28.3 C
Phnom Penh

ប្រធាន​ចលនា​យុវជន CNRP នៅ​កូរ៉េ ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​ចរចា​យក​ចំណែក​កោះ​គុត​មក​វិញ​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាល អះអាង​ថា អ្នក​ធ្វើការ និង​រស់នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ ស្ទើរតែ​ទាំងអស់ មិន​ទុកចិត្ត​រដ្ឋាភិបាល​កម្ពុជា​ថា​នឹង​អាច​ចរចា​ជាមួយ​ប្រទេស​ថៃ ជា​លក្ខណៈ​ទ្វេភាគី យក​ចំណែក​កម្មសិទ្ធិ​លើ​កោះ​គុត​ដែល​ថៃ រំលោភ​បំពាន​មក​គ្រប់គ្រង​វិញ​បាន​ទេ។

លោក មាស ពិសាល ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កុម្ភៈ នេះ​ថា ទឹកដី​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ មិន​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទុកចិត្ត​លើ​ឆន្ទៈ និង​សមត្ថភាព​របស់​មេដឹកនាំ​នៃ​គណបក្ស​នេះ​ថា​នឹង​អាច​ការពារ​ទឹកដី​របស់​កម្ពុជា​បាន​ទេ។

ប្រភព​ដដែល​លើកឡើង​ថា កម្លាំង​កងទ័ព​របស់​កម្ពុជា​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​បក្ស​កាន់​អំណាច មិន​មាន​សមត្ថភាព​អាច​ទប់ទល់​នឹង​ប្រទេស​ជិតខាង​ដែល​មាន​បំណង​ឈ្លានពាន​លើ​ទឹកដី​ខ្មែរ​បាន​ឡើយ។

លោក​បន្ត​ថា បើ​ប្តឹង​ករណី​នេះ​ទៅ​តុលាការ​អន្តរជាតិ រដ្ឋាភិបាល​នឹង​ត្រូវ​បញ្ចៀស​នូវ​ការ​សង្ស័យ​គ្រប់​យ៉ាង​ពី​ពលរដ្ឋ​របស់​ខ្លួន ហើយ​បើ​ករណី​នេះ​ចាញ់​ក្តី​ថៃ នៅ​តុលាការ​អន្តរជាតិ​នោះ ពលរដ្ឋ​ខ្មែរ​ក៏​មិន​សង្ស័យ​ថា​មេដឹកនាំ​កម្ពុជា​គប់គិត​ជាមួយ​មេដឹកនាំ​ថៃ ក្នុង​រឿង​នេះ​ដែរ។

លោក​គូស​បញ្ជាក់​ថា ផ្ទុយទៅវិញ បើ​បណ្តឹង​នេះ​ឈ្នះ​ថៃ នោះ​ក៏​នឹង​មិន​នាំ​ឱ្យ​មាន​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​ដែរ ដូច្នេះ​មាន​ន័យ​ថា ការ​ដោះស្រាយ​ករណី​នេះ​នៅ​តុលាការ​អន្តរជាតិ​ល្អ ទាំង​រដ្ឋាភិបាល​រួច​ផុត​ពី​ការ​សង្ស័យ​របស់​ពលរដ្ឋ។

ចលនា​ខ្មែរ​ក្រៅ​ស្រុក​ជាច្រើន ដូចជា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បណ្ដាញ​យុវជន​សកល សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ សមាគម​បេះដូង​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ និង​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ជាដើម បាន​ចេញ​សេចក្តី​ជូនដំណឹង​រួម​គ្នា​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា មហា​បាតុកម្ម​ស្ដីពី​បញ្ហា​កោះ​គុត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ស្ថិត​នៅ​ទីក្រុង​សេអ៊ូល ក្បែរ​ចំណត​រថភ្លើង​លេខ​៤។

ក្រោយ​សេចក្តី​ជូនដំណឹង​នេះ យុវជន​ប្រមាណ​ជា ២ ទៅ ៣​នាក់​ដែល​គេ​ដឹង​ថា​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ​ផ្សព្វផ្សាយ​ដោយ​ការ​ថត​លើក​បដា​ដែល​សរសេរ​ថា ខ្ញុំ​ជា​ពលករ​នៅ​កូរ៉េខាងត្បូង ជឿជាក់​លើ​រដ្ឋាភិបាល​ក្នុង​ការ​ចរចា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ដូច្នេះ​សូម​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង កុំ​ធ្វើ​បាតុកម្ម​ជុំវិញ​បញ្ហា​កោះ​គុត​នេះ។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កុម្ភៈ នេះ​ដែរ​ថា បើ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​បន្ត​ចរចា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ប្រទេស​ថៃ កម្ពុជា​នឹង​មិន​អាច​ទទួល​បាន​ទឹកដី​ដែល​ថៃ បាន​រំលោភ​បំពាន​មក​គ្រប់គ្រង​វិញ​ទេ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ក្រៅពី​លើក​យក​ករណី​នេះ​ទៅ​ដោះស្រាយ​នៅ​តុលាការ​អន្តរជាតិ ពលរដ្ឋ​ខ្មែរ​នឹង​មិន​ជឿជាក់​លើ​វិធានការ​របស់​រដ្ឋាភិបាល​ទាំងអស់ ព្រោះ​ថា​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន​សព្វថ្ងៃ​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ទំនុកចិត្ត ១០០% ទៅ​ហើយ​ពី​រឿង​ការពារ​ទឹកដី​ទាំង​ខាងកើត និង​ខាងលិច៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស