អង្គការ​សហប្រជាជាតិ​ទាំងស្រុង។

ជាក់ស្តែង ការ​ដោះដូរ​ដី​ខ្មែរ​ចំនួន ៣១​តំបន់​ដែល​ជា​ភូមិកំណើត​អតីត​ប្រធាន​រដ្ឋសភា លោក ហេង សំរិន គឺ​ធ្វើ​ទៅ​តាម​ការ​កំណត់​បង្គោល​ព្រំដែន​ចំនួន ៧២​បង្គោល ដែល​កម្ពុជា និង​វៀតណាម បាន​បោះ​នៅ​ចន្លោះ​ឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​១៩៨៨ សម័យ​វៀតណាម​ត្រួតត្រា​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ មិនមែន​បោះ​តាម​បង្គោល​ជំនាន់​បារាំង ចំនួន ១២៤​បង្គោល​នោះ​ទេ ដែល​មាន​ន័យ​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ គឺ​ស្ថិត​នៅ​លើ​ទឹកដី​ខ្មែរ​ទាំងអស់។

កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ លោក ហ៊ុន សែន បាន​អួត​ថា ក្រោម​ការ​បង្កើត​ខ្សែបន្ទាត់​ព្រំដែន​ថ្មី​ដោយ​ប្រើ​ផែនទី​ខ្នាត ១/២៥០០០ ដែល​បង្កើត​មកពី​ផែនទី​ខ្នាត ១/១០០០០០​បោះពុម្ព​នៅ​ប្រទេស​វៀតណាម បាន​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ដី​ពី​ខាង​ភាគី​វៀតណាម ដល់​ទៅ ២០០០​ហិកតា​ឯណោះ។

យ៉ាងណា​ក៏ដោយ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កញ្ញា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ក្លែង​បន្លំ​ខ្សែបន្ទាត់​ព្រំដែន​ទាំង​នៅ​លើ​ដី​ជាក់ស្តែង និង​នៅ​លើ​ផែនទី​ពី​ភ្នែក​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ឧបាយកល​លុប​បំបាត់​ដាន​ប្រវត្តិសាស្ត្រ​ព្រំដែន​កម្ពុជា-វៀតណាម ដើម្បី​ជួយ​ឲ្យ​សម្រេច​មហិច្ឆតា​បរទេស​ឈ្លានពាន​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន សែន កំពុង​បង្កើត​ខ្សែបន្ទាត់​ព្រំដែន​ខុស​ច្បាប់​ថ្មី​ជាមួយ​វៀតណាម ដោយ​ស្ងាត់ៗ តាមរយៈ​ផែនទី​ថ្មី​ខ្នាត ១/២៥០០០ ក្រោម​ពាក្យ​បន្លំ​ថា ដូច​មាន​ក្នុង​ផែនទី​បោន (Bonne) ខ្នាត ១/១០០០០០។

គួរ​កត់សម្គាល់​ថា៖ ការ​ប្រើ​ផែនទី​កំណត់​ភូមិសាស្ត្រ និង​សណ្ឋាន​ដី​មិន​ដូច​គ្នា​ទេ។ ការ​ប្រើ​ផែនទី​ខ្នាត​តូច ដូចជា​ខ្នាត ១/២៥០០០ គឺ​សំដៅ​វាស់វែង​តំបន់​មាន​ផ្ទៃដី​តូច អាច​ផ្តល់​ព័ត៌មាន និង​ទិដ្ឋភាព​នីមួយៗ​ឲ្យ​ឃើញ​ជាក់ច្បាស់​ជាង​ផែនទី​ខ្នាត​ធំ។ នេះ​មាន​ន័យ​ថា ក្រិត ១​មិល្លីម៉ែត្រ​លើ​ផែនទី ស្មើ​នឹង ២៥​ម៉ែត្រ​លើ​ផ្ទៃដី​ផ្ទាល់ បើ​ក្រិត ៤​មិល្លីម៉ែត្រ​លើ​ផែនទី ស្មើ​នឹង ១០០​ម៉ែត្រ​លើ​ផ្ទៃដី​ផ្ទាល់ ឬ​ក្រិត ៤​សង់ទីម៉ែត្រ​លើ​ផែនទី ស្មើ​នឹង ១​គីឡូម៉ែត្រ​លើ​ផ្ទៃដី។

រីឯ​ការ​ប្រើ​ផែនទី​ខ្នាត​ធំ​ដូចជា ១/១០០០០០ គឺ​សំដៅ​វាស់វែង​ផ្ទៃដី​ធំ​ទូលំទូលាយ មាន​រាយ​ព័ត៌មាន​លម្អិត​ច្រើន ប៉ុន្តែ​ពុំ​មាន​បង្ហាញ​ទិដ្ឋភាព​នីមួយៗ​ឲ្យ​ឃើញ​ជាក់ច្បាស់​ដូច​ផែនទី​ខ្នាត​តូច។ យើង​បាន​ផ្សាយ​ជាច្រើន​ដង​ហើយ​ដែរ​ថា នៅ​ឆ្នាំ​១៩៨៥ សម័យ​កងទ័ព​រដ្ឋការ​ក្រុង​ហាណូយ ត្រួតត្រា​កាន់កាប់​ស្រុក​ខ្មែរ កាសែត​បក្ស​ពលករ​យៀកណាម ញ៉ិនហ្ស៊ិន (Nhan Dan) បាន​ចុះផ្សាយ​ព័ត៌មាន​យ៉ាង​លម្អិត​អំពី​ការ​វាស់វែង​កំណត់​ព្រំប្រទល់​ដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​យៀកណាម ដោយ​ប្រើ coordinates ជា​អង្សា និង​មីនុត បត់បែន​ក្ងិចក្ងក់​តាម​ជ្រលង​ដងអូរ តាម​ភូមិ​ដែល​ជនជាតិ​យៀកណាម​ចូល​មក​រស់នៅ​ក្នុង​ដី​ខ្មែរ។ ដូច្នេះ គេ​មិន​បាច់​ឆ្ងល់​ទេ បើ​ប្រើ​ផែនទី​ខ្នាត​តូច គឺ​គេ​វាស់វែង​តែ​តាម​ភូមិ​ស្រុក​ដែល​គេ​ចូល​មក​រស់នៅ​លើ​ទឹកដី​របស់​យើង ពោល​គឺ​កំណត់​ព្រំដែន​លើ​ដី​ខ្មែរ​ដែល​គេ​យក​បាត់​ទៅ​ហើយ​នោះ​តែប៉ុណ្ណោះ។

គួបផ្សំ​នឹង​កិច្ចព្រមព្រៀង​ដាក់​ខេត្ត​ខ្មែរ​បួន​ដើម្បី​អភិវឌ្ឍ​រួម​គ្នា​នឹង​រដ្ឋអំណាច​កុម្មុយនីស្ត​យៀកណាម ហៅថា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា លាវ យៀកណាម ផង​នោះ ពលរដ្ឋ​ខ្មែរ​ខាង​បស្ចិម​ប្រទេស​ដូចជា​បញ្ញវន្ត​ខ្មែរ​នៃ​ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ដែល​មាន​លោក ស្រី ពុធសាវឌី ជា​ប្រធាន មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​កាលពី​ចុង​ខែ​សីហា ថា ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​ផ្តល់​មេរៀន​ជាច្រើន​ជាមួយ​នឹង​ប្រទេស​យៀកណាម ដែល​ទាក់ទង​នឹង​ការ​បាត់បង់​ទឹកដី​តាមរយៈ​ការ​ធ្វើ​សម្បទាន​គ្រប់​ទម្រង់។

ប្រទេស​យៀកណាម មាន​សន្ទុះ​កំណើន​ប្រជាជន​ដែល​ញ៉ាំង​ឲ្យ​មេដឹកនាំ​គេ​អនុវត្ត​គោលនយោបាយ​វាតទី​និយម ដើម្បី​ធានា​លំហ​ជីវិត​ឲ្យ​ប្រជាជន​របស់​ខ្លួន ទោះ​ជា​ត្រូវ​ធ្វើ​យញ្ញបូជា​ប្រជាជន​ខ្មែរ​ទាំងអស់​ក៏ដោយ ពីព្រោះ​ជនជាតិ​យៀកណាម បាន​ចាត់ទុក​ខ្មែរ​ជា​ជនជាតិ​ល្ងង់ និង​អត្តទត្ថ​និយម​ជា​ស្រេច​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស