មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន សម្រេចដកខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកទាំងយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះថា កន្លងទៅនេះ ក្រុមជ្រុលនិយមបានចាប់យកចំណុចតំបន់ត្រីកោណអភិវឌ្ឍន៍ជាអាវុធនយោបាយដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ។
លោក ហ៊ុន សែន លើកឡើងថា ក្រុមប្រឆាំងចោទប្រកាន់ថារាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង៤ នៃភាគឦសាន ឱ្យទៅបរទេស ជាដើម ប៉ុន្តែដោយគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ និងដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កម្ពុជាសុខចិត្តដកខ្លួនចេញពីគម្រោងនេះ។
លោកថា ក្នុងនាមលោកជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត បានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីពេលនេះតទៅ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និងប្រទេសឡាវ រួចហើយដែរ។
ប្រធានព្រឹទ្ធសភារូបនេះអះអាងថា កម្ពុជានឹងបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួនដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និងប្រទេស ជាមួយអាស៊ាន ជាមួយ CLMV ជាមួយ ACMECS ជាមួយ GMS និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
លោក ហ៊ុន សែន បញ្ជាក់ថា ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយកង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ។
ការសម្រេចដកកម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបាតុកម្មតវ៉ាទាមទារជាបន្តបន្ទាប់នៅពេលនេះ។
សកម្មជនខ្មែរក្នុងទីក្រុងឡងប៊ិច លោក មួង ណារ៉េត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ កញ្ញា នេះថា រដ្ឋាភិបាលកម្ពុជាបង្ខំចិត្តដកខ្លួនចេញពីគម្រោង CLV ក្រោយការតវ៉ាប្រឆាំងនឹងគម្រោងនេះជុំទិស ហើយនេះក៏ជាលើកទីមួយដែរក្នុងប្រវត្តិសាស្ត្រដែលលោក ហ៊ុន សែន ព្រមទទួលស្គាល់ជាចំហថាសំឡេងពលរដ្ឋតវ៉ា ពិតជាខ្លាំងមហិមាដែលត្រូវដោះស្រាយ។
លោក មួង ណារ៉េត លើកឡើងថា ជំហានបន្ទាប់ រដ្ឋាភិបាលក៏ត្រូវដោះលែងពលរដ្ឋខ្មែរទាំងអស់ដែលរដ្ឋាភិបាលបានចាប់ខ្លួន និងចោទប្រកាន់រឿងរិះគន់គម្រោងនេះដែរ។ លោកថា នៅប្រទេសប្រជាធិបតេយ្យ បើរដ្ឋាភិបាលទទួលស្គាល់កំហុសបែបនេះ គឺរដ្ឋាភិបាលនឹងចេញសារសុំទោសប្រជាពលរដ្ឋដែលខ្លួនបានលាបពណ៌ថាជាក្រុមជ្រុលនិយម ឧទ្ទាម បដិវត្តន៍ពណ៌ថែមទៀត។
អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជារូបនេះបញ្ជាក់ថា ការទទួលស្គាល់របស់លោក ហ៊ុន សែន ចំពោះអំណាចសំឡេងពលរដ្ឋនេះ មិនមែនជាការដកអាវុធពីដៃពលរដ្ឋអ្នកតវ៉ាទេ តែផ្ទុយទៅវិញ វាគឺជាការបំពាក់អាវុធបន្ថែមទៀតដល់ពលរដ្ឋទាំងនោះ ដែលរឹតតែធ្វើឲ្យសំឡេងពលរដ្ឋតវ៉ាប្រឆាំងភាពមិនត្រឹមត្រូវរបស់រដ្ឋាភិបាល កាន់តែសន្ធឹកសន្ធាប់ និងស្វាហាប់ថែមទៀត។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាងថា លោក ហ៊ុន សែន សម្រេចដកខ្លួនពីគម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ប៉ុន្តែគាត់មិនបានប្រកាសដកខ្លួនពី CLMV (Cambodia-Loa-Myanmar-Vietnam) ទេ ដែលនេះជាល្បិចថ្មីរបស់លោក ហ៊ុន សែន។
លោក អ៊ុំ សំអាន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរដែលទាមទារឱ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ ហើយនេះគឺជាជោគជ័យដ៏ធំមួយរបស់ប្រជាពលរដ្ឋដែលភ័យព្រួយពីការបាត់ទឹកដី។
ចំណែកអ្នកឃ្លាំមើលសង្គម លោក ស៊ឹង សែនករុណា លើកឡើងនៅថ្ងៃទី២០ កញ្ញា នេះដែរថា ជារឿងល្អបំផុតដែលរដ្ឋាភិបាលសម្រេចដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែរឿងស្ដារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យប្រសើរឡើង នៅតែជាបញ្ហានៅឡើយ ព្រោះថាមិនមែនគ្រាន់តែដកខ្លួនចេញពីគម្រោង CLV ហើយអ្វីៗត្រូវបានដោះស្រាយនោះទេ។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ រដ្ឋាភិបាលត្រូវចាប់ផ្តើមពីការដោះលែងអ្នកទោសមនសិការ សង្គម និងនយោបាយទាំងអស់ ព្រមទាំងត្រូវផ្តល់សិទ្ធិសេរីភាពពេញលេញដល់ពលរដ្ឋ និងអ្នកនយោបាយធ្វើសកម្មភាពរបស់ខ្លួនដោយគ្មានការគំរាមកំហែងថែមទៀត។
លើសពីនេះ ក៏ត្រូវផ្តល់សិទ្ធិសេរីភាពសារព័ត៌មាន សង្គមស៊ីវិល សហជីព និងកែទម្រង់បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយការជឿជាក់ និងកែទម្រង់ប្រព័ន្ធយុត្តិធម៌ដោយលុបបំបាត់អំពើពុករលួយ ពង្រឹងលើការអនុវត្តច្បាប់លើជនអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង និងលុបចោលការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ផងដែរ។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា បើរដ្ឋាភិបាលអាចស្ដារប្រជាធិបតេយ្យបានមែន នោះទើបមានការជឿជាក់ថា កម្ពុជាមិនបានផ្តល់ការគាំទ្រយុទ្ធសាស្ត្រគ្រប់គ្រងឥណ្ឌូចិនរបស់ប្រទេសវៀតណាម ដែលធ្វើឲ្យពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់ខ្លួនថាមិនរណបប្រទេសជិតខាង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

