29.2 C
Phnom Penh

លោក ពូទីន កំណត់​លក្ខខណ្ឌ​សម្រាប់​បទ​ឈប់​បាញ់ មុន​សម្រេច​ចិត្ត​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​តាម​សំណើ​របស់​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិន​យល់ព្រម​ជាមួយ​នឹង​គំនិត​នៃ​សំណើ​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន ដែល​មាន​រយៈពេល ៣០​ថ្ងៃ តែ​ផ្ទុយទៅវិញ លោក ពូទីន បាន​កំណត់​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​បទ​ឈប់​បាញ់​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ហើយ​យល់ព្រម​ពី​អ៊ុយក្រែន។

ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​មូស្គូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ពូទីន បាន​លើកឡើង​អំពី​សំណើ​បទ​ឈប់​បាញ់​ថា គំនិត​នេះ​គឺ​ត្រឹមត្រូវ ដែល​រុស្ស៊ី គាំទ្រ ប៉ុន្តែ​ចង់បាន​ការ​លម្អិត​បន្ថែម​ទៀត​ទៅ​នឹង​លក្ខខណ្ឌ​មួយ​ចំនួន។

ការ​លើកឡើង​របស់​លោក ពូទីន ត្រូវ​មើល​ឃើញ​ថា មើល​ទៅ​ក្រុង​មូស្គូ ដូចជា​ច្រានចោល​ការ​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ភ្លាមៗ ខណៈ​កងទ័ព​រុស្ស៊ី កំពុង​មាន​ប្រៀប​នៅ​សមរភូមិ។

លោក ពូទីន បញ្ជាក់​ថា បទ​ឈប់​បាញ់​គួរតែ​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ស្ថិតស្ថេរ​យូរអង្វែង និង​លុប​បំបាត់​ឫសគល់​ពិតប្រាកដ​នៃ​សង្គ្រាម​មួយ​នេះ ហើយ​សម្រាប់​រុស្ស៊ី ត្រូវការ​ចរចា​ជាមួយ​សហសេវិក និង​ដៃគូ​សហរដ្ឋ​អាមេរិក ដែ​លោក ពូទីន ថា​នឹង​ទូរសព្ទ​ទៅ​កាន់​លោក ដូណាល់ ត្រាំ។

ការ​បង្ហាញ​ការ​គាំទ្រ​របស់​លោក ពូទីន ដែល​មិន​ច្បាស់លាស់​ចំពោះ​សំណើ​បទ​ឈប់​បាញ់​របស់​អាមេរិក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ចេតនា​របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង រូប​នេះ ដែល​ចង់​បញ្ជូន​សញ្ញា​ប្រាប់​ពី​សុច្ឆន្ទៈ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន និង​បើក​ចំហ​ទ្វារ​សម្រាប់​កិច្ចចរចា​នៅ​ពេល​អនាគត​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

លោក ពូទីន បាន​បន្ថែម​ថា នៅ​មាន​សេចក្ដី​លម្អិត​សំខាន់ៗ​ជាច្រើន​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ ហើយ​ថា​កិច្ចព្រមព្រៀង​ណា​មួយ​ត្រូវតែ​ដោះស្រាយ​ឫសគល់​នៃ​ជម្លោះ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ពូទីន ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​វិមាន​ក្រឹមឡាំង។

ប្រតិកម្ម​ភ្លាមៗ លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បាន​ចាត់ទុក​ការ​ឆ្លើយតប​របស់​លោក ពូទីន គឺជា​ឧបាយកល។

លោក ហ្សេឡេនស្គី បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ី ដោយ​កុំ​ឱ្យ​ចាញ់​ឧបាយកល​នេះ។

ប៉ុន្តែ​លោក ពូទីន ចោទ​ចំៗ​ថា អ៊ុយក្រែន ត្រូវការ​បទ​ឈប់​បាញ់​នេះ​ដើម្បី​ពន្យារ​ពេល​ប្រមូល​កម្លាំង​ទ័ព​ដែល​នៅ​សមរភូមិ​ប៉ុណ្ណោះ។ លោក ពូទីន បញ្ជាក់​ថា ចំពោះ​ឫសគល់​នៃ​បញ្ហា កន្លង​មក​រុស្ស៊ី តែង​លើកឡើង​ពី​ការ​ពង្រីក​ខ្លួន​របស់​អង្គការ​ណាតូ (NATO) និង​អធិបតេយ្យភាព​របស់​អ៊ុយក្រែន។

នៅ​មុន​ពេល​លោក ពូទីន ចេញ​មុខ​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន មាន​មន្ត្រី​ជាន់ខ្ពស់​របស់​វិមាន​ក្រឹមឡាំង លោក Yuri Ushakov បាន​លើកឡើង​ថា បទ​ឈប់​បាញ់​រយៈពេល ៣០​ថ្ងៃ​នៅ​អ៊ុយក្រែន តាម​សំណើ​របស់​អាមេរិក នឹង​មិន​ផ្តល់​ផល​ប្រយោជន៍​ដល់​រុស្ស៊ី ទេ ផ្ទុយទៅវិញ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ៊ុយក្រែន រៀបចំ​កម្លាំង​ឡើងវិញ។

ការ​លើកឡើង​របស់​មន្ត្រី​ជំនួយការ​លោក ពូទីន ធ្វើឡើង​បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី ទទួល​បាន​ជោគជ័យ​ក្នុង​ការ​វាយប្រហារ​នៅ​សមរភូមិ Kursk ស្រប​ពេល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្លាស់ប្ដូរ​គោលនយោបាយ ដោយ​ចាប់ផ្តើម​ផ្ដល់​ជំនួយ​យោធា និង​បើក​ប្រព័ន្ធ​ផ្កាយរណប​ចារកម្ម​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន វិញ។

ទំនង​ដូច​នេះ​ហើយ​បាន​ជា​លោក Ushakov ជំនួយការ​លោក ពូទីន បាន​បញ្ជាក់​ថា សំណើ​បទ​ឈប់​បាញ់​ត្រូវតែ​កែប្រែ​ដើម្បី​ផល​ប្រយោជន៍​រុស្ស៊ី។

លោក Yuri Ushakov ដែល​ជា​អតីត​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​ក្រុង​វ៉ាស៊ីនតោន និង​ជា​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់​លោក ពូទីន បាន​ថ្លែង​ទៅ​កាន់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ថា លោក​បាន​និយាយ​ជាមួយ​លោក Mike Waltz ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ពុធ ដើម្បី​បញ្ជាក់​ជំហរ​របស់​រុស្ស៊ី ថា បទ​ឈប់​បាញ់​មិន​គួរ​គ្រាន់តែ​ជា​ការ​ផ្អាក​ដើម្បី​ឲ្យ​យោធា​អ៊ុយក្រែន រៀបចំ​កម្លាំង​ឡើងវិញ​នោះ​ទេ ហើយ​សំណើ​នេះ​ត្រូវតែ​កែប្រែ​ដើម្បី​គិតគូរ​ពី​ផល​ប្រយោជន៍​របស់​រុស្ស៊ី។

លោក​សង្កត់​ធ្ងន់​ថា កិច្ចព្រមព្រៀង​នេះ​គ្មាន​ផ្តល់​អ្វី​សោះ​សម្រាប់​រុស្ស៊ី ក្រៅតែ​ពី​ផ្ដល់​ឱកាស​ឲ្យ​អ៊ុយក្រែន ប្រមូលផ្ដុំ​កម្លាំង​ឡើងវិញ។

បេសកជន​ពិសេស​របស់​លោក ត្រាំ គឺ​លោក Steve Witkoff កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មូស្គូ ដើម្បី​ពិភាក្សា​អំពី​សំណើ​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន ខណៈ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្ដែង​ក្តី​សង្ឃឹម​ថា រុស្ស៊ី​នឹង​យល់ព្រម​លើ​បទ​ឈប់​បាញ់​រយៈពេល ៣០​ថ្ងៃ​ដែល​អ៊ុយក្រែន បាន​គាំទ្រ។

នៅ​ក្នុង​ជំនួប​នេះ​ហើយ​ដែល​ក្រុម​ទីប្រឹក្សា​លោក ពូទីន បង្វិល​សំណើសុំ​បទ​ឈប់​បាញ់​ដែល​មាន​រយៈពេល​មួយ​ខែ​ទៅ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន វិញ ហើយ​ប្រាប់​ថា​ក្រុង​មូស្គូ ចង់​បន្ថែម​ខ្លឹមសារ​ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឆ្លើយតប​នឹង​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​សង្គ្រាម​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស