អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ចាត់ទុកពលរដ្ឋខ្មែរណាដែលអះអាងថាកោះគុតជាដែនដីកម្មសិទ្ធិរបស់ប្រទេសថៃ ផ្ដាច់មុខ គឺជាមនុស្សវង្វេងជាតិឯង ព្រោះពួកគេបានកាត់សេចក្តីឱ្យខ្មែរចាញ់ក្តីដោយបំពានលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។
លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ កុម្ភៈ នេះថា ខ្មែរស្នេហាជាតិ ផ្ទុយពីខ្មែរវង្វេងជាតិ។ លោកថា ជាក់ស្តែង លោក រ៉ុង ឈុន គឺជាប្រភេទខ្មែរ «អ្នកស្នេហាជាតិ» ដែលគួរទទួលបានការកោតសរសើរចំពោះវីរភាព និងការលះបង់របស់លោកសម្រាប់មាតុភូមិកម្ពុជា។
ជុំវិញការទាមទារយកកោះគុតនេះ ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងដោយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្តឹងថៃ ទៅតុលាការអន្តរជាតិ ដើម្បីទាមទារចំណែកកម្មសិទ្ធិរបស់ខ្មែរលើកោះគុតត្រឡប់មកវិញ។
ជាក់ស្ដែង ពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានប្រកាសថានឹងធ្វើមហាបាតុកម្មនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្នុងទីក្រុងសេអ៊ូល ក្បែរស្ថានីយរថភ្លើងច្រកលេខ៤ ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត ប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ជុំវិញបញ្ហាកោះគុតដែលប្រទេសថៃ បានរំលោភយកដោយឯកតោភាគីអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនោះ។
ចំណែកពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ក៏ត្រៀមធ្វើមហាបាតុកម្ម និងពិធីសមាជពលរដ្ឋខ្មែរអូស្ត្រាលី-ញូវហ្សេឡេន ស្តីអំពីដំណោះស្រាយបញ្ហាកម្ពុជា ជុំវិញបញ្ហាកោះគុតនេះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះផងដែរ។
ឯកសារប្រវត្តិសាស្ត្រជាច្រើនបង្ហាញថា រដ្ឋាភិបាលខ្មែរជំនាន់មុនៗបានចេញក្រឹត្យទាមទារកោះគុតពីប្រទេសថៃ ជាបន្តបន្ទាប់ ដូចជា ផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ (សម័យបារាំង) ផែនទីសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៧០ (សម័យសម្តេច សីហនុ) ផែនទីសម័យ លន់ នល់ ឆ្នាំ១៩៧២ ផែនទីសម័យខ្មែរក្រហមឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងផែនទីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យលោក ហេង សំរិន ឆ្នាំ១៩៨២ ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

