ក្រសួងការងារថៃ បានបូកសរុបតួលេខពលករខុសច្បាប់ឆ្លងដែនចូលទឹកដីរបស់ខ្លួន ដោយបានរកឃើញថា ក្នុងយុទ្ធនាការរយៈពេល ១២០ថ្ងៃ អាជ្ញាធរថៃ បានចាប់ខ្លួនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ មានចំនួនជិត ៤ម៉ឺននាក់។
បើយោងតាមក្រសួងការងារថៃ បានឲ្យដឹងថា ក្នុងយុទ្ធនាការរយៈពេល ១២០ថ្ងៃ អាជ្ញាធរថៃ បានចាប់ខ្លួនពលករខ្មែរចំនួនជិត ៤ម៉ឺននាក់ (៣៩៧៣៦នាក់) ក្នុងចំណោមពលករដែលអាជ្ញាធរថៃ បានឃាត់ខ្លួន គឺមានមួយចំនួនត្រូវបានអាជ្ញាធរថៃ កាត់ទោសរួចរាល់ហើយ ក្នុងនោះមានពលករខ្មែរចំនួន ២៥៩នាក់ដែរ។
ប្រភពដដែលអះអាងថា ពលករដែលបានកាត់ទោសរួចនោះ នឹងត្រូវផាកពិន័យជាទឹកប្រាក់ចំនួនពី ៥ពាន់ទៅ ៥ម៉ឺនបាត ហើយត្រូវបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ និងមិនអនុញ្ញាតឲ្យធ្វើការក្នុងប្រទេសថៃ រយៈពេល ២ឆ្នាំ។
អាជ្ញាធរថៃ តែងតែចុះចាប់ខ្លួនពលករខុសច្បាប់ក្នុងប្រទេសរបស់ខ្លួនដែលគ្មានឯកសារគ្រប់គ្រាន់។ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ កាសែតក្នុងស្រុករបស់ថៃ The Nation បានចុះផ្សាយពីការចាប់ខ្លួនពលករខ្មែរខុសច្បាប់ចំនួន ៣៩៧១នាក់នៅក្នុងយុទ្ធនាការបង្ក្រាបរបស់អាជ្ញាធរថៃ។
អ្នកនាំពាក្យក្រសួងការងារកម្ពុជា លោក កត្តា អ៊ន ធ្លាប់បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកកាលពីពេលកន្លងមកថា ក្រសួងការងារបានបន្តសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ ព្រោះការចំណាកស្រុកខុសច្បាប់ទៅធ្វើការនៅក្រៅប្រទេស អាចប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការអនុវត្តច្បាប់ ការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម និងអំពើហិង្សា។
ប្រភពដដែលអះអាងថា ក្រសួងការងារក៏បន្តអប់រំពលរដ្ឋបង្ការការធ្វើចំណាកស្រុកខុសច្បាប់ និងលើកទឹកចិត្តពលរដ្ឋឲ្យចេញទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ដើម្បីធានាការគោរពសិទ្ធិពលករ សុខសុវត្ថិភាពការងារ និងលក្ខខណ្ឌការងារល្អប្រសើរ។
ប៉ុន្តែអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា បានឲ្យដឹងថា មូលហេតុដែលពលរដ្ឋចំណាកស្រុកខុសច្បាប់ច្រើន ដោយសារកត្តាជីវភាពខ្វះខាត ផលដំណាំដាំដុះរួចរកទីផ្សារមិនបាន ជំពាក់លុយធនាគារ ទីផ្សារពលកម្មផ្សេងៗក្នុងស្រុកពុំគ្រប់គ្រាន់ ជាដើម។
លោកបន្តថា ពលករខ្មែរបានធ្វើចំណាកស្រុកទាំងប្រថុយប្រថានតាមមេខ្យល់ និងតាមសាច់ញាតិរបស់ពួកគេដោយខុសច្បាប់ ពីព្រោះពួកគេគិតថាការធ្វើចំណាកស្រុកខុសច្បាប់ទៅប្រទេសថៃ នោះ មានការចំណាយតិចជាងការធ្វើចំណាកស្រុកស្របច្បាប់ ប៉ុន្តែធ្វើឱ្យពួកគាត់ប្រឈមមុខក្នុងការជួញដូរទាំងផ្លូវភេទ ទាំងកម្លាំងពលកម្ម ជាដើម ហើយចុងបញ្ចប់ ថៃត្រូវចាប់ខ្លួនបញ្ជូនមកប្រទេសវិញដោយចោទថាឆ្លងដែនចូលប្រទេសគេខុសច្បាប់។
លោកបន្ថែមថា រាជរដ្ឋាភិបាលត្រូវបង្កើតទីផ្សារការងារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋរយៈពេលវែង កុំឱ្យកើតឡើងដដែលៗដើម្បីឱ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង។
កម្ពុជាមានពលករចំណាកស្រុកស្របច្បាប់ជាង ១,៣លាននាក់ ដែលបានចេញទៅធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅប្រទេសថៃ ច្រើនជាងគេ ពោលមានដល់ទៅជាង ១,២លាននាក់ តែតួលេខក្រៅផ្លូវការបង្ហាញថាអាចមានច្រើនជាងនេះ ទាំងអ្នកទៅខុសច្បាប់ និងស្របច្បាប់៕