32.9 C
Phnom Penh

លោក ត្រាំ ប្រកាស​ថា​រុស្ស៊ី​កាន់​សន្លឹកបៀ​ទាំងអស់​ក្នុង​ការ​ចរចា ហើយ​ថា​អ៊ុយក្រែន​ពិបាក​និយាយ​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ធ្លាប់​អះអាង​ថា​មាន​តែ​រូបលោក​ទេ​អាច​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ស្រាប់តែ​ពេលនេះ​លោក​បាន​ប្រកាស​ថា ប្រទេស​រុស្ស៊ី កំពុង​គ្រប់គ្រង​សន្លឹកបៀ​ទាំងអស់​នៅ​ក្នុង​ការ​ចរចា​រក​សន្តិភាព​ជាមួយ​ប្រទេស​អ៊ុយក្រែន ខណៈ​លោក​បន្ត​ហៅ​លោក ហ្សេឡេនស្គី និង​ប្រទេស​អ៊ុយក្រែន ថា​ពិបាក​ធ្វើការ​ជាមួយ​គ្នា។

តាម​បណ្ដាញ​សារព័ត៌មាន BBC ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​អង់គ្លេស លោក ត្រាំ បាន​បញ្ជាក់​ដូចនេះ​ដោយ​ថ្លែង​ចេញពី​សេតវិមាន​កាលពី​ថ្ងៃ​សុក្រ ទី​៧ មីនា។ លោក ត្រាំ បាន​រំលឹក​ថា សង្គ្រាម​របស់​លោក ពូទីន នៅ​អ៊ុយក្រែន អាច​នាំ​ទៅ​រក​សង្គ្រាម​លោក​ទី​៣ ខណៈ​លោក​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ឆាប់​បំផុត​ដើម្បី​ពន្លត់​ភ្លើង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន។

ផ្ទុយទៅវិញ ទូរទស្សន៍​អាមេរិកាំង ABC នៅ​ថ្ងៃទី​១០ ខែ​មីនា លោក ត្រាំ កាលពី​ថ្ងៃ​អាទិត្យ បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​នឹង​ចែករំលែក​ការណ៍​សម្ងាត់​គ្រប់​ប្រភេទ​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន វិញ បន្ទាប់ពី​បាន​ផ្អាក​មិន​ចែកចាយ​ទៅវិញ​ទៅមក​មួយ​រយៈ​ក្នុង​ពេល​ដែល​ភាគី​ក្នុង​ជម្លោះ និង​អ្នក​ជួយ​ផ្សះផ្សា​បម្រុង​ជួប​គ្នា​ជា​ថ្មី​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក​ថ្លែង​ប្រាប់​អ្នកកាសែត​ពី​ក្នុង​យន្តហោះ​ប្រធានាធិបតី Airforce 1 ទៀត​ថា ប្រទេស​អ៊ុយក្រែន-រុស្ស៊ី កំពុង​ត្រៀម​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ទិសដៅ​រក​សន្តិភាព​ហើយ។

ដំណាល​ពេល​គ្នា​នេះ ប្រទេស​រុស្ស៊ី ក៏​បាញ់​កាំជ្រួច​ស្រោច​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ឥត​ឈប់​ឈរ​ដែរ ដែល​អ្នកវិភាគ​ថា​ទំនង​ដូចជា​ដាក់​សម្ពាធ​ឲ្យ​អ៊ុយក្រែន ប្រញាប់​ទៅ​រក​តុ​ចរចា។

លោក ត្រាំ ប៉ុន្មាន​ថ្ងៃ​មុន​ពោល​ដោយ​ផ្តើម​សម្ដី​ដូចនេះ​ថា៖ ខ្ញុំ​ដឹង​ច្បាស់​ថា អ៊ុយក្រែន​ចង់​ដោះស្រាយ តែ​ប្រសិនបើ​មិន​ចង់​ឱ្យ​មាន​ដំណោះស្រាយ​ទេ យើង​នឹង​លែង​ដឹង​ឮ​ហើយ។ តាម​ខ្ញុំ​ដឹង អ៊ុយក្រែន​ជា​ភាគី​មួយ​ពិបាក​និយាយ​ណាស់។ លោក​ថា លោក​ចង់​បញ្ចប់​សង្គ្រាម​រយៈពេល ៣​ឆ្នាំ​កន្លង​មក​នេះ ប៉ុន្តែ​លោក ត្រាំ ក៏​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ថ្មី​ទៀត នៅ​ពេល​ឃើញ​រុស្ស៊ី បាញ់​មីស៊ីល​ស្រោច​ទៅ​លើ​ប្រទេស​អ៊ុយក្រែន មុន​កិច្ចចរចា​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នោះ។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ថា តើ​មាន​ជំនឿ​ថា​លោក ពូទីន ចង់​រក​សន្តិភាព? លោក ត្រាំ ឆ្លើយ​ថា Yes គឺ​ពិត​ណាស់ ខ្ញុំ​ជឿជាក់​លោក ពូទីន។

យ៉ាងណា លោក ត្រាំ នៅតែ​អះអាង​ថា លោក ពូទីន កំពុង​គ្រប់គ្រង​សន្លឹកបៀ​ទាំងអស់​នៅ​ចំពោះ​មុខ​ការ​ចរចា​សន្តិភាព​ជាមួយ​អ៊ុយក្រែន។ តាម​លោក ត្រាំ ភាគី​រុស្ស៊ី និង​អ៊ុយក្រែន ចង់បាន​ដំណោះស្រាយ​ដូច​គ្នា។ ដូចនេះ ត្រូវតែ​រួម​គ្នា​ដោះស្រាយ។

មេដឹកនាំ​អ៊ុយក្រែន វិញ លោក ហ្សេឡេនស្គី ក៏​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ភាព​ចាំបាច់​ត្រូវ​គោរព​តាម​គោលការណ៍​ដែល​ថា​បើក​កិច្ចចរចា​សន្តិភាព​សម្រាប់​អ៊ុយក្រែន ទាល់​តែ​មាន​អ៊ុយក្រែន ចូលរួម​ជាមួយ​ផង​ដែរ។

ទោះជា​យ៉ាងណាក្ដី ដំណាល​ពេល​ដែល​ក្រុម​មន្ត្រី​អ៊ុយក្រែន និង​អាមេរិកាំង បាន​ឯកភាព​គ្នា​នឹង​បើក​កិច្ចពិភាក្សា​ជា​ថ្មី​នៅ​សប្តាហ៍​នេះ លោក ហ្សេឡេនស្គី បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា វា​នឹង​អាច​ជា​កិច្ចពិភាក្សា​មួយ​ប្រកប​ដោយ​អត្ថន័យ ដើម្បី​ឆ្ពោះ​ទៅ​ផ្សះផ្សា​ទំនាក់ទំនង​ឡើងវិញ​រវាង​ក្រុង​វ៉ាស៊ីនតោន ក្រុង​មូស្គូ ហើយ​និង​ក្រុង​គៀវ។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​សាជាថ្មី​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ​តាម​អាកាស​ទៅវិញ​ទៅមក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។

កាលពី​ថ្ងៃទី​៧ មីនា លោក ហ្សេឡេនស្គី ក៏​បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នូវ​ការ​វាយប្រហារ​លើ​លំហ​អាកាស ប៉ុន្តែ​ការ​ទទូច​ពី​មេដឹកនាំ​អ៊ុយក្រែន ធ្វើ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​រុស្ស៊ី បើក​ការ​វាយប្រហារ​ជា​ថ្មី​ទៀត​កាលពី​ចន្លោះ​យប់​ថ្ងៃ​សុក្រ​ឈាន​ចូល​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មីនា ដោយ​ផ្តាច់​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ១២​នាក់។

រុស្ស៊ី បាន​វាយប្រហារ​លើ​តំបន់​មួយ​ចំនួន​របស់​អ៊ុយក្រែន ដោយ​ប្រើ​មីស៊ីល​ជិត ៦៩​គ្រាប់ និង​ដ្រូន​ប្រហែល ២០០​គ្រឿង។ តែ​ការ​វាយប្រហារ​របស់​ក្រុង​មូស្គូ ធ្វើឡើង​ក្រោយ​រយៈពេល ២​ថ្ងៃ​ដែល​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​លោក ត្រាំ សម្រេច​កាត់ផ្ដាច់​ផ្កាយរណប​ព័ត៌មាន​ចារកម្ម​ដែល​បាន​ផ្ដល់​ឱ្យ​អ៊ុយក្រែន រយៈពេល ៣​ឆ្នាំ​មក​នេះ ធ្វើ​ឱ្យ​អ៊ុយក្រែន លំបាក​ខ្លាំង​ក្នុង​ការ​ចាប់​សញ្ញា​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី លើ​លំហ​អាកាស​ប្រទេស​អ៊ុយក្រែន។

លោក ត្រាំ បាន​បង្ហោះ​សារ​ដែល​មាន​សេចក្ដី​ដើម​ដូចនេះ​ថា៖ ស្រប​ពេល​ដែល​រុស្ស៊ី កំពុងតែ​បន្ត​វាយប្រហារ​អ៊ុយក្រែន ឥត​សំចៃ​ដៃ​នៅ​លើ​អ៊ុយក្រែន នា​ពេលនេះ ខ្ញុំ​ពិចារណា​ដាក់​ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​ផ្នែក​ធនាគារ និង​ទណ្ឌកម្ម​បន្ថែម​ផ្នែក​ផ្សេងៗ​ទៀត ហើយ​និង​វិធានការ​ពន្ធគយ​ទៅ​លើ​រុស្ស៊ី រហូត​ទាល់តែ​មាន​ការ​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​គ្នា និង​កិច្ចព្រមព្រៀង​សន្តិភាព​ចុងក្រោយ។

តែ​អ្នក​សង្កេតការណ៍​យល់​ថា សារ​ព្រមាន​របស់​លោក ត្រាំ ទៅ​លើ​ក្រុង​មូស្គូ ដូចជា​មិន​ធ្វើ​ឱ្យ​រុស្ស៊ី បារម្ភ​ពេក​ទេ ព្រោះ​លោក ត្រាំ បាន​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ក្រុង​មូស្គូ ឡើងវិញ​ទៅ​ហើយ​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស